Pub ធ្វើពី​កុងតឺន័រ​ដំបូង​គេ​បង្អស់​កំពុងតែពេញនិយម

  • 2016-04-07 16:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​កុងតឺន័រគៗ​គ្នា​នៅ​កំពង់​ផែ  ពេល​នេះ​ឃើញ​គេ​យក​កុង​ទីន័រ​មក​ធ្វើ​ Pub នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ។  K-Race  គឺ​ជា​ហាង​កុងតឺន័រ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​ពី​ការ​ផ្គុំ​កុងតឺន័រជា​ច្រើន​​លាប​ពណ៌​ស្រស់​​ទាក់​ភ្នែក នៅ​លើ​ផ្ទៃដី​ប្រមាណ​២០០​ម៉ែត្រ​ការ៉េ។

 

​​ចាប់​ផ្តើ​មបើក​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៥នេះ ​ តែមានភ្ញៀវចូលមិនដាច់ ។ ​អាច​និយាយ​បាន​ថា​មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​ចង់​ចូល​ភ្លាម​ពេល​បាន​ឃើញ K-RACE ដោយ​សារ​ការ​រចនា​មិន​ធម្មតា តែ​ស្រស់ស្អាត​ ។

 

 

​លក្ខណៈ​ពិសេស​ខុសគេ​មិន​ធ្លាប់​មាន​មួយ​ទៀត​នោះ គឺ​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ​នឹក​ស្មាន​មិន​ដល់​ នៃ​ការ​រចនា​ផ្ទៃខាង​ក្នុង  ដែល​រួម​មាន​ការ​កែច្នៃ​ធុង​សាំង​ដែក​ និង កង់​ឡាន​ ​កង់ម៉ូតូ ធ្វើ​ជា​កៅអី​អង្គុយ  យក​ដែក​ប៉ារ៉ាស​ឡាន​ធ្វើ​ឆាក​តន្ត្រី  យក​គ្រឿង​ខ្ចៅ​ខ្ចង សោឡាន​បិទ​ព្រោង​ព្រៀត​នៅ​តាម​ជញ្ជាំង ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពិភព​មនុស្ស​យន្ត។​ ​​

 

 

ប្រសិន​បើ​អ្នក​បាន​ចូល Pub នេះ ​មិន​ត្រូវ​ខក​ខាន​ចូល​បន្ទប់​ទឹក​នោះ​ទេ ព្រោះ​សូម្បី​តែ​បន្ទប់​ទឹក​ ​ក៏​មាន​ការ​តុប​តែង​ពិសេស​ដែរ  ​ដោយ​គេ​បាន​យក​កង់​ឡាន​ធ្វើ​ជាចានសម្រាប់​លាង​ដៃ​ និង បំពង់​​ចាក់​សាំង​ជា​ក្បាលរ៉ូប៊ីនេ​ទឹក ។​ ​

 

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ប្លែក​អារម្មណ៍​ទៀត​នោះ គឺ Pub មួយ​នេះ បាន​ដាក់​តាំង​មនុស្ស​យន្ត​ធំ​មួយ​នៅមាត់​ទ្វា​រចូល​សម្រាប់​និយាយ​ស្វាគមន៍​ភ្ញៀវ  និង មាន​ការ​តាំង​បង្ហាញ​ឡាន​ទំនើប ម៉ូត​ប្លែកៗ   ដែល​ធ្វើឲ្យ​ភ្ញៀវ​មួយ​ចំនួន​ឃើញ​ហើយ​​ទប់ចិត្ត​មិន​ថត​រូប​មិន​បាន។  ​

 

 

K-Race ​មិន​ត្រឹម​តែ​មាន​ការ​ទាក់​ទាញ​ខ្លាំង​នៅ​ពេល​រាត្រី ដោយ​សារ​ពន្លឺភ្លើង​ចែងចាំងចម្រុះ ពណ៌​នោះ​ទេ  តែ​ប្រព័ន្ធ​សំឡេង និងការ​ប្រគំ​តន្ត្រី Live band ក៏​ទំនើប ​រំពង​ល្អ​ណាស់​ដែរ ។

 

 

ប្រសិនបើ​ភ្ញៀវ​មិនចង់ស្តាប់​ការប្រគំតន្ត្រីសំឡេង​ខ្លាំងៗ ភ្ញៀវក៏អាច​អង្គុយនៅ​សួន​ខាង​ក្រៅ ​ក្រោម​​ពន្លឺព្រះចន្ទ ជជែកគ្នាលេង​ គយគន់​រថយន្ត​ទំនើប និងម៉ូតូម៉ូតប្លែក​ៗ ស្តាប់តន្ត្រីស្រាលៗ​។

 

មិនខុស​ពី Pub ឯទៀតទេ K-Race ក៏តែងរៀបចំកម្មវិធីពិសេស​ដូចជា​  Lady  Night,  Happy Hours  ហើយ​យើង​ក៏ឃើញមាន​ភ្ញៀវខ្លះបាន​ធ្វើខួបកំណើរ​ផ្លុំ​ទៀន កាត់​នំ​ជួបជុំមិត្ត​​ភក្តិ​​នៅ​ទី​នោះផង​ដែរ ។

 

ប្រិយមិត្ត​គិត​ថា​ Pub កុងតឺន័រ​មួយ​នេះ ឡូយ​គួរ​ឲ្យ​ចង់​ចូល​ដែរ​ទេ?

 

K-Race មាន​ទីតាំង​នៅ​​ខាង​លិច​ក្រុមហ៊ុន​ម៉ូប៊ីថែល ចម្ងាយប្រមាណ៤០០ម៉ែត្រពីវិមានឯករាជ្យ៕

 

អត្ថបទ៖ លីដា

រូបថត៖ ផ្តល់ឲ្យ

អត្ថបទពេញនិយម