Sabay FC ធ្វើ​បាន​ល្អ​ជាង​ជើង​ទី​១ ក្នុង​ការ​ប្រកួត​ជាមួយ​មហាហង្ស​យប់​មិញ

  • 2017-07-15 03:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់ Sabay FC នា​យប់​មិញ​នេះ ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បាល់​ទាត់​មហាហង្ស​នា​យប់​មិញ​នេះ​នៅ​ទីលាន​បាល់​ទាត់​របស់​ក្រុម​កីឡាបាល់​ទាត់ វេសស្ទើន បើ​ទោះ​លទ្ធផល​បញ្ចប់ ៣ ទល់ ១ក្ដី។ នេះ​បើ​តាម​ប្រធាន​ក្រុម។

នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​ ៣០នាទី​ដំបូងក្នុង​តង់​ទី​១ ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​មាន​នរណា​ធ្វើ​​បាន​សម្រេច​ទេ។ លុះ​សល់​១០នាទី​ចុង​ក្រោយ មហាហង្ស ធ្វើ​បាន​សម្រេច​ដល់​ទៅ ៣​គ្រាប់។ ដូច្នេះ​បញ្ចប់​តង់​ទី​១ គឺ​មហាហង្ស នាំ​មុខ Sabay FC ៣ ទល់ ០។

ចូល​មក​ដល់​តង់​ទី​២ ការ​ប្រកួត​កាន់​តែ​តាន​តឹង ខណៈ Sabay បាន​សម្រុក ហើយ​មហាហង្ស​ដែល​គាំទ្រ​ដោយ​កីឡាករ​នាំ​លេង (Play Maker) ហេង នរៈកក្កដា ក៏​វាយ​បក​ជា​រឿយ​ៗ បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ក្រុម​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ដែរ។

យ៉ាង​នេះ​ក្ដី នៅ​សល់​ប្រមាណ​១០នាទី​ចប់​ការ​ប្រកួត Sabay FC រក​បាន​មួយ​គ្រាប់​វិញ ក្រោយ​ខ្សែ​ប្រយុទ្ធ ឌុំ វណ្ណៈគំនិត បាន​លោត​ឆ្កឹះ​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី​ចូល​ទី​បាន​សម្រេច បន្ទាប់​ពី​ការ​តែត​ទម្លាក់​យ៉ាង​ល្អ របស់​កីឡាករ សេង ឡុង ជា​ខ្សែ​បម្រើ និង​ជា​ប្រធាន​ក្រុម។ ជា​រួម ក្រុម​ទាំង​ពីរ​បាន​យក​ឈ្នះ​គ្នា​ម្នាក់​មួយ​តង់។ ប៉ុន្តែ​មហាហង្ស​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ហើយ​ឈ្ន ៣ ទល់ ១ ចប់​ការ​ប្រកួត។

បើ​ទោះ​ជា​បរាជ័យ ប៉ុន្តែ​ប្រធាន​ក្រុម Sabay FC កីឡាករ សេង ឡុង បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល។ លោក​ថា ការ​ប្រកួត​យប់​មិញ​នេះ កីឡាករ​គ្រប់​តំណែង​លេង​បាន​ល្អ និង​យល់​ចិត្ត​គ្នា​ជាង​ការ​ប្រកួត​ជើង​ទី​១។ ម្យ៉ាង​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់ ហាក់​ផ្ដើម​សុំា​នឹង​ទីលាន​ធំ(ស្ដង់ដា) ដោយ​មុន​មក​ជួប​ជាមួយ​មហាហង្ស​ទាំង​ពីរ​ជើង គឺ Sabay FC មិន​ដែល​លេង​ទីលាន​ធំ​ស្ដង់ដា​បែប​នេះ​ឡើយ ដោយ​ធ្លាប់​តែ​លេង​តារាង Fusal ។

ដូច្នេះ​ហើយ លោក សង្ឃឹម និង​មាន​ជំនឿ​ថា ក្រុម​របស់​លោក នឹង​អាច​ធ្វើ​បាន​ល្អ​​ទៀត សម្រាប់​ការ​ប្រកួត​បន្តបន្ទាប់​នៅ​លើ​ទីលាន​ស្តង់ដា​បែប​នេះ​នា​ពេល​ខាង​មុខ។ ដោយ​ឡែក​ខាង​មហាហង្ស ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មហាហង្ស​បាន​បាត់បង់​កីឡាករ​ល្អ​ៗ​មួយ​ចំនួន សម្រាប់​ការ​ប្រកួត​យប់​មិញ​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ជ័យជំនះ ៣ ទល់ ១ ក្រុម​ទាំង​មូល​នៅ​តែ​ពេញ​ចិត្ត ព្រោះ​ការ​ប្រកួត​នេះ សំខាន់​បំផុត​គឺ​មិត្តភាព​ប៉ុណ្ណោះ៕

កីឡាករ ហេង នរៈកក្កដា Key Player របស់​ក្រុម​មហាហង្ស

អត្ថបទ៖ ទារិកា