ព្រះរាជ​បណ្ដាំ​ចុង​ក្រោយ​សម្ដេច​រាជ​បុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី សុំ​អង្វរ​យុវជន​ជួយ​ថែ​រក្សា​សិល្បៈ​វប្បធម៌​ជាតិ​ផង

  • 2019-11-19 03:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះបរមរាជវាំង បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ជា​ព្រះរាជ​បណ្ដាំ​ចុង​ក្រោយ​របស់​សម្ដេច​រាជ​បុត្រី ព្រះរៀម​នរោត្តម បុប្ផា​ទេវី "ទេព​នាដ​វដ្ដី​ឯក" ដែល​ព្រះ​រាជបុត្រី​បាន​ផ្ដែផ្ដាំ​ឲ្យ​បង​ប្អូន​កូន​ក្មួយ ពិសេស​យុវជន​ត្រូវ​ជា​ចៅ ចៅ​ទួត ចៅ​លួត​ជួយ​ថែ​រក្សា​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ឲ្យ​គង់​វង្ស​ផង។

នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ជាង ៩នាទី សម្ដេច​ព្រះរាជ​បុត្រី បាន​មាន​ព្រះ​សុវណ្ណី​ឲ្យ​ដឹង​ថា ព្រះអង្គ និង​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ​ផ្សេង​ទៀត ដែល​ទម្រាំ​អាច​ចេះ​ចាំ​សិល្បៈ​វប្បធម៌ និង​របាំ​បុរាណ​ខ្មែរ​បាន ហើយ​យក​មក​បង្ហាត់​បង្រៀន​បន្ត​ដល់​បង​ប្អូន​កូន​ក្មួយ ចៅ​ៗ​ជា​ច្រើន​ជំនាន់​មក​នេះ គឺ​មាន​ការ​លំបាក​ណាស់ ព្រោះ​កាល​ណោះ ប្រទេស​ជាតិ​ស្ថិត​ក្រោម​អាណានិគម​និយម​បារាំង ដែល​អ្វី​ៗ​នៅ​ខ្វះ​ខាត​សព្វ​គ្រប់​នៅ​ឡើយ។

ប៉ុន្តែ​បាន​ព្រះ​គុណ​ព្រះ​មាតា គឺ​ព្រះ​មហាក្សត្រិយានី កុសុមៈ នារីរ័ត្ន ដែល​ព្រះ​អង្គ​បាន​ចំណាយ​អស់​កម្លាំង​កាយពល រួម​ទាំង​ធនធាន​ផ្ទាល់​របស់​ព្រះ​អង្គ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ព្រះ​រាជបុត្រី​ផ្ទាល់​រួម​ទាំង​លោក​គ្រូ អ្នក​គ្រូ​ផ្សេង​ទៀត​ឲ្យ​ចេះ​ចាំ​បាន។ ប៉ុន្តែ​វ័យ​ចេះ​តែ​វិវត្ត លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់ រួម​ទាំង​ព្រះរាជ​បុត្រី​ផង កាន់​តែ​ជរា​ណាស់​ហើយ។ ដូច្នេះ​ហើយ អ្វី​ដែល​ជា​ព្រះរាជ​កង្វល់​របស់​ព្រះ​អង្គ គឺ​ខ្លាច​អត់​ពី​លោក​គ្រូ​អ្នក​គ្រូ​ផ្នែក​សិល្បៈ​បុរាណ​នេះ​ទៅ បង​ប្អូន​កូន​ក្មួយ ចៅ​ៗ មិន​មាន​អ្នក​បន្ត​វេន។

“ពួក​ខ្ញុំ​អាយុ​ច្រើន​ហើយ អីចឹង​ហើយ​មាន​តែ​ក្មួយ ចៅ​ទាំង​អស់​​នេះ...អីចឹង​ខ្ញុំ​សំណូម​ពរ សុំ​អង្វរ​ក្មួយ​ៗ ចៅ​ៗ​ទាំង​អស់​ជួយ​ថែ​រក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង ក្នុង​នោះ​មិន​ត្រឹម​ក្មួយ​ៗ ចៅ​ៗ​ជា​សិល្បករ គឺ​អ្នក​មិន​នៅ​ក្នុង​ផ្នែក​នេះ​ក៏​ដោយ សូម​ជួយ សូម​ពួត​ដៃ​គ្នា​ថែ​រក្សា​សម្បត្តិ​វប្បធម៌​របស់​យើង​ឲ្យ​គង់វង្ស កុំ​អោយ​មាន​អ្នក​ណា ទៅ​អ្វី​ផ្ដេសផ្ដាស​បាន"។

សារ​ពី​ព្រះ​បរម​រាជវាំង ពេញ​មួយ​ព្រះជន្ម នៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ បាន​បូជា​នូវ​ព្រះ​បញ្ញា​ញាណ និង​ព្រះ​កាយ​ពល​ឥត​ខ្លាច​នឿយ​ហត់ ក្នុង​ការ​ថែ​រក្សា ផ្សព្វផ្សាយ​លើក​តម្កើង​វិស័យ​វប្បធម៌​ខ្មែរ ឲ្យ​មាន​ភាព​រីក​ចម្រើន​ល្បី​រន្ទឺ និង​មាន​ការ​ទទួល​ស្គាល់​លើ​សកល​លោក។

ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​ឈាន​ដល់​គ្រា​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះ​រាជបុត្រី គឺ​ព្រះអង្គ​មាន​ព្រះរាជ​កង្វល់​ខ្លាំង​ពី​រឿង​អ្នក​បន្ត​វេន ក៏​ដូច​ជា​អ្នក​ជួយ​ថែ​រក្សា​សម្បត្តិ​វប្បធម៌ សិល្បៈ​បុរាណ​របស់​ខ្មែរ​យើង​ឲ្យ​នៅ​គង់វង្ស។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៦​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ ​នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ព្រះរោគាពាធ។ ​តាម​ព័ត៌មាន ព្រះបរម​សព​សម្ដេច​រាជបុត្រី ​នឹង​ត្រូវ​ដង្ហែ​ពី​​​ទីក្រុង​បាង​​កក​​ ប្រទេស​ថៃ​​​​​ឆ្ពោះ​មក​កាន់​​កម្ពុជា​តាម​​ច្រក​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ វេលា​ម៉ោង ​៦:០០​នាទី​ល្ងាច ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ៕

អត្ថបទ៖ ទារិកា