ផ្លូវជាតិលេខ៣១ បែកគុស-កំពង់ត្រាច នឹង​សង់រួច​១ឆ្នាំមុនកិច្ចសន្យា ក្នុងនោះ​ការងារ​នឹង​បញ្ចប់​ត្រឹមដំណាច់​ខែមិថុនាខាងមុខ

  • 2024-05-06 04:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គឺ​គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ បានឱ្យដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។

មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារដូចជាការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សម្រេចបាន៧៨,៤៣%ហើយ។

គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាព។ ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែងបានធ្វើឡើងដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី