គម្រោងស្ពានផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលណាហើយ?
- 2024-05-16 08:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងស្ពានផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលណាហើយ?
ចន្លោះមិនឃើញ
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានជាប់ក្នុងដំណាក់កាលជម្រុះកាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។
បើតាមឯកឧត្តមអ្នកនាំពាក្យ នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈានទៅដល់ការកំណត់កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ ពេលវេលាជាក់លាក់បាននៅឡើយនោះទេ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលកន្លងមកថា គម្រោងសាងសង់ស្ពាននេះ គ្រោងនឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៤ ខាងមុខ។
លោក Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចបើកការដ្ឋានសាងសង់បាននាអំឡុងដើមឆ្នាំ២០២៥។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕