ត្រឹម៥ខែប៉ុណ្ណោះ! បដិមាបុរាណខ្មែរជាច្រើន ត្រូវបានជីកកំណាយរកឃើញ និង​វិលត្រឡប់ពីបរទេស

  • 2024-05-15 08:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល ៥ខែចុងក្រោយនេះ គិតពីខែធ្នូ ឆ្នាំ​២០២៣ ដល់ខែមេសា ឆ្នាំ​២០២៤ កម្ពុជា បាន​ប្រទះឃើញបដិមាខ្មែរបុរាណជាច្រើន និង​ទទួលបានពីមិត្តបរទេស​​ផងដែរ។

១. ក្នុងខែធ្នូ ឆ្នាំ​២០២៣ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹង​ពី​ការបញ្ជូនត្រឡប់មកវិញ​នូវវត្ថុបុរាណខ្មែរ​ចំនួន១៤ ពីសារមន្ទីរ MET នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង១៤ រួមមាន៖ ស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ ស.វទី១០ ដែល​តាមភស្តុតាងពីសាក្សី ត្រូវបាន​លួចយក​នៅឆ្នាំ​១៩៩៧ ដោយ​ប្រអប់​ជើងជាប់​ជាមួយជើង​ទម្របដិមានេះ បាន​រកឃើញ​តាមរយៈ​ការធ្វើកំណាយ​នៅឆ្នាំ​២០២១ នៅក្នុងរមណីយដ្ឋាន​អតីត​រាជធានី​កោះកេរ, ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ ស.វទី១០ ដែល​ដងខ្លួន​បដិមាស្ថិតនៅ​សារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែល​សារមន្ទីរ MET បានទិញពីលោក​ ឌូគ្លាស ឡាដហ្វដ នៅឆ្នាំ​១៩៩២។

២. ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៣ អាជ្ញាធរជាតិអប្សរា បាន​ប្រកាស​ថា ក្រុមការងារ​ជូសជុល​ប្រាសាទបុរាណ​នៅការដ្ឋាន​ប្រាសាទតាព្រហ្ម បានប្រទះឃើញ​ចម្លាក់បដិមាបុរាណ​ធ្វើពីថ្មភក់ចំនួន៦ដុំ។ ចម្លាក់ថ្មបុរាណ​ទាំងនោះមានដូចជា រូបព្រះពុទ្ធ​គង់ភ្នែនប្រក់នាគចំនួន២, រូបលោកកេស្វរៈចំនួន១, រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។

៣. នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២៤ លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅកំឡុងស.វ.ទី៧ ក្នុងរចនាបថភ្នំដា។ រូបព្រះពុទ្ធបដិមាទាំងពីរ អង្គនេះ រួមមាន៖ ១-ព្រះពុទ្ធសមាធិ៖ មានកម្ពស់ប្រហែល ៨០ស.ម និងព្រះភ្នែនប្រហែល ៦៧ស.ម។ ២-ព្រះពុទ្ធទីបង្ករ៖ មានកម្ពស់ប្រហែល ១៥០ម៉ែត្រ ជើងទម្រប្រហែល ៦៧ស.ម។

៤. ខែកុម្ភៈ ឆ្នាំ​២០២៤ កម្ពុជា ទទួលបានវិញ​ចម្លាក់ពុទ្ធបដិមា ពី​ប្រទេសស្វីស។ ចម្លាក់ព្រះពុទ្ធបដិមា ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កំពស់ ៤៩ ស.ម។ អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ហើយសន្មតថាមានអាយុកាលជាង ១០០០ឆ្នាំ។ យ៉ាងណាមិញ យោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) ដោយផ្អែកលើទម្រង់ និងរចនាបថ ចម្លាក់នេះគឺជារូបបដិមាព្រះពុទ្ធផ្ចាញ់មារ ផលិតឡើងពីលោហៈ ដែលមានអាយុកាលតាំងពីសតវត្សទី១៨ ឬទី១៩។

៥. ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៤ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា  បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី