បវរកញ្ញា និងបុរសឯកពោរពេញដោយសម្រស់ និងសមត្ថភាព ៤រូប ត្រូវបំពាក់មកុដ និងឈៀងផ្លូវការព្រមៗគ្នា

  • 2025-10-27 02:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមិនធម្មតានោះឡើយ ស្ថាប័ន Cambodia International Models បានរៀបចំពិធីបំពាក់មកុដ និងឈៀងផ្លូវការជូនបវរកញ្ញា និងបុរសឯកពោរពេញដោយសម្រស់ និងសមត្ថភាព ៤រូប ព្រមៗគ្នា ខណៈអ្នកគាំទ្រហ៊ោបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។

កញ្ញា ខន មុំឧត្តមសូរិយារតនទេវី ហៅ ខន សូរិយា Miss World Cambodia 2026, លោក ជា រ៉ាយម៉ុន Mr World Cambodia 2025, កញ្ញា សូរ ពេជ្រវលក្ខណ៍ ម្ចាស់មកុដ Miss International Cambodia 2025 និង កញ្ញា ហ៊ែល សារលាភី Miss CosmoWorld Cambodia 2025 ទាំង ៤រូបខាងលើនេះជាបវរកញ្ញា និងបុរសឯកពោរពេញដោយសម្រស់ សមត្ថភាព ចំណេះដឹង ដែលក្រុមហ៊ុន Cambodia International Models ហៅកាត់ CIM ទើបរៀបចំពិធីបំពាក់មកុដ និងការបំពាក់ឈៀងជាផ្លូវការ កាលពីរាត្រីថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ ដោយមានការចូលរួមពី ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ លោកជំទាវ នៅ សុនិតា អនុប្រធាន សមាគមសិល្បករខ្មែរ សិល្បករ-សិល្បការនី បវរកញ្ញា-បុរសឯក និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ថ្លែកក្នុងពិធីបំពាក់ឈៀង និងគ្រងមកុដ កញ្ញាឯកកម្ពុជា ២០២៥ លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models លើកឡើងថា ឆ្នាំនេះយើងពុំមានការរៀបចំការប្រកួតថ្នាក់ជាតិឡើយ ប៉ុន្តែការជ្រើសរើសតែងតាំងម្ចាស់តំណែងធំ ៤រូប ខាងលើនេះ មិនមែនជារឿងចៃដន្យឡើយ។ យើងបានគិតពិចារណាយ៉ាងល្អិតល្អន់ពីរូបសម្បត្តិ អត្តចរិក ការតាំងចិត្ត ភាពអត់ធ្មត់ និងថាមពលរស់រវើករបស់បវរកញ្ញា និងបុរសឯក រួមទាំងការលះបង់សម្រាប់សង្គមជាតិផងដែរ។

លោកបន្តថា ខ្ញុំបានមើលឃើញមតិផ្សេងៗជាច្រើនលើបណ្តាញសង្គម ទាំងមតិវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែ អ្វីដលខ្ញុំចង់បញ្ជាក់ឱ្យដឹងនោះ គឺការសម្រេចជ្រើសរើសតែងតាំងបវរកញ្ញា ឬបុរសឯកណាម្នាក់ឱ្យតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ មិនមែនជារឿងងាយស្រួលទេ យើងត្រូវមើលថា បុគ្គលម្នាក់នោះមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ត្រូវនឹងអ្វីដែលកម្មវិធីអន្តរជាតិត្រូវការឬអត់? គាត់ជាមនុស្សមានឆន្ទៈចង់ឈ្នះដើម្បីកម្ពុជាឬអត់? មានឆន្ទៈមុតមាំ ជាមនុស្សអត់ធ្មត់ និងមានទំនោរលើការសង្គមឬអត់? ព្រោះពាក្យថា បវរកញ្ញា និងបុរសឯក មិនមែនមានត្រឹមតែសម្រស់មួយមុខ តែត្រូវមានធាតុផ្សំជាច្រើនទៀត។

ឆ្លៀតឱកាសនេះ ក៏សូមថ្លែងអំណរគុណដល់ ឧកញ៉ា ចិន សំណាង CEO of CSNJ បុគ្គលដ៏សំខាន់ម្នាក់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងវិស័យបវរកញ្ញាឱ្យមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងបានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន CIM ឱ្យបន្តបង្កើតសកម្មភាពជំរុញវិស័យបវរកញ្ញាឱ្យរីកធំធាត់ ស្របតាមចក្ខុវិស័យរបស់យើងដែលចង់ឱ្យវិស័យបវរកញ្ញារីកចម្រើនលូតលាស់ប្រកបដោយគុណតម្លៃ និងភាពថ្លៃថ្នូរក្នុងនាមជនគំរូក្នុងសង្គមជាតិ៕

អត្ថបទថ្មី