យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ក្រោមទិសស្លោក «បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា»
- 2026-11-04 11:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ក្រោមទិសស្លោក «បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា»
ចន្លោះមិនឃើញ
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានរៀបចំពិធីបើកសម្ពោធយុទ្ធនាការជាផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ដោយបានប្រកាសដាក់ចេញនូវផែនការសកម្មភាពផ្តោតលើគោលគំនិតស្នូល៣ គឺ ប្រតិបត្តិស្អាត ចិត្តស្អាត និងឥរិយាបថស្អាត។ យុទ្ធនាការប្រចាំឆ្នាំនេះ មានគោលដៅជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមកសាងសង្គមស្អាតស្អំ ទាំងផ្នែកបរិស្ថាន ស្មារតី និងការប្រកបអាជីវកម្មប្រកបដោយសីលធម៌។ 
ពិធីប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត ឯកឧត្តម ហួត ហៃ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា រួមមាន ក្រុមហ៊ុនឯកជន សិល្បករ អ្នកសារព័ត៌មាន សិស្សានុសិស្ស និងយុវជនស្ម័គ្រចិត្តស្អាតជាច្រើនរូបផងដែរ។ 
ចាប់តាំងពីឆ្នាំ២០១៧ មក យុទ្ធនាការភ្នំពេញស្អាតបានវិវត្តជាបន្តបន្ទាប់។ ដំបូង យុទ្ធនាការនេះផ្តោតលើការគ្រប់គ្រងសំរាម ការកាត់បន្ថយ និងការកែច្នៃសំរាម។ បន្ទាប់មក បានឈានដល់ការលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម។ ក្នុងឆ្នាំ២០២៦នេះ យុទ្ធនាការភ្នំពេញស្អាតត្រឡប់មកវិញក្រោមពាក្យស្លោក «បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា»។ ដើម្បីសម្រេចបាននូវទិសដៅនេះ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានដាក់ចេញនូវគម្រោងសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន៖
ផ្តោតលើការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងយុវជនអំពីការធ្វើអាជីវកម្មប្រកបដោយសីលធម៌ ភាពស្មោះត្រង់ តម្លាភាព និងគុណភាព ព្រមទាំងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ជុំវិញខ្លួន និងការបង្កើតតម្លៃដល់សង្គមជាតិ តាមរយៈការផលិតវីដេអូ និងកិច្ចសហការជាមួយអ្នកផលិតមាតិកា និងដៃគូផតខាស ដើម្បីចែករំលែកបទពិសោធន៍ និងរឿងរ៉ាវពិតពីម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ។ 
មានគោលបំណងអប់រំផ្លូវចិត្តឱ្យមានចិត្តជ្រះថ្លា និងបណ្តុះផ្នត់គំនិតវិជ្ជមាន តាមរយៈកម្មវិធី «ចិត្តស្អាត ខ្មែរស្អាត» ដែលមានការប្រគេនឱវាទដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព អមដោយលោកគ្រូ នឹម ឈុន្នី និងអ្នកគ្រូ យឹម សុធារី។ កម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាសប្តាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២៦ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រើប្រាស់ប្លាស្ទិក។ 
ផ្តោតលើការប្រមូលផ្តុំទិដ្ឋភាពវិជ្ជមាននៃយុទ្ធនាការ និងបទពិសោធន៍របស់អ្នកស្ម័គ្រចិត្ត ដើម្បីបណ្តុះស្មារតីក្នុងការផ្លាស់ប្តូរឥរិយាបថ និងលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ស្អាតក្នុងជីវិតប្រចាំថ្ងៃ។ គម្រោងនេះនឹងផលិតវីដេអូបទសម្ភាសន៍ប្រមាណ ១០ ភាគ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តយុវជនឆ្នើម ក្រុមការងារស្នូល និងយុវទូតភ្នំពេញស្អាត ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងការផ្លាស់ប្តូរផ្នត់គំនិតក្នុងការចូលរួមបម្រើសង្គម។ 
យុទ្ធនាការភ្នំពេញស្អាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ ក្រុមការងារផលិតមាតិកា និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតកម្ពុជាឱ្យកាន់តែស្រស់បំព្រង និងប្រកបដោយចីរភាព៕ 