GS25 បើកសម្ពោធសាខាចម្បងរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា

  • 2026-11-20 07:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


GS25 ដែលជាក្រុមហ៊ុនយក្សហាងលក់ទំនិញចម្រុះ (convenience store) របស់កូរ៉េខាងត្បូង បានចូលមកកាន់ទីផ្សារលក់រាយរបស់កម្ពុជាជាផ្លូវការ ដោយបានបើកដំណើរការសាខាចម្បងរបស់ខ្លួននៅរាជធានីភ្នំពេញ ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រោមការប្រតិបត្តិការរបស់ក្រុមហ៊ុនមេ GS Retail ទីតាំងនៃសាខាចម្បងបានបើកដំណើរការនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម អូឡាំព្យា (Olympia) ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កាលពីខែតុលា GS Retail បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មមេ (master franchise agreement) ជាមួយ Meta Retail Cambodia ដោយមានផែនការពង្រីកបើកហាងចំនួន ៥០០ ទីតាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ កម្ពុជាគឺជាទីផ្សារទីបីរបស់ GS25 នៅក្នុងផែនការពង្រីកអាជីវកម្មនៅក្រៅប្រទេស ដែលបច្ចុប្បន្នក្រុមហ៊ុនមានហាងកំពុងដំណើរការជាង ៧៤០ ទីតាំង នៅប្រទេសវៀតណាម និងម៉ុងហ្គោលី។ ហាង flagship ទំហំ ៣០០ ម៉ែត្រការ៉េ ស្ថិតនៅតំបន់អូឡាំព្យាដ៏មមាញឹកក្នុងរាជធានីភ្នំពេញមួយនេះ នឹងនាំមកនូវភាពរំភើបដល់អតិថិជនកម្ពុជា តាមរយៈបទពិសោធន៍ហាងលក់ទំនិញចម្រុះបែបកូរ៉េដ៏ពិសេស ដែលបង្ហាញពីចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះអាហារតាមដងផ្លូវ ផលិតផល និងវប្បធម៌កូរ៉េ ជាពិសេសផលិតផលម៉ាកផ្ទាល់ខ្លួនរបស់ GS25 ដូចជា YOUUS, Real Price និងម៉ាកផលិតផលថែរក្សាសម្រស់បែបកូរ៉េ Son&Park។

ក្រៅពីផលិតផលម៉ាកផ្ទាល់ខ្លួន ហាងក៏ផ្តល់ជូននូវម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខផងដែរ ដូចជា កាហ្វេ (Café25) មាន់បំពង (Chicken25) តុកប៉ូគី (tteokbokki) ស៊ុបអូមុក (eomuk soup) និងអាហារស្រាប់ផ្សេងៗទៀត រួមមាន គីមប៉ាប់ត្រីកោណ (sangak gimbap) គីមប៉ាប់ នំសាំងវិច និងប៊ឺហ្៏របែបកូរ៉េ ដែលមានគោលបំណងទាក់ទាញអ្នកប្រើប្រាស់ជំនាន់ Gen-Z យុវជនដែលកំពុងធ្វើការ និងប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

ចាប់តាំងពីចូលមកកាន់ទីផ្សារ បណ្តាញហាងលក់រាយដែលកំពុងរីកចម្រើនរបស់ GS25 បានដើរតួនាទីជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏មានឥទ្ធិពល។ ការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន បានបង្កើតឱកាសការងារដោយផ្ទាល់ជាង ១,០០០ កន្លែង នៅទូទាំងផ្នែកប្រតិបត្តិការហាង ការគ្រប់គ្រងវេន ការត្រួតពិនិត្យស្តុក និងមុខងាររដ្ឋបាលនៅការិយាល័យកណ្តាល។ ដោយត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសចូលធ្វើការសម្រាប់អ្នកចាប់ផ្តើមដំបូង ការកំណត់ម៉ោងធ្វើការដែលអាចបត់បែនបាន និងវេនធ្វើការក្រៅម៉ោង GS25 ផ្តល់ប្រាក់ចំណូលមានស្ថិរភាពដល់និស្សិតសាកលវិទ្យាល័យ និងអ្នកស្វែងរកការងារធ្វើលើកដំបូង ខណៈដែលជំរុញការជ្រើសរើសបុគ្គលិកប្រកបដោយបរិយាបន្ន នៅគ្រប់ស្ថានភាព វ័យ និងខេត្តទាំងអស់។

នៅចំកណ្តាលនៃគំរូកំណើនរបស់ GS25 គឺយុទ្ធសាស្ត្រដ៏មុតមាំមួយក្នុងការផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងផលិតករកសិកម្មកម្ពុជា។ GS25 ផ្តល់ឱ្យអាជីវកម្មខ្នាតតូច សិប្បករផលិតចំណីអាហារ និងកសិករ នូវលទ្ធភាពទទួលបានទីតាំងដាក់តាំងលក់ដោយផ្ទាល់នៅលើធ្នើរលក់រាយដែលមានចរាចរណ៍ខ្ពស់ទូទាំងប្រទេស។ តាមរយៈកិច្ចព្រមព្រៀងទិញទំនិញរយៈពេលវែងប្រកបដោយយុត្តិធម៌ និងការណែនាំផ្នែកបច្ចេកទេសលើសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងការអនុលោមតាមស្តង់ដារគុណភាព GS25 ជួយឱ្យម៉ាកផលិតផលក្នុងស្រុកពង្រីកទំហំផលិតកម្ម និងប្រកួតប្រជែងជាមួយផលិតផលអន្តរជាតិ។

ខណៈដែល GS25 បន្តពង្រីកទៅកាន់ខ្សែក្រវាត់ពាណិជ្ជកម្មសំខាន់ៗ និងទីប្រជុំជនតាមបណ្តាខេត្ត ម៉ាកយីហោនេះនៅតែប្តេជ្ញាប្រតិបត្តិការជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ — ដោយលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងគាំទ្រសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា។

ជាមួយនឹងការដាក់ដំណើរការរបស់ GS25 កម្ពុជាបានចូលរួមជាមួយទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលកំពុងទទួលយកហាងលក់ទំនិញចម្រុះបែបកូរ៉េ។ អតិថិជនក្នុងស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ «បទពិសោធន៍បែបកូរ៉េ» ពិតប្រាកដ ដែលទទួលបានការបំផុសគំនិតពីឥទ្ធិពលសកលនៃ K-pop និង ភាពយន្តកូរ៉េ៕

ដោយ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី