ឧស្សាហកម្ម​រឿងភាគ​ទូរទស្សន៍​កូរ៉េខាងត្បូង​ដង្ហោយរកជំនួយ​៧៤៦លានដុល្លារ ក្រោយ​ផលិតកម្ម​ធ្លាក់​ចុះ​

  • 2026-11-05 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមឧស្សាហកម្មភាពយន្ត​ចំនួន ១២ នៅប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្រ និងបង្កើតមូលនិធិវិនិយោគចំនួន ១ទ្រីលានវ៉ុន ឬប្រមាណ ៧៤៦លានដុល្លារ ដើម្បីជួយស្តារឧស្សាហកម្មផលិតរឿងភាគទូរទស្សន៍កូរ៉េ ដែលកំពុងប្រឈមនឹងហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង។ នេះ​បើ​តាមកាេចុះផ្សាយ​របស់​ Reuters កាល​ពី​ថ្ងៃទី​៤ ខែវិបច្ឆិកា ឆ្នាំ២០២៦​។

តាមសមាគមផលិតកម្មរឿងភាគកូរ៉េ (K-Drama) ចំនួនរឿងភាគដែលផលិតក្នុងប្រទេសបានធ្លាក់ចុះប្រមាណ ៣០% ពី ១៤១រឿងក្នុងឆ្នាំ២០២២ មក​នៅ​១១៥​រឿងនៅ​ឆ្នាំ​២០២៥​។ ចំណែកបណ្តាញទូរទស្សន៍ធំៗចំនួន ៣ បានកាត់បន្ថយការផលិតរឿងភាគពី ៩១រឿងក្នុងឆ្នាំ២០១២ មកនៅត្រឹម ៣២រឿងក្នុងឆ្នាំ២០២៣ ហើយបណ្តាញមួយចំនួនបានបញ្ឈប់ការផ្សាយរឿងភាគនៅប្រចាំថ្ងៃផងដែរ។

សមាគមបានលើកឡើងថា ការធ្លាក់ចុះនេះបណ្តាលមកពីថ្លៃផលិតកម្មកើនឡើង ការប្រកួតប្រជែងជាមួយវេទិកាផ្សាយតាមអ៊ីនធឺណិតធំៗ ដូចជា Netflix និងសមត្ថភាពវិនិយោគរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកថយចុះ។ លើសពីនេះ ក្រុមហ៊ុនផលិតក៏កំពុងជួបការលំបាកក្នុងការរក្សាសិទ្ធិកម្មសិទ្ធិបញ្ញា និងប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន។ ការ​ផលិត​មាតិកា​រឿងខ្លី និង​រឿង​ AI ​ក៏​ជា​ដៃគូ​ប្រកួត​ប្រែង​ធំមួយ​ដែរ​សម្រាប់ K-Drama។

ការថយចុះនៃផលិតកម្មកំពុងប៉ះពាល់ដល់ការងារ និងឱកាសរបស់អ្នកនិពន្ធ តួសម្តែង អ្នកដឹកនាំ និងបុគ្គលិកបច្ចេកទេស។ សមាគមព្រមានថា ប្រសិនបើអ្នកមានបទពិសោធន៍ចាកចេញពីវិស័យនេះ កម្លាំងផលិតកម្ម និងការបណ្តុះបណ្តាលអ្នកជំនាន់ថ្មីនឹងរងផលប៉ះពាល់យូរអង្វែង។

ក្រុមឧស្សាហកម្មទាំងនេះបានស្នើឱ្យរដ្ឋាភិបាលកំណត់ការស្តារចំនួនផលិតកម្មរឿងភាគជាគោលដៅជាតិ និងបង្កើតប្រព័ន្ធវិនិយោគរយៈពេលវែង ដើម្បីគាំទ្ររឿងភាគថវិកាមធ្យម និងទាប ព្រមទាំងអ្នកមានទេពកោសល្យថ្មីៗ។ ពួកគេក៏បានរិះគន់សំណើថវិកាឆ្នាំ២០២៧ ដែលកាត់បន្ថយថវិកាគាំទ្រមាតិកាផ្សាយទូរទស្សន៍ និងវីដេអូរបស់ក្រសួងវប្បធម៌៕

ប្រភព៖ Reuters

ដោយ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី