កម្ពុជា ជាទីផ្សារនាំចេញប្រេងឥន្ធនៈធំបំផុតទី២ របស់ប្រទសថៃ
- 2025-06-26 09:50:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ជាទីផ្សារនាំចេញប្រេងឥន្ធនៈធំបំផុតទី២ របស់ប្រទសថៃ
ចន្លោះមិនឃើញ
កម្ពុជាគឺជាទីផ្សារនាំចេញប្រេងឥន្ធនៈធំបំផុតទី២ របស់ប្រទេសថៃ បន្ទាប់ពីសិង្ហបុរី ដោយយោងតាមទិន្នន័យ ពីនាយកដ្ឋានអាជីវកម្មថាមពល ប្រទេសថៃ បានបង្ហាញថា ពេញមួយឆ្នាំ២០២៤ កន្លងទៅ ថៃបាននាំចេញប្រេងឥន្ធនៈ មកកាន់ប្រទេសកម្ពុជា សរុប ២,២៨ ពាន់លានលីត្រ ដែលសរុបជាទឹកប្រាក់ ៤៧,៩៨ ពាន់លានបាត ឬប្រហែល ១ ៤៨២ លានដុល្លារ។
សម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈថៃ កម្ពុជាគឺជាទីផ្សារធំណាស់ក្នុងវិស័យថាមពល គិតជាមធ្យម ថៃនាំចេញប្រេងឥន្ធនៈ មកកម្ពុជា ប្រមាណ ៦,២៥ លានលីត្រក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២៤ ហើយកម្ពុជា បានក្ដោបយក ២១,១% នៃចំនួននាំចេញប្រេងឥន្ធនៈសរុបរបស់ប្រទេសថៃ ជាទីផ្សារធំទី២ បន្ទាប់ពីសិង្ហបុរី។
កម្ពុជា បាននាំចូលប្រេងឥន្ធនៈច្រើនប្រភេទពីប្រទេសថៃ ក្នុងនោះប្រេងម៉ាស៊ូត មានចំនួនច្រើនជាងគេ រហូតដល់ជាង ៩៣២ លានលីត្រ, ប្រេងសាំងមានកំហាប់អុកតាន ៩២ មានចំនួន ៧៨៨ លានលីត្រ, ប្រេងសាំងមានកំហាប់អុកតាន ៩១ ១៥៧ លានលីត្រ, ប្រេងសាំងយន្ដហោះ ៧១ លានលីត្រ, ឧស្ម័នហ្គាស LPG ចំនួន ២៩ លានគីឡូក្រាម និងប្រភេទផ្សេងឥន្ធនៈជាច្រើនទៀត។