គម្រោង​ប្រព័ន្ធធារាសាស្រ្តថ្មី២នេះ នឹងបម្រើ​ដល់វិស័យកសិកម្ម​ក្នុងខេត្តកំពង់ធំ យ៉ាងធំធេង

  • 2024-05-17 03:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ធំ នឹងមាន​ប្រព័ន្ធធារាស្រ្តថ្មីចំនួន២ ដែល​នឹង​បម្រើ​ដល់វិស័យ​កសិកម្មក្នុងខេត្តយ៉ាងធំធេង គឺប្រព័ន្ធធារាសាស្រ្តទំនប់កំពង់គោ និង​ អាងទឹកដងកាំបិត។

១. ទំនប់កំពង់គោ មានចំងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ផ្នែកខាងក្រោមតាម​បណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ការងារសំខាន់ៗ នៃគម្រោង​សាងសង់​ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ។

២. គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដងកាំបិត​ ស្ថិត​ក្នុង​ភូមិ​ស្រែខ្សាច់​ ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ ត្រូវបានបើកការដ្ឋាន​សាងសង់ហើយ​ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤។ គម្រោង​នេះទទួលបាន​​​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ នីហរ័ណ​ចិន​ (EXIMBANK​)​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវ​ត្ថុកម្ពុជា។​

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់​ដី​ខាងឆ្វេង​ប្រវែង​ ១ ១៣៦ម៉ែត្រ​ ទំនប់​បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់​បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នង​ទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។

ក្រោយការ​សាង​សង់​រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង​ស្រុក​ប្រាសាទសំបូរ​ នៃ​ខេត្ត​កំពង់ធំ​នឹងបានទទួលផលពីការអភិវឌ្ឍ​អាង​នេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម