វេជ្ជបណ្ឌិតលី សុវណ្ណ៖ ជនជាតិចិនទាំង៣នាក់ ដែលចិនរកឃើញមានផ្ទុកវីរុសកូរ៉ូណា មិនឆ្លងនៅខ្មែរទេ

  • 2020-02-03 08:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានតាមដានជំងឺឆ្លង នៃក្រសួងសុខាភិបាលបានអះអាងថា ជនជាតិចិន៣នាក់ ដែលរកឃើញមានវីរុសកូរ៉ូណា មិនមែនកើតមាននៅស្រុកខ្មែរ ហើយនាំត្រឡប់ទៅចិនវិញនោះទេ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានចិន The Cambodia China Times បានសរសេរលើចំណងរបស់ខ្លួនថា «រកឃើញឃើញជនជាតិចិន៣នាក់ មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីត្រឡប់ពីប្រទេសកម្ពុជាទៅចិនវិញ”។

ប្រភពសារព័ត៌មានចិន ចុចទីនេះ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានផ្ដល់សម្ភាសន៍មកកាន់ Sabay តាមរយៈសារអេឡិចត្រូនិកថា «ក្នុងអំឡុងពួកគាត់នៅក្នុងប្រទេសកម្ពុជាមិនមានរោគសញ្ញា នៃជំងឺវីរុសកូរ៉ូណាទេ។ ពួកគាត់អាចឆ្លងនៅស្រុកចិនតែម្ដង នៅពេលចាកចេញពីកម្ពុជា ដែលមានមួយក្រុមជាង២០នាក់។ ពួកគេចេញពីកម្ពុជាយូរហើយ នៅស្រុកខ្មែរគ្មានរោគសញ្ញាចេញនោះទេ»។

យោងតាមសារព័ត៌មានចិនដោយផ្អែករបាយការណ៍របស់ គណៈកម្មាធិការសុខាភិបាលក្រុងសិនជិនប្រទេសចិន ចាប់ពីម៉ោង ១២ និង ០០នាទី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដល់ ១២:០០នាទី នៅថ្ងៃទី០២ ខែកុម្ភៈ បាននិយាយថា មានករណីថ្មីចំនួន ៣៧ករណី គិតត្រឹមក្រុង Shenzhenតែមួយ ហើយក្នុងនោះមាន ៣នាក់ មកពីប្រទេសកម្ពុជា។ អ្នកជំងឺទាំង ៣នាក់ រួមមានស្ត្រី ២នាក់ និងបុរសម្នាក់ ដែលពួកគេទាំង ៣ បានចេញពីទីក្រុង Wuhan មកប្រទេសកម្ពុជា ហើយចេញពីកម្ពុជាទៅកាន់ក្រុង Shenzhen ប្រទេសចិនវិញ។

ប្រភពដដែលបានឲ្យដឹងថា អ្នកជំងឺទី១ ភេទស្រី មិនបញ្ចេញឈ្មោះ អាយុ ៦២ឆ្នាំ មានទីលំនៅក្រុង Wuhan ខេត្ត Hubei បានធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមករា ហើយបានទៅកាន់ទីក្រុង Shenzhen នៅថ្ងៃទី២៨ ខែមករា។ ស្ត្រីរូបនោះចេញរោគសញ្ញានៅថ្ងៃទី២៦ មករាហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៩ ខែមករា។

អ្នកជំងឺទី២ភេទស្រី មិនបញ្ចេញឈ្មោះ អាយុ ៥៨ឆ្នាំ មានទីលំនៅក្រុង Wuhan ខេត្ត Hubei បានមកប្រទេសកម្ពុជានៅថ្ងៃទី២៣ និងចេញពីប្រទេសកម្ពុជាទៅទីក្រុង Shenzhen នៅថ្ងៃទី២៩ ខែមករា។ គាត់បានវិវត្តរោគសញ្ញានៅថ្ងៃទី២៨ មករា​ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៩ ខែមករា។

អ្នកឆ្លងទី៣ ជាប្តីរបស់អ្នកជំងឺទី២ គាត់មានអាយុ ៦២ឆ្នាំ រស់នៅទីក្រុង Wuhan ខេត្ត Hubei ។ គាត់ចេញពីទីក្រុង Wuhan មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៣ ចេញពីប្រទេសកម្ពុជាទៅ Shenzhen នៅថ្ងៃទី២៨ ខែមករា។ គាត់បានវិវត្តរោគសញ្ញានៅថ្ងៃទី២៧ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី៣១ ខែមករា ២០២០។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានអះអាងថា អ្នកទាំង៣ខាងលើមិនមានរោគសញ្ញាជំងឺវីរុសកូរ៉ូណា នៅអំឡុងក្នុងប្រទេសកម្ពុជានោះទេ ទំនងជាងពួកគេឆ្លងនៅចិនផ្ទាល់។

«ក្រសួងសុខាភិបាលសំណូមពរឲ្យប្រជាពលរដ្ឋបន្ដស្ដាប់ការអប់រំ និងព័ត៌មានពីក្រសួងសុខាភិបាល ជាពិសេសត្រូវមានអនាម័យឲ្យល្អ ដើម្បីបង្ការជំងឺនេះ ហើយប្រសិនបើមានចម្ងល់ ឬសង្កេតឃើញមានករណីខុសប្លែកដូចជាមានករណីគ្រុនក្ដៅច្រើន អាចទាក់ទងសួរព័ត៌មានតាមរយៈលេខ Hot Line 115»។ នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី សុវណ្ណ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា