កំពូលមហាសេដ្ឋីនិងមេធំផ្នែកបច្ចេកវិទ្យាធ្លាប់ប្រើប្រាស់ទូរសព្ទម៉ាកអ្វីខ្លះ?

  • 2020-02-27 01:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ទី ៤ ក្នុងលោក ត្រូវបានគេដឹងថាបានតស៊ូប្រើទូរសព្ទសេរ៊ីចាស់តម្លៃ ២០ ដុល្លាររបស់ Samsung អស់រយៈពេលជាច្រើនឆ្នាំ ហើយទម្រាំតែដាច់ចិត្តប្តូរឡើងសេរ៊ីមកកាន់ iPhone ក្រោយទូរសព្ទបត់សេរ៊ីចាស់មួយនោះបានបែកអេក្រង់កាលពីពេលកន្លងទៅ។

វាក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលឃើញសេដ្ឋីលំដាប់ពិភពលោកមិនព្រមកាន់របស់ថ្លៃដូចបុគ្គលទូទៅ។ ចុះចំណែកឯមេដឹកនាំកំពូលៗឯទៀត ធ្លាប់ប្រើប្រាស់ទូរសព្ទម៉ាកអ្វីដែរ?

Bill Gates ស្ថាបនិក Microsoft

សេដ្ឋីមានទ្រព្យដាច់គេមួយរូបរបស់សហរដ្ឋអាមេរិកនិងជាស្ថាបនិកបង្កើតក្រុមហ៊ុន Microsoft លោកបានកាន់ទូរសព្ទប្រើប្រព័ន្ធ Windows Phone អស់រយៈពេលជាច្រើនឆ្នាំ លុះក្រុមហ៊ុនប្រកាសឈប់អភិវឌ្ឍ OS មួយនេះ លោកក៏បង្ហើបថាប្តូរមកប្រើទូរសព្ទ Android វិញ តែមិនបញ្ជាក់ថាម៉ាកអ្វីទេ គ្រាន់ដឹងថាមានដំឡើងកម្មវិធី Microsoft ច្រើន។

Jeff Bezos ស្ថាបនិក Amazon

ជាស្ថាបនិកក្រុមហ៊ុន Amazon ដែលធ្លាប់កាន់ទូរសព្ទ BlackBerryអស់ជាច្រើនឆ្នាំ លុះក្រោយមកប្តូរមកកាន់ទូរសព្ទ Samsung មុនពេលក្រុមហ៊ុនលោកប្រកាសចេញលក់ Fire Phone។ ប៉ុន្តែ Fire Phone មិនទទួលបានជោគជ័យទេ ហើយក៏ត្រូវផ្តាច់ចង្វាក់ផលិតកម្ម ភ្លាមនោះ Bezos ប្តូរទៅប្រើ iPhone X។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភាគច្រើន។

Tim Cook នាយកប្រតិបត្តិ Apple

ជា CEO មួយរូបរបស់ក្រុមហ៊ុន Apple ពិតណាស់ដែលមេធំរូបនេះមិនទៅប្រើប្រាស់ផលិតផលដទៃឡើយ ពោលគឺកាន់តែ iPhone ជួនពេលខ្លះម៉ាកនោះមិនទាន់ចេញលក់លើទីផ្សារផង លោកមានកាន់ប្រើមុនក៏មាន។

Mark Zuckerberg ស្ថាបនិក Facebook

មេធំ Facebook រូបនេះត្រូវបានគេប្រទះញយដងថាកាន់ប្រើ iPhone ហើយសាមីខ្លួនក៏ធ្លាប់បង្ហើបដែរថារមែងទទួលបានកាដូពី Apple រាប់ភ្លេច។

Jimmy Wales ស្ថាបនិក Wikipedia

លោកហាក់ដូចជាអ្នកគាំទ្រងប់ងុល Samsung ដោយកិច្ចសម្ភាសន៍ដំបូងមួយ លោក Wales ថាប្រើប្រាស់ Samsung Galaxy S5 លុះដល់ពាក់កណ្តាលឆ្នាំ ២០១៨ លោកថាកាន់ប្រើ Galaxy S7 ទាំងដែលឆ្នាំនោះមានចេញដល់ត្រកូល Galaxy S9 ទៅហើយ។

Elon Musk ស្ថាបនិក Tesla

ជាអ្នកផ្តួចផ្តើមបង្កើតឡើងនៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយលោកតែងតែបង្ហើបជាញឹកញយថាមានប្រើប្រាស់ iPhone និង iPad របស់ Apple៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម