ចែក​ផ្លូវគ្នា​ជាង​៤​ឆ្នាំ នេន ទុំ ចាប់ដៃ ពូឃ្លាំង បង្កើត​ចង្វាក់​រ៉េប​ឡើង​វិញ

  • 2018-03-20 10:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប នេន ទុំ ត្រៀម​ចាប់​ដៃ​ជាមួយ ពូឃ្លាំង ឡើង​វិញ ដើម្បី​បង្កើត​ចង្វាក់​រ៉េប​ថ្មី និង​បម្រើ​អារម្មណ៍​ទស្សនិកជន។ ការ​ចាប់​ដៃ​គូ​ជា​ថ្មីនេះ បន្ទាប់​ពី DJ ទាំងពីរ បាន​ចែក​ផ្លូវ​គ្នា​ប្រមាណ​ជាង ៤ឆ្នាំ នៅ​ពេល ពូឃ្លាំង រៀបការ​ភរិយា​ នៅខេត្ត ព្រះ​សីហនុ។

ឌីជេ នេន ទុំ និយាយ​ថា ទាំង​លោក ពូឃ្លាំង ពិត​ជា​សប្បាយ​រីករាយ​នៅ​ពេល​ផ្ដើម​ចាប់​ដៃគូ​ជា​ថ្មី​ដូច្នេះ។ លោក​ជឿ​ជាក់​ថា ការ​ចាប់​ដៃ​គូ​ជា​ថ្មី​នេះ នឹង​ជា​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក។

ម្ចាស់បទ «ស្ករ​ទាញ​ឡើង​កូដ» រូប​នេះ បន្ត​ថា បទ​ចម្រៀង​ជា​ច្រើន​បទ​ជា​ចង្វាក់​រ៉េប លោក និង​ពូឃ្លាំង កំពុង​ស្រាក់​សស្រាំ​ធ្វើ ដើម្បី​ផ្គាប់​ចិត្ត​ដល់​ទស្សនិកជន ដែល​ត្រៀម​ចេញ​លើ​ទីផ្សារ​នៅ​ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រួច។

ការ​ចេញ​ក្រោយ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ព្រោះ​តែ​លោក​ចង់​ទុក​ពេល​វេលា​ឱ្យ​បាន​យូរ​បន្តិច ដើម្បី​ស្វែង​រក​អ្វី​ដែល​ថ្មី និង​ប្លែក ហើយ​អាច​ឱ្យ​ទស្សនិក​ជន​ចាប់​អារម្មណ៍​ខ្លាំង។ ឌីជេ នេន ទុំ ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ពិត​ជា​មាន​អ្នក​ចម្រៀង​ថ្មីៗ ក្មេងៗ ដែល​មាន​ស្នាដៃ​ខាង​ផ្នែក​រ៉េប​នេះ។ តែ​យ៉ាង​ណា​លោក​ហាក់​មិន​សូវ​ខ្វល់​ឡើយ​សម្រាប់​ទីផ្សារ​នៃ​ការ​ចាប់​ដៃគូ​ជា​ថ្មី​ជាមួយ ពូឃ្លាំង ព្រោះ​តែ​ម្នាក់ៗ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ដូច​គ្នា​លើ​ចម្រៀង​រ៉េប​នេះ។

ឌីជេ នេន ទុំ បាន​ហក់​ចូល​លើ​វិស័យ​ចម្រៀង​រ៉េប​នេះ​ជាង ១១ឆ្នាំ​មក​ហើយ ដោយ​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​ទស្សនិក​ជន។ ជា​ពិសេស​អំឡុង​ពេល​លោក​ចាប់​ដៃ​គូ​ជាមួយ ពូឃ្លាំង ទីផ្សារ​ចម្រៀង​របស់​លោក ហាក់​មាន​សន្ទុះ​ជា​ខ្លាំង។ ដោយ​មើល​ឃើញ​ដូច្នេះ​ហើយ ទើប​លោក​ចាប់​ដៃគូ​ជាមួយ ពូឃ្លាំង​ឡើង​វិញ ក្រោយ​ពី​សម្រេចិត្ត​ប្រឡូក​ចូល​វិស័យ​ចម្រៀង​ឡើង​វិញ៕

អត្ថបទៈ ចរិយា