ប្រាសាក់ ស្វាគមន៍ភាគទុនិកថ្មី ក្នុងការគាំទ្រដល់ការរីកចម្រើនជាមួយគ្នា

  • 2020-04-13 09:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើពីសាធារណជនធំជាងគេ និងមានបទពិសោធន៍ ២៥ឆ្នាំនៅទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ «ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)»។

ធនាគារ ខេប៊ី គូកមីន គឺជាធនាគារឈានមុខគេនៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០។ នៅពេលនេះ ប្រាសាក់ ក្លាយជាបុត្រសម្ព័ន្ធមួយក្នុងចំណោមបុត្រសម្ព័ន្ធទាំងអស់របស់ KB Financial Group ហើយ ខេប៊ី គូកមីន បន្តផែនការរបស់ខ្លួនក្នុងការបញ្ចូលប្រាសាក់ជាបុត្រសម្ព័ន្ធទាំងស្រុង នៅពេលដែលទិញបានភាគហ៊ុនដែលនៅសល់ចំនួន ៣០% ទៀតនាពេលអនាគត។

ប្រាសាក់ ត្រូវបានស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសមិទ្ធផលដ៏លេចធ្លោក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង ៥ នៅកម្ពុជាដោយផ្អែកលើចំណែកទីផ្សារ និងទ្រព្យសកម្មសរុប។ ប្រាសាក់ ប្រតិបត្តិការទូទាំងប្រទេសដោយមានបណ្តាញការិយាល័យចំនួន ១៨០ សាខា និងទីតាំងម៉ាស៊ីន ATM ជិត ១៥០ កន្លែង។

លោក Hur Yin ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ី គូកមីន បានថ្លែងថា «ការទិញយកប្រាសាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពង្រីកបណ្ដាញធនាគារសម្រាប់សាធារណជនទូទៅរបស់ធនាគារ ខេប៊ី គូកមីន នៅទ្វីបអាស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសាកលរបស់ខេប៊ី»

លោកបន្ថែមទៀតថា «ជាមួយនឹងផែនការរយៈពេលវែងក្នុងការប្រែក្លាយប្រាសាក់ទៅជាធនាគារពាណិជ្ជ យើងសង្ឃឹមថានឹងអភិវឌ្ឍប្រាសាក់ឱ្យក្លាយជាធនាគារឈានមុខគេ តាមរយៈការផ្ទេរសមត្ថភាពផ្នែកធនាគារដ៏រឹងមាំរបស់ខេប៊ី និងការធ្វើឱ្យប្រាសាក់ក្លាយជាគ្រឹះក្នុងការធ្វើអាជីវកម្មនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍»

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ការវិនិយោគរបស់ ខេប៊ី គូកមីន បង្ហាញពីសញ្ញាណវិជ្ជមាន និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានិងប្រាសាក់។ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ប្រាសាក់សូមស្វាគមន៍ភាគទុនិកថ្មីរបស់យើងគឺ ធនាគារ ខេប៊ី គូកមីន ដែលនឹងជ្រោមជ្រែងប្រាសាក់ក្នុងការបន្តប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។»

លោក សេនាជាតិ បានបន្ថែមថា «ប្រាសាក់ តែងតែនាំមុខគេលើទីផ្សារហិរញ្ញវត្ថុដោយមានបណ្តាញប្រតិបត្តិការធំជាងគេ លទ្ធភាពរកប្រាក់ចំណេញខ្ពស់ និងធានាបាននូវកំនើនប្រកបដោយនិរន្តរភាពលើសម្ពៀតឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំ។ យើងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើននៅឆ្នាំ 2019 រួមមាន i) ទ្រព្យសកម្មសរុបមានចំនួន 3.11 ប៊ីលានដុល្លារ ii) សមតុល្យឥណទានសរុបមានចំនួន 2.50 ប៊ីលានដុល្លារ និងមានអតិថិជនសេវាឥណទានសរុបចំនួន 417 ពាន់នាក់ iii). អនុបាតឥណទានមិនដំណើរមានត្រឹមតែ 0.4% ទាបជាអត្រាទីផ្សារ iv). សមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 1.78 ប៊ីលានដុល្លារ និងមាន 742 ពាន់ គណនីបញ្ញើសន្សំ។»

លោក សេនាជាតិ បានបន្តថា «លទ្ធផលដែលប្រាសាក់សម្រេចបានមកនេះ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និយ័តករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់យើង ការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ ការបណ្តុះវប្បធម៌បុគ្គលិកក្នុងការនាំមកជូននូវការរីកចម្រើនជាមួយគ្នា និងការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលទីផ្សារ។»

លោក សេនាជាតិ លើកឡើងថា «ដោយមានការវិនិយោគពី ខេប៊ី ប្រាសាក់នឹងនាំមកនូវផលិតផលនិងសេវាហិរញ្ញវត្ថុទំនើបៗ រួមមាន សេវាហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរនូវបទពិសោធន៍ធនាគារដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារជូនដល់អតិថិជនចាស់ និងអតិថិជនថ្មី ជាពិសេសគឺ សហគ្រាសខ្នាតតូច និងមធ្យម។»

  • អំពីប្រាសាក់

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងប្រតិ បត្តិការ 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់ប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.prasac.com.kh ។

  • អំពី ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)

ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 30 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 15 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.comwww.kbfg.com

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម