ណែនាំឲ្យស្គាល់កីឡាករខ្លាំងបំផុតទាំង ៦ ក្នុងប្រភេទទម្ងន់របស់ ចាន់ រតនា នៅសង្វៀន ONE
- 2020-05-23 04:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំឲ្យស្គាល់កីឡាករខ្លាំងបំផុតទាំង ៦ ក្នុងប្រភេទទម្ងន់របស់ ចាន់ រតនា នៅសង្វៀន ONE
ចន្លោះមិនឃើញ
ចាន់ រតនា ជាអ្នកប្រដាល់គុនខ្មែរតែមួយរូបគត់ ដែលអាចឈ្នះ ៣ប្រកួតជាប់គ្នានៅស្ថាប័នលំដាប់ពិភពលោក ONE Championship។ ជ័យជម្នះផ្ទួនៗគ្នានេះ ធ្វើឲ្យរតនា ក្លាយជាកីឡាករលេចធ្លោមួយរូប ក្នុងប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) ដែលត្រូវបានផ្គូរផ្គងឲ្យប៉ះកីឡាករលំដាប់ A របស់ជប៉ុន Yuya Wakamatsu ថែមទៀតផង កាលពីខែមេសាកន្លងទៅ ប៉ុន្តែត្រូវលើកពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
យ៉ាងណាក្ដី ប្រភេទទម្ងន់ Flyweight នេះ គឺជាប្រភេទទម្ងន់ ដែលប្រជុំទៅដោយជើងខ្លាំងច្រើនជាងប្រភេទទម្ងន់ផ្សេងៗទៀត។ ថ្ងៃនេះ [Sabay] សូមណែនាំជើងខ្លាំងបំផុតទាំង ៦រូប ដូចខាងក្រោម៖
១. Adriano Moraes (ម្ចាស់ខ្សែក្រវាត់ទម្ងន់ Flyweight នាពេលបច្ចុប្បន្ន)
Moraes ជាអធិរាជក្នុងប្រភេទទម្ងន់ Flyweight នៅ ONE Championship។ កីឡាករប្រេស៊ីលរូបនេះ ឈ្នះខ្សែក្រវាត់នេះលើកដំបូង ក្រោយឈ្នះ Geje Eustaquio កាលពីឆ្នាំ២០១៤ ពោលគឺនៅពេល ONE Championship រៀបចំការប្រកួតនៅកម្ពុជា។ ក្រោយរបូតខ្សែក្រវាត់ដោយសារ Kairat Akhmetov នៅឆ្នាំ២០១៥ Moraes បានកាន់កាប់វាម្ដងទៀត នៅឆ្នាំ២០១៦ ដោយយកឈ្នះ Danny Kingad។ នៅឆ្នាំ ២០១៨ Moraes បានរបូតខ្សែក្រវាត់ម្ដងទៀត ដោយចាញ់ Geje Eustaquio ប៉ុន្តែបានសងសឹក ដណ្ដើមយកមកវិញ នៅដើមឆ្នាំ២០១៩ ហើយបន្តកាន់កាប់ដល់បច្ចុប្បន្ន។
បើនិយាយពីប្រវត្តិប្រកួត MMA វិញ កីឡាករវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់ប្រកួត ២១ដង ឈ្នះ ១៨ដង និងចាញ់តែ ៣ដងប៉ុណ្ណោះ។
**២. Demetrious Johnson (ម្ចាស់ខ្សែក្រវាត់ Flyweight World Grand Prix និងជាអ្នកឈរលេខ ១ ក្នុងតារាង Flyweight Ranking របស់ ONE)**
Demetrious Johnson ត្រូវបានគេចាត់ទុកថាជាអ្នកវៃ៉ MMA ល្អបំផុត ក្នុងប្រវត្តិសាស្រ្ដ។ មុនមកដល់ ONE Championship កីឡាករអាមេរិករូបនេះ ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ UFC ដល់ទៅ ១១សម័យ ច្រើនជាងកីឡាករណាៗទាំងអស់។ ពេលមកដល់ ONE កីឡាករវ័យ ៣៣ឆ្នាំ បានឈ្នះ ៣ប្រកួតជាប់គ្នា ក្លាយជាម្ចាស់ខ្សែក្រវាត់ Flyweight Grand Prix និងក្លាយជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ពី Moraes។ ការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយ Moraes ត្រូវបានរៀបចំក្នុងខែមេសា ប៉ុន្តែត្រូវលើកពេលវិញ ដោយសារការរាតត្បាត នៃជំងឺកូវីដ ១៩។ បើនិយាយពីប្រវត្តប្រកួត MMA វិញ Johnson ធ្លាប់ប្រកួតដល់ទៅ ៣៤ដង ឈ្នះ ៣០ដង និងចាញ់តែ ៣ដងប៉ុណ្ណោះ (ស្មើម្ដង)។
បច្ចុប្បន្ន Johnson ស្ថិតនៅលើគេ ក្នុងតារាង Ranking ប្រភេទទម្ងន់ Flyweight នៅ ONE Championship។
៣. Danny Kingad (អតីតអ្នកវាយដណ្ដើមខ្សែក្រវាត់ និងជាអ្នកឈរលេខ ២ ក្នុងតារាង Flyweight Ranking របស់ ONE)
អ្នកប្រដាល់ហ្វីលីពីន មកពីក្លឹបល្បី Team Lakay រូបនេះ ធ្លាប់ប្រកួតដល់ទៅ ១៦ដង ឈ្នះ ១៤ និងចាញ់តែ ២ដងប៉ុណ្ណោះ។ បរាជ័យ ២ដងនោះ គឺចាញ់ Moraes ពេលប្រកួតដណ្ដើមខ្សែក្រវាត់ ឆ្នាំ២០១៧ និងចាញ់ជើងខ្លាំង Demetrious Johnson ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Flyweight World Grand Prix កាលពីខែតុលា ឆ្នាំ២០១៩។ ប្រកួតចុងក្រោយ Kingad ឈ្នះជើងខ្លាំងចិន Wei Xie កាលពីខែមករា ដើមឆ្នាំនេះ។
បច្ចុប្បន្ន KIngad ស្ថិតនៅលេខ២ ក្នុងតារាង Flyweight Ranking របស់ ONE។
៤. Kairat Akhmetov (អតីតម្ចាស់ខ្សែក្រវាត់ និងជាអ្នកឈរលេខ ៣ ក្នុងតារាង Flyweight Ranking របស់ ONE)
កីឡាករកាហ្សាក់ស្ថានរូបនេះ ធ្លាប់កាន់កាប់ខ្សែក្រវាត់ Flyweight កាលពីឆ្នាំ២០១៥ ប៉ុន្តែរបូតវិញ នៅឆ្នាំ២០១៧ ដោយសារ Moraes។ ប្រវត្តិប្រកួត ២៥ដង Akhmetov ឈ្នះ ២៣ និងចាញ់តែ ២ដងប៉ុណ្ណោះ គឺចាញ់ Moraes ពេលប្រកួតការពារខ្សែក្រវាត់ និងចាញ់ Geje Eustaquio។ ប្រកួត ២ដងចុងក្រោយ ឈ្នះ Ma Haobin និងឈ្នះ Reece McLaren។
បច្ចុប្បន្ន Akhmetov ឈរលេខ ៣ ក្នុងតារាង Flyweight Ranking របស់ ONE។
៥. Yuya Wakamatsu (អតីតបេក្ខភាពប្រកួត Flyweight World Grand Prix និងជាអ្នកឈរលេខ ៤ ក្នុងតារាង Flyweight Ranking របស់ ONE)
Yuya ជាអ្នកវ៉ៃគុនចម្រុះជប៉ុន ដែលសាងកេរ្តិ៍ឈ្មោះល្បី ក្នុងស្ថាប័ន Pancrase មុនផ្លាស់មក ONE Championship។ ពេលមកដល់ ONE កីឡាករវ័យ ២៥ឆ្នាំនេះ ចាញ់ Danny Kingad និង Demetrious Johnson មុនឈ្នះ Geje Eustaquio និង Dae Hwan Kim។ គូប្រកួតបន្ទាប់របស់ Yuya គឺចាន់ រតនា ដែលត្រូវជួបគ្នា ក្នុងខែមេសា តែត្រូវលើកពេលវិញ ដោយសារជំងឺកូវីដ ១៩។
បច្ចុប្បន្ន Yuya ឈរលេខ ៤ ក្នុងតារាង Flyweight Ranking។
៦. Reece Mclaren (ឈរលេខ ៥ ក្នុងតារាង Flyweight Ranking របស់ ONE)
Mclaren ជាអ្នកប្រដាល់ MMA សំបូរបទពិសោធន៍របស់អូស្រ្ដាលី។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងសង្វៀន ONE តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ ប្រវត្តិប្រកួត ២០ដង គឺឈ្នះ ១៣ដង និងចាញ ៧ដង។ ប្រកួតចុងក្រោយ ឈ្នះជើងខ្លាំងឥណ្ឌា Gurdarshan Mangat ក្នុងទឹកទី១ កាលពីចុងឆ្នាំ២០១៩។
បច្ចុប្បន្ន Mclaren ឈរលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ Flyweight Ranking របស់ ONE។
ក្រៅពីជើងខ្លាំងទាំង ៦ នេះ នៅមានអ្នកខ្លាំងៗច្រើនទៀត ក្នុងប្រភេទទម្ងន់ Flyweight នេះ ដែលមានដូចជា ចាន់ រតនា របស់កម្ពុជា, Dae Hwan Kim (កូរ៉េខាងត្បូង) Gianni Subba (ម៉ាឡេស៊ី), Ma Hao Bin (ចិន), Tatsumitsu Wada (ជប៉ុន), Eka Aprilianto (ឥណ្ឌូណេស៊ី), Gurdarshan Mangat (ឥណ្ឌា) ជាដើម៕
រូបភាពទាំងអស់ពី ONE Championship