ឆ្នាំមុននិងឆ្នាំនេះ សៀន សុភក្ត្រា ​ស៊ុត​ចូល​បឹងកេត​ដូចគ្នា តែ​លទ្ធផល​ផ្សេងគ្នា

  • 2020-08-04 08:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​មុន សៀន សុភក្ត្រា បាន​ស៊ុត​ចូល​បឹង​កេត១គ្រាប់ ជួយ​ឱ្យ​​ក្រុម​​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា​ឈ្នះ​​១-០។ យ៉ាងណា​រដូវ​​កាល​ឆ្នាំ​​២០២០​ ក្នុង​សប្ដាហ៍​ទី​១០​​ទើប​បញ្ចប់​កាលពីពេលថ្មីៗ គេ​ក៏​បាន​ស៊ុត​​១​គ្រាប់​​ដែរ ប៉ុន្តែ​ត្រូវ​ចាញ់​​ក្រុម​ភ្ញៀវ​បឹងកេត​​ក្នុង​លទ្ធផល ២-៤។

រូបភាពក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា

លទ្ធផល​​ចាញ់ ២-៤ នេះ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១១ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ ដែល​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះក្លឹបជើង​ឯក​លីគកំពូល​កម្ពុជា​៣​សម័យ​កាល​​ដូច​ឆ្នាំ​មុន ប៉ុន្តែគេ​ក៏​មាន​ការ​សប្បាយ​ចិត្ត ព្រោះ​បាន​​បំប៉ោង​សំណាញ់​ទី ​ក្រុម​ខ្លាំង​សំបូរ​ដោយ​កីឡាករ​ខ្មែរ​បរទេស​ល្អៗ។

ខ្សែ​ប្រយុទ្ធ​​មុត​ស្រួចរបស់​ក្លឹប​អគ្គិសនី​កម្ពុជា បាន​ពន្យល់​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា​រំភើប​ ពេល​បាន​ទាត់​ចូល​ក្រុម​ខ្លាំង​អ៊ីចឹង ព្រោះ​អី​កន្លង​មក​ការ​ប្រកួត​​រដូវ​កាល​មុននៅ​ទឹក​ដី​អគ្គិសនី ខ្ញុំ​ក៏​បាន​ទាត់​ចូល​១គ្រាប់​​ដែរ ជួយ​ឱ្យ​អគ្គិសនី​ឈ្នះ​ ១-០ ហើយ​នៅ​ពេល​រដូវ​កាល​នេះនៅ​ទឹក​ដី​អគ្គិសនី​ដូច​គ្នា ខ្ញុំ​ក៏​បាន​ទាត់​ចូល​១​គ្រាប់​ទៀត អឺ...ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយ​​ក៏​រៀង​​​សោកស្ដាយ ពេល​មិន​អាច​ជួយ​ក្រុម​ឱ្យ​ទទួល​លទ្ធផល​ល្អ​​»។

សុភក្ត្រា យល់ឃើញ​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជារងសម្ពាធ​ច្រើន ព្រោះ​បឹងកេតសំបូរ​កីឡាករ​​​ខ្មែរ​បរទេស​ល្អៗ ចំណែក​ការ​លេង​ជា​ក្រុម និង​ឯកជនរបស់ពួកគេ មានភាពសង់​តង់​គ្នា​ និង​​​ច្បាស់​លាស់ ជា​ពិសេស​គឺ​ការ​បញ្ចប់​ទី​។

ទោះបីជាយ៉ាងណា អតីត​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩ AFC U-19 Championship មិន​គិត​អ្វី​ច្រើន​​ឡើយ ក្រៅ​តែ​ពី​ការ​ខំប្រឹង​ប្រែង​ប្រជែង​ជាមួយ​ដៃគូលើ​ទីលាន​ប៉ុណ្ណោះ។

សៀន សុភក្ត្រា បានស៊ុតបញ្ចូលទីគ្រាប់ទី២លើក្រុមបឹងកេតនៅនាទី៣៥ នាំមុខក្រុមភ្ញៀវ ២-១ បន្ទាប់ពីកីឡាករ​លេខ​២៩ ចន្ថា ចន្ទាកា ស៊ុតគ្រាប់តាមស្មើនៅនាទី២៩។ រដូវកាលនេះ គេទើបរកបានតែ២គ្រាប់ប៉ុណ្ណោះ គឺស៊ុតចូលអង្គថាយហ្គឺរ និងបឹងកេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី