អ្នក​ស្រី ហែម សុវណ្ណ បញ្ជាក់​ច្បាស់​ៗរឿង​ ៦០​ឆ្នាំ​ហើយ​​កេរ្ដិ៍ឈ្មោះមិន​ដែល​ឡើង​ខ្ពស់​ផុត តែ​ក៏​មិន​ដែល​លិចដែរ!

  • 2020-09-10 03:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចម្រៀង​ជើងចាស់ ហែម សុវណ្ណ ដែល​ធ្លាប់​ជា​ដៃគូ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ក្នុង​ទសវត្ស​៦០ បាន​បង្ហាញ​ពី​មូលហេតុ​មួយ​មួយ​ចំនួន​ដែល​អ្នកស្រី​ជា​តារា​ចម្រៀង​រះ​មិន​ដែល​លិច ប៉ុន្តែ​​ក៏​មិន​ដែល​ឡើង​ខ្ពស់​ផុតក្នុង​សង្គម​សិល្បៈ​ជា​ច្រើន​ជំនាន់​របស់​ខ្លួន។

អ្នក​ស្រី ហែម សុវណ្ណ បាន​ប្រាប់ Sabay ក្នុង​ឱកាស​ដែល​អ្នក​ស្រី​ច្រៀង​ឲ្យ​កម្មវិធី​មួយ​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​ទទួលស្វាមន៍​កំពូលតារា​ចម្រៀង ព្រាប សុវត្ថិ ចូល​ទៅ​រួមរស់ជាមួយ​ផលិតកម្ម​ហ្គាឡាក់ស៊ី កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ហេតុ​ដែល​អ្នក​ស្រី​មិន​សូវ​ល្បី​ដូច​គេ គឺ​ព្រោះ​តែ​អ្នកស្រី​មិន​ដែល​ច្រៀង​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍ ពោលគឺមានតែបទឡាំលាវ និងមនោសញ្ចេតនា និង​មូលហេតុ​មួយ​ទៀត គឺ​ល្បីខុសសម័យ​កាល​។

ហែម​ សុវណ្ណ៖"សម័យ​នេះមាន​ភ្លេង​ទំនើប ហើយ​មាន​ឱកាស​ច្រើន តែ​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​យើង​ចាស់​ហើយ ហើយ​បើ​ជំនាន់ ​ស៊ីន ស៊ីសាមុត ប៉ែន រ៉ន រស់ សិរីសុទ្ធា យើង​ដើរ​ក្រោយ​គេ កាលណោះ​នៅ​ចម្រៀង​តាម​វង់​អក​កេះ​តូចតាច"។

អ្នកស្រី ហែម សុវណ្ណ ដែល​ពេល​នេះ​មាន​វ័យ​៧១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បន្ត​ទទួល​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​ជា​ហូរហែ ដោយ​សារ​តែ​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ ហើយ​មិន​ចេះ​ជិនណាយ​នឹង​ការ​ច្រៀង។

ឆ្លងកាត់​អាជីព​ម្រៀង​៦០​ឆ្នាំ កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​មិន​ធ្លាប់​ល្បី​ដល់​កម្រិត​កំពូល​ដូច​អ្នក​ចម្រៀង​ស្រី​ស្រករគ្នា ដូច​ជា ប៉ែន រ៉ន និង​រស់ សិរីសុទ្ធា ឡើយ ហើយ​ចូល​មក​ដល់​បច្ចុប្បន្ន​ក៏​មិន​ល្បី​ដូច តន់ ចន្ទសីម៉ា និង​ឱក សុគន្ធកញ្ញា ដែរ ត្បិតថាទឹកដមសំនៀងរបស់អ្នកស្រីនៅពីរោះ និងត្រូវចិត្ដប្រិយមិត្ដមួយចំនួន។

កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម អ្នក​ចម្រៀង ហែម សុវណ្ណ ធ្លាប់​ល្បី​រន្ទឺ​តាម​រយៈ​បទ​ចម្រៀង​រួម​គ្នា​ជាមួយ​លោក ស៊ីន សាមុត គឺ​បទ"អូន​អើយ​ស្ដាប់​ផ្គរ" បទ​"សុំ​ស្នេហ៍" និង​បទ​បើក​វាំងនន ឬ​បទ​"ចំអក​នាងលេង"។ បទ​ទាំង​នេះ ត្រូវបាន​ថត​ដាក់​ថាស ហើយ​ទទួល​បាន​ការគាំទ្រ​ពីប្រិយមិត្ដ​វ័យ​ចំណាស់​រហូត​មក​ដល់​បច្ចុប្បន្ន។

សម្រាប់​សម័យ​កាល​ប្រទេស​ជាតិ​សុខសាន្តត្រាណ​នេះ អ្នក​ស្រី​បាន​លើក​យក​បទ​ចាស់ៗ និង​និពន្ធ​សម័យ​ថ្មី​នេះ​មក​ច្រៀង​រួមគ្នា។ អ្នកស្រី​ ធ្លាប់ច្រៀង​ក្នុង​កម្មវិធី"តន្ត្រី​ស្រុក​ស្រែ" និង"តន្ដ្រី​ពណ៌ស្វាយ" របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។ ក្រៅ​ពី​នេះ​អ្នក​ស្រី​ក៏​បាន​លើក​បទទាំងអស់ដែលអ្នកស្រីធ្លាប់ចម្រៀង ទៅ​ច្រៀង​តាម​កម្មវីធី​ផ្សេងៗ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ