លោកជំទាវឱ វណ្ណឌីន ពោលពាក្យយ៉ាងរំជួលចិត្ត លើកដៃសំពះអង្វរកុំទម្លាក់កំហុសដាក់អ្នកនេះ អ្នកនោះ

  • 2020-11-29 07:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយជំងឺកូវីដ ១៩ បានឆ្លងចូលសហគមន៍ជាលើកដំបូងនៅក្នងប្រទេសកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភ និងភាពភ័យខ្លាចចំពោះប្រជាជនកម្ពុជាបានកើតឡើងសារជាថ្មី ថ្នាក់ដឹកនាំប្រទេស និងប្រជាជនត្រូវឆ្លងកាត់នូវឧបសគ្គ ភាពស្មុគស្មាញសារជាថ្មី ។ ទន្ទឹមនឹងនោះដែរក៏មានមតិមហាជនបានលើកឡើងជាបន្តបន្ទាប់ពីចំណុចអវិជ្ជមានមួយចំនូន ដែលនាំឱ្យជំងឺនេះបានវាយលុកជាថ្មីមកប្រទេសកម្ពុជា ។ នាមជាថ្នាក់ដឹកនាំមួយរូប និងជាមន្ត្រីជាន់ខ្ពស់ដ៏សំខាន់ មានស្នាដៃដ៏ល្អក្នុងការប្រយុទ្ធទប់ស្កាត់កូវីដ ១៩ អស់ជិត ១ ឆ្នាំមក លោកជំទាវ បានធ្វើការផ្ញើសារជាសំឡេងមួយពោរពេញដោយអត្ថន័យ និងរំជួលចិត្តជាខ្លាំង ។

ខាងក្រោមនេះជាសម្រង់សម្ដីទាំងស្រុងរបស់លោកជំទាវ ឱ ​វណ្ណឌីន ៖ ​

«ខ្ញុំសូមឆ្លេីយនូវសំណួរទាំងប៉ុន្មានខាងលេីដោយទាំងមិនទាន់បានធ្មេចសោះឡេីយតាំងពីថ្ងៃម្សិលមុិញមកទល់ពេលនេះថា៖ ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និង របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ» ។

«ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៌»។

«នៅប្រទេសគេដែលមានធនធានច្រេីនជាងយេីងផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែបនាក់ដែរ ។ ប្រទេសយេីងតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហេីយ ដែលមិនមានការចម្លងចូលសហគមន៌ ទេីបតែថ្ងៃនេះទេ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានសម្រាន្ត ធ្វេីការទាំងយប់ទាំងថ្ងៃ ដេីម្បីទប់ការរាតត្បាតបន្ត និងដេីម្បីសុខភាពទាំងអស់គ្នា»។

«សង្ឃឹមថា ក្នុងស្មារតីសាមគ្គីភាព រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ យេីងនឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា។ អរគុណច្រេីន»

សូមបញ្ជាក់ថា ជំងឺកូវីដ ១៩ បានវិលមកជាថ្មីជាការចម្លងចូលសហគមន៍ក្រោយក្រសួងបានប្រកាសរកឃើញឯកឧត្ដម ឆែម សាវុធ និងភរិយា បានឆ្លងជំងឺកូវីដ ១៩ និងរកឃើញមនុស្ស ៤ នាក់ទៀតនៅក្នុងបុរីប៉េង ហួត បានឆ្លងបន្តបន្ទាប់ ។ អ្វីដែលធ្វើឱ្យក្រសួងមានការព្រួយបារម្ភខ្លាំងនោះ ព្រោះនេះជាការចម្លងបន្តគ្នាក្នុងស្រុក ហើយមុនតេស្តរកឃើញអ្នកជំងឺបានធ្វើដំណើរជាច្រើនកន្លែងដូចជាទៅកាន់ផ្សារទំនើបអ៊ីអន ១ ទៅក្រុងសៀមរាប សណ្ឋាគារភ្នំពេញ ជាដើម ។

បច្ចុប្បន្ននេះក្រសួងបានចេញវិធានការបន្ទាន់ៗជាបន្តបន្ទាប់ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលដើម្បីយកសំណាកវត្ថុធ្វើតេស្ត និងធ្វើចត្តាឡីស័ក ។ ក្នុងនោះផងដែរពេលនេះក្រសួងក៏បានផ្អាកដំណើរការសាលារៀន AIS សាខាចាក់អង្រែជាបណ្ដោះអាសន្ន និងបិទសណ្ឋាគារភ្នំពេញ ២ ថ្ងៃ ដែលបានជាប់ពាក់ព័ន្ធនឹងគ្រួសារអគ្គនាយកពន្ធនាគារ ៕

អត្ថបទ៖ វឌ្ឍនៈ