ឆ្លៀតណាស់! ឌឿ វិសាល កំពុងរកឱកាសដកឃ្លាពីការងារគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីថតMV ពិសេសមួយ
- 2021-03-05 03:25:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លៀតណាស់! ឌឿ វិសាល កំពុងរកឱកាសដកឃ្លាពីការងារគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីថតMV ពិសេសមួយ
ចន្លោះមិនឃើញ
តារាចម្រៀងOriginal Song ឌឿ វិសាល ហៅធូ កំពុងមមាញឹកក្នុងបេសកកម្មប្រមូលវត្ថុសំណាកពីអ្នកសង្ស័យថាមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ។ ទន្ទឹមគ្នានេះលោកក៏ឆ្លៀតនិពន្ធចម្រៀង១បទសម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ជិតចប់ហើយដែរ។
លោក ឌឿ វិសាល ដែលបានទម្លាក់ចោលការងារគ្រូពេទ្យនៅគ្លីនិកឯកជនផ្ទាល់ខ្លួនមួយ និងបែកពីក្រុមចម្រៀងរបស់ខ្លួនប្រមាណ១ឆ្នាំទៅហើយនោះ បានប្រាប់Sabay នៅថ្ងៃទី៥ ខែមីនា ថា រូបលោកបាននិពន្ធ និងច្រៀងចេញជា MP3 ជិតចប់ ហើយជិតដល់ថ្ងៃចូលឆ្នាំលោកនឹងចេញជាMV តែម្ដង។
លោកថា ខ្លឹមសាររួម នៃចម្រៀងមួយបទដែលលោកមិនទាន់បង្ហើបពីចំណងជើងនេះ គឺជាចង្វាក់រាំវង់ ហើយបរិយាយពីបេសកកម្មមនុស្សធម៌របស់លោកក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ឌឿ វិសាល៖"បានដកឃ្លាបន្ដិចពីការងារកូវីដ-១៩ ខ្ញុំនឹងចេញថតហើយបង ឥឡូវសម្រេចបានស្ទើរ១០០% ហើយសម្រាប់MP3"។
តារាចម្រៀងOriginal Song ឌឿ វិសាល បានបង្កើតក្រុមចម្រៀងរបស់ខ្លួនតាំងពីឆ្នាំ២០១៤។ គិតមកដល់ពេលនេះលោកបានចេញបទចម្រៀងទាំងច្រៀងទោល និងចម្រៀងជាក្រុមបានចំនួន២០បទហើយ។ ចំពោះបទទី២១ ដែលជាស្នាដៃរបស់លោកគ្រោងចេញចំថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ គឺជាបទដែលលោកពិបាកធ្វើបំផុតព្រោះលោកត្រូវឆ្លៀតពេលពីការងារដ៏មមាញឹកក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីនិពន្ធ និងថត ខណៈស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ថមថយ៕