ឡានចិនធ្វើឲ្យអ្នកឌឺរឿង "Made in China” ភ្លឺភ្នែក ក្រោយធ្វើតេស្តសុវត្ថិភាពបាន "ផ្កាយ៥" (វីដេអូ)

  • 2021-09-09 03:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តចិន Lynk & Co និង Nio បានបង្ហាញថា រថយន្តផលិតដោយចិនពិតជាមានសមត្ថភាព អាចប្រកួតប្រជែងជាមួយនឹងគេបានមែន បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានយករថយន្តរបស់ខ្លួន គឺ Lynk & Co 01 និង Nio ES8 ទៅធ្វើតេស្តសុវត្ថិភាព Euro NCAP ហើយទទួលបានលទ្ធផល "ផ្កាយ៥” ពេញតែម្តង។

រថយន្ត Lynk & Co 01
រថយន្ត Nio ES8

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ រថយន្ត Lynk & Co 01 ទទួលបានពិន្ទុខ្ពស់ជាង Audi Q4 e-tron និង Volkswagen ID.4 ទៅទៀត នៅពេលនិយាយដល់រឿងការពារអ្នកដំណើរជាមនុស្សពេញវ័យ ពោលគឺវាទទួលបានពិន្ទុ ៩៦% (ឬ ៣៦,៨/៣៨ពិន្ទុ) នៅក្នុងវិញ្ញាសារ Adult Occupant Protection Test។

រថយន្ត Lynk & Co 01

មិនតែប៉ុណ្ណោះ វាខ្វះតែ ០,១ពិន្ទុប៉ុណ្ណោះដើម្បីទទួលបានពិន្ទុពេញ នៅក្នុងការធ្វើតេស្តដែលពាក់ព័ន្ធជាមួយនឹងក្មេងអាយុក្រោម ១០ឆ្នាំ។ លើសពីនេះទៅទៀត ការដែលមិនមានទំពក់ថ្ពក់កៅអីកូនក្មេង Isofix នៅកៅអីមុខ និង ប្រព័ន្ធ Child Restraint Seat System ធ្វើឲ្យ Lynk & Co 01 ទទួលបានពិន្ទុត្រឹម ៨៧% នៅក្នុងវិញ្ញាសារ Child Occupant Safety Test។

រថយន្ត Lynk & Co 01

បន្ថែមពីនេះ រថយន្ត Lynk & Co 01 មានបំពាក់ប្រព័ន្ធហ្វ្រាំងជំនួយបន្ទាន់ Autonomous Emergency Braking ដែលអាចចាប់អ្នកដំណើរថ្មើរជើង និងអ្នកជិះកង់បានផងដែរ ហើយវាទទួលពិន្ទុ ៨១% នៅក្នុងវិញ្ញាសារ Safety Features។

រថយន្ត Nio ES8

ដោយឡែក រថយន្ត Nio ES8 ដែលជា SUV ប្រណីតរបស់ចិន ក៏ទទួលបានលទ្ធផល "ផ្កាយ៥" ពេញដែរ ដោយក្នុងនោះមានពិន្ទុ ៨២%, ៨៥% និង ៩២%៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម