DataU សហការជាមួយ USAID បណ្ដុះជំនាញ Data Science និង​បង្កើត​ឱកាស​ការងារ​ក្រោយ​វិបត្តិ​កូវីដ

  • 2021-09-17 09:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័នអប់រំជំនាញទិន្នន័យឈានមុខគេ DataU បានចាប់ដៃគ្នាជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីរអភិវឌ្ឍន៍អន្តរជាតិ (USAID) ជំរុញជំនាញទិន្នន័យ និងបង្កើតឱកាសការងាររួចរាល់សម្រាប់យុវជន យុវនារី កម្ពុជា ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយវិបត្តិកូវីដ១៩។

កម្មវិធីសិក្សារបស់ DataU នឹងជួយដល់យុវជនដែលងាយរងគ្រោះបំផុតនៅកម្ពុជាទទួលបានចំណូលបន្ថែម អំឡុងពេលកំពុងសិក្សានៅទីនេះ។ ការសហការរវាងទីភ្នាក់ងារ USAID និង DataU បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាប័ត្ររបស់និស្សិត DataU កាលពីថ្ងៃទី ១ កញ្ញា ឆ្នាំ ២០២១។

ប្រធានបេសកកម្មស្តីទីរបស់ទីភ្នាក់ងារប្រចាំកម្ពុជា លោកស្រី Hanh Nguyen ជួបសំណេះសំណាល និងពិភាក្សាជាមួយសិក្ខាកាមក្នុងវគ្គសិក្សាបច្ចុប្បន្ន និងសិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីឱកាសការងារសម្រាប់ពួកគេតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន។

ដោយមានការជួយជ្រោមជ្រែងពីពលរដ្ឋអាមេរិក និស្សិតដែលចង់បំប៉នជំនាញវិភាគទិន្នន័យ នឹងទទួលបានការគាំទ្រអំឡុងពេលសិក្សា និងភ្ជាប់ទៅកាន់ឱកាសការងារជាមួយក្រុមហ៊ុនជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឈានមុខនៅកម្ពុជា។

សម្រាប់យុវជន និងយុវនារីដែលមានអាយុក្រោម ៣៥ឆ្នាំ មានកម្រិតការសិក្សា និងសេដ្ឋកិច្ចស្របទៅតាមលក្ខខណ្ឌតម្រូវ ពិសេសអ្នកដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ចំពោះការសិក្សា និងសុខុមាលភាពអាចស្នើសុំជំនួយសិក្សាពីកិច្ចសហការនេះ។

ភាពជាដៃគូរវាងស្ថាប័នទាំងពីរគឺ បានផ្តល់ជាការគាំទ្រថវិកាលើការសិក្សាមួយផ្នែកធំដល់និស្សិត និងជួយបន្ថយការចំណាយដល់បណ្តាក្រុមហ៊ុនដែលត្រូវការអ្នកជំនាញជានិស្សិតបញ្ចប់ការសិក្សាយកទៅបម្រើការងារលើតម្រូវការលើជំនាញទិន្នន័យ។

តាមរយៈកម្មវិធីសិក្សាជំនាញ Data Science ក្រោមការជ្រោមជ្រែងដ៏សំខាន់ពីទីភ្នាក់ងារ USAID នេះ DataU នឹងជួយបង្ហាត់ និងបំប៉នជំនាញដល់យុវជនកម្ពុជាដែលចង់ក្លាយខ្លួនជា Data Specialist និង Data Engineer ជាច្រើនជំនាន់ដើម្បីជួយអភិវឌ្ឍឧស្សាហកម្ម 4.0 សម្រាប់កម្ពុជា និងបង្កើតឱកាសការងារដល់អ្នកដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩។

កម្មវិធីសិក្សាដែលមានរយៈពេល ៦ ខែ នឹងបំប៉នអ្នកចូលរួមលើជំនាញវិភាគទិន្នន័យ និងជំនាញដែលចាំបាច់ សម្រាប់ការងារ។ កម្មវិធីសិក្សាត្រូវបានចងក្រងជាពិសេសដោយមានការប្រឹក្សាជាមួយបណ្តាក្រុមហ៊ុនមានតម្រូវការជាក់ស្តែង និងសហគមន៍អ្នកជំនាញទិន្នន័យ ដើម្បីធានាថា សិក្ខាកាមបញ្ចប់ការសិក្សាពីកម្មវិធីទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីអាចធ្វើការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

តាមរយៈការវាយតម្លៃ ក្នុងរយៈពេល ៥ ឆ្នាំទៅមុខ នៅជុំវិញពិភពលោកត្រូវការអ្នកជំនាញផ្នែកទិន្នន័យរហូតដល់ 11.4 លាននាក់ ដែលអ្នកជំនាញផ្នែក Data Science ថ្នាក់កណ្តាលនៅកម្ពុជាដែលអាចទទួលបានចំណូលជាមធ្យម 18480 ដុល្លារក្នុងមួយឆ្នាំ ហើយតម្រូវការលើជំនាញនេះកើនឡើង 25% ជារៀងរាល់ឆ្នាំ។ ដូច្នេះ នេះជាជំនាញដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សេដ្ឋកិច្ចកម្ពុជា និងការបង្កើតឱកាសការងារថ្មីៗក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ។

ជំនួយពីទីភ្នាក់ងារ USAID នឹងជួយបន្ធូរបន្ថយតម្លៃសិក្សារហូតដល់ចន្លោះពី 50-75%។ និស្សិតដែលចូលសិក្សាក្នុងកម្មវិធីរបស់ DataU នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេអំឡុងពេលសិក្សា។ លើសពីនេះ DataU នឹងធ្វើការដោយផ្ទាល់ជាមួយនិស្សិតអំឡុងពេលសិក្សាដើម្បីស្វែងរកឱកាសការងារដែលត្រូវនឹងជំនាញ និងចំណង់ចំណូលចិត្តការងាររបស់ពួកគេ។ ហើយបន្ទាប់ពីបញ្ចប់ការសិក្សាសាលានៅបន្តជួយបំប៉នជំនាញបន្ថែម ឬឱកាសការងារដែលពួកគេត្រូវការ។

អ្វីដែល DataU Academy និង USAID ចង់ឃើញគឺ និស្សិតបញ្ចប់ការសិក្សា បានទៅបំពេញការងារ បង្កើនចំណូល សម្រាប់ខ្លួនឯង និងជួយរួមចំណែកលើកកម្ពស់ចំណូលសម្រាប់កម្ពុជាទាំងមូល។

នៅពេលដែលនិស្សិតបញ្ចប់ការសិក្សាកើនចំណូល ពួកគេក៏អាចជួយទៅដល់គ្រួសារ ជំនាន់ក្រោយៗ ផ្លាស់ប្តូរជីវភាព និងការរស់នៅបានកាន់តែល្អប្រសើរ ហើយសំខាន់ជាងនេះទៅទៀតនោះគឺ ពួកគេនឹងជួយបង្កើតដំណោះស្រាយថ្មីៗ រួមចំណែកដល់ការស្រាវជ្រាវ និងអភិវឌ្ឍ ក៏ដូចជាបង្កើតគុណតម្លៃសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្នុងកម្រិតប្រទេស គំនិតបង្កើតថ្មីក្នុងការអភិវឌ្ឍន៍សមត្ថភាពការងារនឹងជួយជំរុញផលទុនសរុប (GDP) ឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។

DataU និងទីភ្នាក់ងារ USAID សង្ឃឹមថា នឹងជួយរួមចំណែកលើកស្ទួយយុវជនកម្ពុជាកាន់តែច្រើនដើម្បីផ្លាស់ប្តូរអនាគតខ្លួន និងប្រទេសជាតិបានកាន់តែល្អប្រសើរតាមរយៈកិច្ចសហប្រតិបត្តិការនេះ៕