រឿងសំខាន់ៗបំផុតដែលនារីៗគួរធ្វើនៅក្នុងរដូវភ្ជុំបិណ្ឌ

  • 2021-09-19 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌបងប្អូនកូនចៅ សាច់ញាតិផៅសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា។

ទាំងនេះ គឺជាទម្លាប់មួយដែលគ្រួសារខ្មែរយើងនិយមធ្វើតៗគ្នា ជាយូរមកហើយ។​ ខាងក្រោមនេះគឺរឿងសំខាន់ៗបំផុត ពិសេសបងប្អូននារីៗគួរធ្វើនៅក្នុងរដូវភ្ជុំបិណ្ឌ៖

១-ការជួបជុំគ្រួសារ និងវេចនំគមអន្សមរួមគ្នា

ការជួបជុំគ្រួសារ នៅស្រុកកំណើត និងការវេចអន្សមការធ្វើនំគម អន្សម ដែលជាទំនៀមទំលាប់ប្រពៃណី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងយកទៅប្រគេនព្រះសង្ឃ ពិសេសចែកញាតិសណ្តានជិតឆ្ងាយតែងមានរាល់ៗឆ្នាំ។ ការចំណាយពេលវេលារបស់ខ្លួន ដើម្បីបង្ហាញភាពស្និទ្ធស្នាល និងជាទិដ្ឋភាពមួយដែលពោរពេញដោយភាពកក់ក្តៅ និងសុភមង្គល ដែលអ្នកមានគុណគ្រប់រូបតែងតែប្រាថ្នាចង់បាន។​​​

២-ត្រៀមកាត់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ

សម្លៀកបំពាក់បែបប្រពៃណីខ្មែរ​ មានអាវប៉ាក់ហូលផាមួង សំពត់បត់កន្សែងពានាសម្រាប់ស្លៀកទៅទីវត្តអារាម ការរៀបចំ​ខ្លួន​ទៅតាម​ពិធី​នី​មួយ​ៗ​បាន​ត្រឹមត្រូវ​ ​និង​សមសួន​ ​គឺជា​គោរព និងដឹងគុណ ក៏ដូចជាបង្ហាញពី​ភាព​ថ្លៃថ្នូរ​ ​និង​ភាព​ប៉ិនប្រសប់​របស់​បុគ្គល​ម្នា​ក់ៗ ពិសេសសុភាពនារីតែម្តង​។​​ យ៉ាងណាមិញ​ ​ខ្មែរ​ ​ជា​ជាតិសាសន៍​ដែល​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ទាំង​ការ​ស្លៀកពាក់​ ​ជាពិសេស​ក្នុង​កម្មវិធី​បុណ្យ​ទាន​ផ្សេង​ៗ​មិនថាតែភ្ជំបិណ្ឌនោះទេ។

៣.ធ្វើម្ហូបអាហារត្រៀមជូនព្រះរស់ពិសា និងសម្រាប់យកទៅប្រគេនព្រះសង្ឃ

ក្រៅពីការយកចង្ហាន់ទៅប្រគេនលោក កូនៗ និងក្រុមគ្រួសារទាំងមូល អាចចំណាយពេលវេលាជាមួយគ្នា។ ការធ្វើម្ហូបអាហារត្រៀមជូនព្រះរស់ពិសា និងសម្រាប់យកទៅប្រគេនព្រះសង្ឃគង់នៅវត្ត។

ក្រៅពីនេះការចូលរួមធ្វើបុណ្យឧទ្ទិសកុសលជាមួយគ្នា ជូនដល់ដូនតាដែលបានចែកឋាន ទៅហើយ តាមរយៈការ បោះបាយបិណ្ឌ រាប់បាត ពូនភ្នំខ្សាច់ ឬស្រង់ព្រះជាដើម ដើម្បីឲ្យចិត្តកាន់តែស្រស់ថ្លា ជាពិសេសនោះគឺ ដើម្បីបង្កើតពេលវេលាដ៏មានន័យ ជាមួយមនុស្សជាទីស្រឡាញ់នេះតែម្តង៕

អត្ថបទ៖ សិរីរតន៍

អត្ថបទពេញនិយម