ធ្លាយ​រឿង ​កីឡាករ Man Utd ​ម្នាក់​សួរ​លោក Ole ​មិច​បាន​ដាក់​Maguire ​ជា​ប្រធាន​ក្រុម​

  • 2021-10-27 08:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទំនាក់ទំនង​រវាង​អ្នក​ចាត់ការ Ole Gunnar Solskjaer ​ជាមួយ​កីឡាករ​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​ដឹង​ថា​បែក​បាក់​ខ្លាំង ​ជា​ពិសេស​ក្រោយ​ពី​លេង​ចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល ​០-៥។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​មក ​សមាជិក​​ក្រុម​​ចូល​បន្ទប់​ផ្លាស់​សំលៀកបំបាក់​ក៏​មាន​ការ​ប្រកែក​ជា​ខ្លាំង ​ជា​ពិសេស​ចំណុច​ដែល Pogba ​បាន​កាត​ក្រហម ​និង​សមាជិក​ម្នាក់​ៗ​មិន​មាន​អារម្មណ៍​ក្នុង​ការ​ប្រកួត។ វា​បាន​ធ្វើ​ឱ្យ​បិសាច​ក្រហម ​មាន​សាច់​បាល់​លេង​មិន​ល្អ ​សឹង​តែ​អន់​បំផុត​តែ​ម្ដង ដែល​បណ្ដោយ​ឱ្យ Liverpool ​រក​គ្រាប់​បាល់​បាន​ងាយ​ៗ​ក្នុង​តង់​ទី​១​រហូត​ដល់​៤​គ្រាប់។

ប្រភព​នៅ​អង់គ្លេស​ថែម​ទាំង​ទទួល​បាន​ដំណឹង​ទៀត​ថា​ក្នុង​ចំណោម​សមាជិក​ឈុត​ធំ​នោះ ​ក៏​មាន​ម្នាក់​បាន​ដាក់​សំនួរ​ទៅ​លោក Ole ​ទាក់ទង​នឹង​ការ​តែងតាំង​ប្រធាន​ក្រុម Harry Maguire ​ថែម​ទៀត។ ​ដោយ​រូបគេ​ចង់​ដឹង​ហេតុផល​អ្វី​បាន​ជា​អ្នក​ចាត់ការ​ន័រវែស​រូប​នេះ​សម្រេច​យក​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ជា​ប្រធាន​ក្រុម? ខណៈ​ដែល​រូបគេ ភាគ​ច្រើន​បាន​បង្ក​កំហុស​ឱ្យ​ដៃ​គូ​បង្កើត​ឱកាស​ជា​ញឹកញាប់ ​មិន​និយាយ​​តែ​ក្នុង​ប្រកួត​ជាមួយ​ក្រុម Liverpool ​នោះ​ទេ។

រំលឹក​ថា ​Maguire ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដែល​ក្រុម Man Utd ​ទិញ​ពី​ក្រុម Leicester City ​មក​កាល​ពី​ឆ្នាំ​២០១៩​ក្នុង​តម្លៃ​៨០​លាន​ផោន។ ​ចូល​លេង​នៅ Old Trafford ​បាន​ត្រឹម​៦​ខែ រូបគេ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​តែ​ម្ដង រហូត​មក​ដល់​បច្ចុប្បន្ន៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត