ធនាគារ ABA បកស្រាយករណីកំហុសបច្ចេកទេសធ្វើឲ្យ App គាំងមិនអាចចូលប្រើបានថ្ងៃមុន

  • 2021-11-29 06:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA បានចេញសេចក្តីប្រកាសព័ត៌មានមួយអំបាញ់មិញនេះ ដោយរបៀបរាប់ដំណើការកំហុសបច្ចេកទេសដែលបានរកឃើញបណ្ដាលឲ្យ App នៅលើទូរសព្ទដៃ គាំងមិនអាចចូលប្រើ​បាន​កាលពីថ្ងៃទី ២៥ ចុងសប្ដាហ៍​មុន។ ធនាគារក៏បានធានាអះអាងជូនផងដែថា​ គ្មាន​ការខូចខាត ឬ បាត់បង់ទឹកប្រាក់​របស់អតិថិជនឡើយ។

សូមអានសេចក្តីលម្អិតដូចមានរៀបរាប់ខាងក្រោម៖ “អតិថិជនជាទីគោរព! កាលពីថ្ងៃព្រហស្បតិ៍ ទី 25 កន្លងទៅ លោកអ្នកមិនអាចចូលប្រើប្រាស់គណនី ABA របស់ខ្លួនបាន ដោយសារសេវារបស់យើងខ្ញុំ បានអាក់ដំណើរការដោយចៃដន្យ។ ក្រោយពីបានរកឃើញកំហុសបច្ចេកទេស ដែលបានកើតឡើង អំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធធនាគារត្រូវបានធ្វើឡើងនៅពេលយប់ជាប្រក្រតី យើងខ្ញុំបាន ប្រើប្រាស់ផែនការបម្រុងសម្រាប់ធុរកិច្ច (Business Contingency Plan) ជាបន្ទាន់ និងចាប់ផ្ដើមដំណើរការ ប្រព័ន្ធឡើងវិញដោយទាញទិន្នន័យបម្រុងទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់យើង។ ក្នុងរយៈពេល ជាច្រើនម៉ោង រាល់សេវារបស់យើងត្រូវបានដំណើរការឡើងវិញ។ ក្នុងអំឡុងពេលដែលសេវារបស់ យើងមិនដំណើរការ យើងខ្ញុំសូមធានាអះអាងថា មិនមានការខូចខាត ឬបាត់បង់ណាមួយកើតឡើង ចំពោះធនាគារហើយទឹកប្រាក់របស់អតិថិជនទាំងអស់ សុទ្ធតែមានសុវត្ថិភាពដូចធម្មតា។”

ABA ក៏បានបន្ថែមទៀតថា៖ "យើងខ្ញុំយល់យ៉ាងច្បាស់អំពីផលប៉ះពាល់ដែលលោកអ្នកទទួលរងពីការអាក់ដំណើរការ ហើយយើងខ្ញុំ សូមសម្ដែងការសោកស្ដាយចំពោះបញ្ហារំខាននិងក្ដីបារម្ភដែលបង្កឡើងដោយហេតុការណ៍ ជាយថាភាពនេះ។ យើងខ្ញុំសូមធានាជូនថា យើងខ្ញុំបានខិតខំព្យាយាមធ្វើការជាមួយភាគីទីបី ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធ ធនាគារយើងខ្ញុំ ដើម្បីរកឲ្យឃើញនូវឫសគល់នៃបញ្ហា ហើយនឹងខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បី ធានាថាបញ្ហាបែបនេះ នឹងមិនកើតមានម្ដងទៀតនៅពេលខាងមុខ។ ខណៈពេលដែលយើងខ្ញុំ កំពុងស្វែងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង យើងខ្ញុំពិតជាមានសេចក្ដី រីករាយជាខ្លាំងដោយបានទទួលការគាំទ្រនិងអធ្យាស្រ័យពីអតិថិជន។ យើងខ្ញុំសូមសម្ដែងការកោតសរសើរ ក៏ដូចជាអរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាអតិថិជនរូបវន្តនិងអតិថិជនសាជីវកម្ម អ្នកផ្គត់ផ្គង់និងស្ថាប័នរាជរដ្ឋាភិបាលចំពោះកិច្ចសហការ និងការយោគយល់ រួមជាមួយការផ្ដល់មតិដ៏មានតម្លៃដែលជួយឲ្យយើងខ្ញុំដំណើរការសេវាកម្មឡើងវិញ។ យើងបានឆ្លងកាត់បញ្ហានេះទាំងអស់គ្នា និងសូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក។ អតិថិជនរបស់យើងតែងតែ និងនៅតែជាតម្លៃស្នូលដ៏សំខាន់លើរាល់អ្វីៗដែលយើងខិតខំធ្វើ។ ជាថ្មីម្ដងទៀត យើងខ្ញុំពិតជាយល់ពីផលប៉ះពាល់ ដែលបង្កឡើងដោយបញ្ហានេះ ហើយយើងខ្ញុំសុំការអភ័យទោសពីសំណាក់អតិថិជនទាំងអស់។"

ABA សន្យាថានឹងបន្ដស្វែងរក ក៏ដូចជានាំយកសេវាកម្ម និងផលិតផលថ្មីៗទំនើប សុវត្ថិភាពនិងសន្ដិសុខខ្ពស់ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។ ជាកិត្តិយសរបស់យើងខ្ញុំក្នុងការបម្រើលោកអ្នក និងសូមអរគុណរាល់ការអត់ធ្មត់ ការយោគយល់អធ្យាស្រ័យ ការជឿជាក់ និងទំនុកចិត្តចំពោះធនាគារ ABA ៕

អត្ថបទ៖ រក្សា