មកដឹងតម្លៃរថយន្ត Hybrid មួយទឹកទាំង ៧ម៉ូឌែល សន្សំសំចៃសាំងបានច្រើន ពេញនិយមនៅស្រុកយើង

  • 2022-01-19 09:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ទីផ្សាររថយន្តអគ្គិសនីមានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃសាំង ក៏កំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ រថយន្តអគ្គិសនីជាច្រើនបានចេញលក់នៅលើទីផ្សារអន្តរជាតិ ប៉ុន្តែនៅមិនទាន់មានការប្រើប្រាស់ច្រើននៅក្នុងស្រុកយើងឡើយ។ ការមិនសូវពេញនិយមនោះ គឺព្រោះតម្លៃរបស់វានៅថ្លៃ បើប្រៀបនឹងរថយន្តដែលប្រើឥន្ធនៈ ទោះបីដឹងថា វានឹងជួយសន្សំសំចៃបានច្រើនក៏ដោយ។

ដោយឡែក នៅក្នុងស្រុកយើង ក៏មានប្រើប្រាស់រថយន្ត Hybrid ដែលដើរដោយអគ្គិសនីផង និងឥន្ធនៈផង ច្រើនដែរ ព្រោះវាហាក់ដូចជាមានតម្លៃសមរម្យ និងជួយសន្សំបានច្រើន។ ថ្ងៃនេះ Sabay នឹងលើកយករថយន្ត Hybrid ចំនួន៧ម៉ូឌែល ដែលកំពុងពេញនិយមនៅក្នុងស្រុកយើង មកបង្ហាញជូន។

១. Toyota Pruis

Prius 2010

បើនិយាយពីរឿងសន្សំសំចៃ គេមិនដែលរំលងឡើយពីរថយន្តប្រភេទ **Hatchback** មួយនេះ។ សព្វថ្ងៃ គេច្រើនឃើញ **Toyota Prius** តែជំនាន់ទី២ (២០០៤-២០០៩) និង ទី៣ (២០១០-២០១៥) ប៉ុណ្ណោះ ព្រោះវាមានតម្លៃសមរម្យ និងសម្បូរគ្រឿងបន្លាស់។ សម្រាប់ Prius ជំនាន់ទី២ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ១១០សេះ។

ចំណែកឯ Prius ជំនាន់ទី៣ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រដដែល ប៉ុន្តែខ្លាំងជាងមុន អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ១៣៤សេះ។ កម្រិតស៊ីសាំងនៃរថយន្តទាំង ២ម៉ូឌែលនេះ គឺប្រហាក់ប្រហែល ៤ ទៅ ៦លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ លោកអ្នកអាចរកទិញរថយន្ត Prius ជំនាន់ទី២ និង ទី៣ បានក្នុងតម្លៃប្រហែលខ្ទង់ ១ម៉ឺនដុល្លារស្តើង ដល់ ២ម៉ឺនដុល្លារស្តើងទៅតាមគុណភាព និង Option។

២. Lexus CT200H

Lexus CT200H

ផ្នែកគ្រឿងម៉ាស៊ីននៃរថយន្ត Lexus CT200H មិនខុសពី Toyota Prius ជំនាន់ទី៣ ប៉ុន្មានឡើយ ព្រោះវាប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាតែមួយពី Toyota។ ចំណុចមួយដែលធ្វើឲ្យរថយន្តនេះមានភាពលេចធ្លោជាង Prius គឺដោយសារតែវា មានគុណភាពផលិតល្អជាង និងទំនើបជាង។ លោកអ្នកអាចរកទិញវាបានក្នុងតម្លៃប្រហែលខ្ទង់ ២ម៉ឺនដុល្លារក្រាស់ នៅក្នុងទីផ្សារស្រុកយើង។

៣. Toyota Camry Hybrid

Toyota Camry Hybrid

Toyota Camry Hybrid ដែលគេនិយមហៅថា 07 Hybrid នោះ ក៏ទទួលបានការពេញនិយមច្រើនដែរ ព្រោះវាមានម៉ាស៊ីនធំ តួធំ និងមានភាពងាយស្រួលក្នុងការបើកបរជាងរថយន្ត Prius។ វាស័ក្កសមសម្រាប់អ្នកដែលត្រូវការរថយន្តបែប Sedan មានទំហំធំល្មម សម្រាប់ប្រើប្រាស់ក្នុងក្រុង។ Toyota Camry Hybrid មានចាប់ពីឆ្នាំ២០០៧ ឡើងទៅ ហើយម៉ូឌែល ២០០៧ នេះ គឺពេញនិយមជាងគេ។ ម៉ាស៊ីនដែលបំពាក់លើរថយន្តនេះ ជាម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ១៨៧សេះ។ កម្រិតស៊ីសាំងនៃរថយន្តមួយនេះ គឺប្រហាក់ប្រហែល ៦ ទៅ ៧លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូមែត្រ។ លោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហែលខ្ទង់ ២ម៉ឺនដុល្លារនៅក្នុងទីផ្សារស្រុកយើង។

៤. Toyota Highlander Hybrid 2008

Toyota Highlander Hybrid

សម្រាប់អ្នកដែលមានសមាជិកគ្រួសារច្រើន ឬឧស្សាហ៍ជិះទៅខេត្ត នោះ Toyota Highlander Hybrid 2008 គឺជាជម្រើសដ៏ល្អបំផុត។ រថយន្តនេះជាប្រភេទ SUV តួខ្ពស់មានជម្រើសកៅអី ៥ ដល់ ៧ ទៅតាមតម្រូវការ។ ម៉ាស៊ីនដែលបំពាក់លើរថយន្តនេះ ជាម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ២៧០សេះ វិលដោយកង់ទាំង ៤ ល្មមបើកលើផ្លូវខេតុ្ត។ កម្រិតស៊ីសាំងនៃរថយន្តនេះ គឺប្រហាក់ប្រហែល ៩ លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូមែត្រ។ លោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហែលខ្ទង់ ៣ម៉ឺនដុល្លារ ដល់ជិត ៥ម៉ឺនដុល្លារ ទៅតាមគុណភាព និង Option នៅក្នុងទីផ្សារស្រុកយើង។

៥. Lexus RX400H

Lexus RX400H

Lexus RX400H ក៏ជារថយន្តដែលសន្សំសំចៃខ្លាំងផងដែរ វាមានរូបរាងខាងក្រៅដូច Lexus RX330 ឆ្នាំ២០០៤ ដែរ ប៉ុន្តែមិនស៊ីសាំងច្រើនដូច RX330 ឡើយ។ ម៉ាស៊ីនដែលបំពាក់លើរថយន្តនេះ ជាម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ២៦៨សេះ វិលដោយកង់ទាំង៤។ កម្រិតស៊ីសាំងនៃរថយន្តនេះ គឺប្រហាក់ប្រហែល ៩ លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូមែត្រ។ លោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហែលខ្ទង់ ៣ម៉ឺនដុល្លារ ដល់ ៤ម៉ឺនដុល្លារ ទៅតាមគុណភាព និង Option នៅក្នុងទីផ្សារស្រុកយើង។

៦. Lexus RX450H

Lexus RX450H

Lexus RX450H គឺជាជំនាន់ក្រោយនៃរថយន្ត RX400H ដោយចេញលក់ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៥។ ម៉ាស៊ីនដែលបំពាក់លើរថយន្តនេះ ជាម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ៣០៨សេះ វិលដោយកង់ទាំង៤។ កម្រិតស៊ីសាំងនៃរថយន្តនេះ គឺប្រហាក់ប្រហែល ៩ លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូមែត្រ។ លោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហែលខ្ទង់ ៤ម៉ឺនដុល្លារ ដល់ ៥ម៉ឺនដុល្លារ ទៅតាមគុណភាព និង Option នៅក្នុងទីផ្សារស្រុកយើង។

៧. Lexus NX 300H

Lexus NX 300H

ចុងក្រោយគេនេះ ក៏ជារថយន្តថ្លៃជាងគេដែរ ទោះបីជាវាមានរូបរាងតូចជាង SUV ទាំង ៣ខាងលើ តែវាមានឆ្នាំផលិតខ្ពស់ជាងគេ និងអាចនិយាយបានថា វាមានបច្ចេកវិទ្យាទំនើបជាងគេ។ Lexus NX 300H បំពាក់ម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ២,៥លីត្រ អមដោយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងសរុបបាន ១៩៤សេះ វិលដោយកង់ទាំង៤។ កម្រិតស៊ីសាំងនៃរថយន្តនេះ គឺប្រហាក់ប្រហែល ៧ លីត្រក្នុងចម្ងាយ ១០០គីឡូមែត្រ។ លោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហែលខ្ទង់ ៥ម៉ឺនដុល្លារក្រាស់ ទៅតាមគុណភាព និង Option នៅក្នុងទីផ្សារស្រុកយើង។

សម្រាប់អ្នកដែលចង់បានរថយន្តដែលស៊ីប្រេងតិច ហើយទំនើប អាចពិចារណារថយន្តទាំង ៧ម៉ូឌែលខាងលើនេះបាន ព្រោះវាងាយស្រួលរកទិញ និងរក្សាតម្លៃបានល្អនៅពេលចង់លក់ចេញវិញ។ ចំពោះតម្លៃដែល Sabay បានផ្តល់ជូនខាងលើ អាចមានការប្រែប្រួលទៅតាមទីផ្សារជាក់ស្តែង៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី