ABA បរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី
- 2022-05-23 11:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ABA បរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខ និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មមួយរបស់ កម្ពុជា បានបរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ទឹកប្រាក់ នេះ ត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យសម្រាប់ការសាងសង់អគារទី 2 ដើម្បីផ្ដល់ការព្យាបាលដល់ ប្រជាជនប្រមាណ 469,000 នាក់ (ក្នុងនោះ 239,000 នាក់ជាស្ដ្រី) ដែលរស់នៅក្នុងស្រុកចំនួនបួនក្បែរនោះ និងលើកកម្ពស់គុណភាពនៃការធ្វើរោគវិនិច្ឆ័យ។
ពិធីប្រគល់ប្រាក់បរិច្ចាគនេះ ធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោកស្រីធាម រមណី នាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់នៃធនាគារ ABA រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។
ថ្លែងក្នុងពិធីនេះផងដែរ លោកស្រី ធាម រមណី មានប្រសាសន៍ថា៖ "មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានតួនាទីយ៉ាង សំខាន់លើគ្រប់ទិដ្ឋភាពក្នុងការជួយថែរក្សា និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ។ ABA គាំទ្រយ៉ាងពេញទំហឹងនៃការសាងសង់អគារទី 2 ដើម្បីផ្ដល់សមត្ថភាពព្យាបាលកាន់តែប្រសើរ និងបរិក្ខារពេទ្យដែលមានសេវាកម្មច្រើនទូលំទូលាយជាងអគារដែលកំពុងមានស្រាប់។ ការរួមចំណែកដ៏ ស្ដួចស្ដើងរបស់យើងខ្ញុំ បានឆ្លុះបញ្ចាំងពីការបន្ដការប្ដេជ្ញាចិត្តរបស់ ABA ក្នុងការឲ្យផលជាវិជ្ជមានដល់ សហគមន៍មូលដ្ឋាន ហើយយើងខ្ញុំក៏សង្ឃឹមថា ការរួមចំណែកនេះនឹងជួយក្រុមគ្រូពេទ្យក្នុងការបំពេញការងារដ៏មាន តម្លៃរបស់ពួកគាត់ផងដែរ។"
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1966 ជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងខេត្តត្បូងឃ្មុំ។
កាលពីដើមឆ្នាំនេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាដល់ TYDA និង AMT ក្នុងមួយអង្គការ 100,000 ដុល្លារអាមេរិក និងបានបរិច្ចាគថវិកា 200,000 ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌៕