កីឡាករក្រសួងមហាផ្ទៃ៣រូបចូលជំរុំហ្វឹកហាត់ជម្រើសជាតិ U20 និងជម្រើសជាតិឈុតធំ

  • 2024-05-04 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករវ័យក្មេងមានទេព្យកោសល្យនៃសមាគមបាល់ទះក្រសួងមហាផ្ទៃ៣រូបត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា កោះហៅឲ្យចូលក្រុមបាល់ទះជម្រើសជាតិអាយុក្រោម២០ឆ្នាំ និងជម្រើសជាតិឈុតធំ​កាល​ពី​ពេល​ថ្មីៗ​។

កីឡាករវ័យក្មេងទាំង៣រូបនោះមានដូចជាកីឡាករជំនាញប៉ះសេ កែវ ស្រេងលីហួរ កីឡាករស្មាត់ស្ដាំ ឆោម ទីណា និងកីឡាករដេញបាល់លឿន មុត រ៉ាណាត់។

កីឡាករទាំងបីរូបនេះសុទ្ធតែជាធនធានបាល់ទះល្អៗមានសមត្ថភាព និងមានភាពឈ្លាសវ័យ ហើយពួកគេទៀតសោតជាកីឡាករលេងទាំងឈុតធំនិងឈុតយុវជននៅសមាគមបាល់ទះក្រសួងមហាផ្ទៃ។

អ្នកប៉ះសេ កែវ ស្រេងលីហួរ លើកពាន​សម្ដេច​ក្រឡា ហោម សខេង ឆ្នាំ​២០២៣

បើផ្អែកតាមប្រភពដ៏ទុកចិត្តមួយដែលស្និតនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា កែវ ស្រេងលីហួរ និង ឆោម ទីណា ត្រូវហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ហើយ កែវ ស្រេងលីហួរ និង មុត រ៉ាណាត់ ត្រូវហ្វឹកហាត់ជាមួយក្រុមធំ។ ត្រង់ចំណុចនេះ លីហួរ ដែលជាអ្នកប៉ះសេវ័យក្មេងនិង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់ទំនុកចិត្តឱ្យ​ចូល​រួម​ទាំងឈុតតូចនិងឈុតធំ។

ស្មាត់​ស្ដាំ ឆោម ទីណា លើកពាន​កីឡាជាតិ​ឆ្នាំ​២០២៣

នេះជាឱកាសល្អបំផុតដែលយុវជនទាំងបីខាងលើ ដើម្បី​កសាងស្នាដៃជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ​​នានា​នា​ពេល​ខាង​មុខ​។ កែវ ស្រេងលីហួរ, ឆោម ទីណា និង មុត រ៉ាណាត់ ត្រូវខិតខំឲ្យបានខ្លាំងក្លាដើម្បីបានកៅអី១៤នាក់ចុងក្រោយ ដូចលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជា​អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន​លើកឡើងអ៊ីចឹង ការកោះហៅឲ្យចូលរួមហ្វឹកហាត់នេះមិនមែនប្រាកដថាជាប់ឡើយ ព្រោះកៅអីជម្រើសជាតិជាកន្លែងក្ដៅ អ្នកមានសមត្ថភាពទើបអង្គុយបាន ដូច្នេះពួកគេត្រូវប្រឹងប្រែងឲ្យអស់ពីកម្លាយកាយចិត្ត ដើម្បីទទួលបានសិទ្ធិក្នុងនាមជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជាពិត​ប្រាកដ​។

កីឡាករដេញបាល់​លឿន មុត រ៉ាណាត់ លើកពាន​សម្ដេច​ក្រឡា ហោម សខេង ឆ្នាំ​២០២៣

កាល​ពី​ពេល​ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​កោះហៅ​យុវជន​មក​ពី​​ក្លឹប​​បី​ផ្សេងគ្នា​ដូចជា​សមាគម​បាល់ទះ​វិសាខា ក្លឹប​បាល់ទះ​ស្នងការរដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​មក​ធ្វើ​តេស្ត ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ សហព័ន្ធ​មិន​ទាន់​បង្ហាញ​ឱ្យ​ដឹង​ពី​សមាសភាព​យុវជន U20 កម្ពុជា​ថាកីឡាករណា​ខ្លះជាប់​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​នា​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខក្រុមជម្រើសជាតិបាល់ទះកម្ពុជាអាយុក្រោយ២០ឆ្នាំនឹងហោះទៅប្រទេសថៃ ដើម្បីប្រកួត​ជម្រុះ​ជាមួយ U20 វៀតណាម ក្នុង​ពានរង្វាន់បាល់ទះជើងឯកអាស៊ី Asian Men's U20 Volleyball Championship។ ក្រុម​ណា​ឈ្នះ​​នឹង​ទៅលេងវគ្គ​ផ្ដាច់ព្រ័ត្រនៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ​២០២៤​៕

អត្ថបទ៖ Um Sopheak