Xavi អាចនឹងត្រូវបានបញ្ចប់ពីតំណែង
- 2024-05-17 12:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi អាចនឹងត្រូវបានបញ្ចប់ពីតំណែង
ចន្លោះមិនឃើញ
លោក Xavi អាចនឹងត្រូវបានបញ្ចប់ពីមុខតំណែងជាគ្រូបង្វឹកក្លឹបអ្នកមានបុណ្យ Barcelona។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ដំណឺងដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយពេលជាង ១ ខែប៉ុណ្ណោះ ដែលទាំងភាគីក្លឹបអ្នកមានបុណ្យ និងលោក Xavi បានឯកភាពគ្នាថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងបន្តដឹកនាំក្លឹបរហូតដល់ឆ្នាំ ២០២៥។
យោងតាមរបាយការណ៍ចុងក្រោយ បានឲ្យដឹងថា ថ្នាក់ដឹកនាំក្លឹប Barca ជាពិសេសពីសំណាក់ប្រធានក្លឹបលោក Joan Laporta មិនសប្បាយចិត្តនឹងការលើកឡើងមួយចំនួនរបស់ Xavi កាលពីពេលថ្មីៗនេះ ទាក់ទងនឹងសមត្ថភាពហិរញ្ញវត្ថុរបស់ក្លឹបអ្នកមានបុណ្យ។ នាពេលនោះ អ្នកសារព័ត៌មានបានសួរ Xavi អំពីចំណាប់អារម្មណ៍របស់លោកទាក់ទងនឹងភាពប្រកួតប្រជែងរបស់ Barca នាពេលអនាគត។ គ្រូបង្វឹករូបនេះឆ្លើយតបថា លោកនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំ Barcelona ដើម្បីប្រជែងពានធំៗទាំងអស់។ ទោះជាយ៉ាងណា Barcelona នៅពេលនេះ មិនមែនដូច Barcelona ២៥ ឆ្នាំមុនឡើយ ដោយឥឡូវក្លឹបមិនមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងផ្ទេរចូលកីឡាករដែលល្អៗស្រេចនឹងចិត្តនោះទេ។ ការណ៍នេះបង្កជាបញ្ហាដ៏ធំមួយដែលប៉ះពាល់កម្រិតសមត្ថភាព និងភាពប្រកួតប្រជែងរបស់ក្លឹប បើធៀបនឹងក្លឹបអ្នកមានៗដទៃទៀតនៅអឺរ៉ុប។ នេះបើតាមការលើកឡើងបន្ថែមរបស់ Xavi។
ក្រោយនិយាយបែបនេះ ថ្នាក់ដឹកនាំរបស់ Barca ត្រូវបានរាយការណ៍ថា មិនសប្បាយចិត្តយ៉ាងខ្លាំងនឹងពាក្យសម្ដីទាំងអស់នេះ រហូតដល់កោះប្រជុំដើម្បីពិភាក្សាគ្នាអំពីអនាគតរបស់ Xavi។ បើតាមពាក្យចចាមអារ៉ាមមួយចំនួន ថ្នាក់ដឹកនាំរបស់ Barca អាចនឹងមានភាគរយខ្ពស់ក្នុងការបញ្ចប់ការងាររបស់ Xavi ពីតំណែងគ្រូបង្វឹកក្លឹប។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានការសម្រេចជាផ្លូវការណាមួយនៅឡើយទេពីសំណាក់ក្លឹបអ្នកមានបុណ្យ។
នៅពេលជាកីឡាករអាជីព Xavi គឺជាវីរបុរសរបស់ក្លឹប Barcelona ដោយបានចំណាយពេលជិត ២០ ឆ្នាំលេងឲ្យក្លឹបមួយនេះ។ ក្រោយចូលនិវត្តន៍ ហើយប្រែក្លាយខ្លួនជាគ្រូបង្វឹក Xavi ក៏បានមកដឹកនាំ Barca ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ មក។ គិតមកទល់ពេលនេះ លោកដឹកនាំក្លឹបសរុប ១៤១ ប្រកួត ឈ្នះ ៨៨ ដង ស្មើ ២៤ លើក និងចាញ់ ២៩ ប្រកួត ហើយជួយក្លឹបឲ្យឈ្នះពានលីគកំពូលអេស្ប៉ាញរដូវកាល ២០២២/២០២៣ និងពាន Supercopa de Espana ២០២២/២០២៣។
ទោះជាយ៉ាងណា ទំនាក់ទំនងរបស់ Xavi និងថ្នាក់ដឹកនាំក្លឹប Barca មិនសូវមានសភាពល្អទេមួយរយៈចុងក្រោយនេះ ដោយបញ្ហាមួយចំនួន ដូចជាបញ្ហាកង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការផ្ទេរចូលកីឡាករល្អៗដែលគ្រូបង្វឹករូបនេះចង់បាន។ ទំនាក់ទំនងមិនសូវល្អនេះ ត្រូវបានវិភាគថា ជាកត្តាមួយដែលរុញឲ្យ Xavi ប្រកាសចែកផ្លូវជាមួយ Barca នៅចប់រដូវកាលនេះ កាលពីខែមករាកន្លងទៅ។ ទោះជាយ៉ាងណា ក្រោយការជជែក និងចរចាគ្នារវាង Xavi និងថ្នាក់ដឹកនាំក្លឹបអស់ជាច្រើនខែមក ក៏Xavi ជាងមួយខែមុន បានព្រមបន្តដឹកនាំ Barca រហូតដល់ចប់រដូវកាល ២០២៤/២០២៥។ ទោះជាយ៉ាងនេះ ជាមួយនឹងការវិវត្តន៍ថ្មីចុងក្រោយនេះ Xavi និង Barca អាចនឹងចែកផ្លូវគ្នានាពេលឆាប់ៗខាងមុខ៕