អស្ចារ្យ​មែន ផលិតផលខ្មែរមួយ​នេះ ទទួលបានការពេញនិយមកើនឡើងនៅប្រទេសជប៉ុន និងទីផ្សារអន្តរជាតិ

  • 2023-06-08 02:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​កម្ពុជា នៅ​មាន​របាយ​នាំ​ចូល​ទំនិញ​ជា​ច្រើន​នៅ​ឡើយ​ពី​បរទេស ស្រាប់​តែ​គ្រួសារ​ខ្មែរ​មួយ ​មាន​គំនិត​​ច្នៃ​ផលិតផល​ក្នុង​ស្រុក ក្លាយ​ជា​ទំនិញ​មាន​ទីផ្សារ​នៅ​ក្នុង​ស្រុក ថែម​ទាំង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត។

ក្រុមហ៊ុន មិសុតា គឺ​ជា​ក្រុមហ៊ុន​ខ្មែរ​សុទ្ធសាធ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៧ ដោយ​ស្ថាបនិកជា​គ្រួសារ​ខ្មែរមួយ​គឺ លោក​ ​និង​លោកស្រី​ ​តាន់​ ​មី​ស​ស្សែ​ល​ ​នៅ​ឆ្នាំ​ ​២​០​១​៧​។​ ​មិសុតា មាន​រោងចក្រ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នា​តំបន់​ពាយព្យ​ ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ផ្គត់ផ្គង់​ផលិតផល​ប្រភេទ​ផ្លែ​ឈើ​សម្ងួត​ជា​ច្រើន​ប្រភេទ ដែល​ប្រិយមិត្ត​អាច​រកបាន​តាម​ម៉ាត ផ្សារ​ទំនើប​ដូចជា Bayon, Amazing Cambodia, Phnom Penh Superstore, Khmer Organic Shop, Macro, KC Mart, Laykong supermarket នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងសៀមរាប និងត្រៀមបង្ហាញមុខនៅផ្សារទំនើប Aeon, 7-Eleven និង Lucky នាពេលឆាប់ៗនេះផងដែរ។

លោក តាន់ មីសស្សែល ជា CEO របស់ មិសុតា

តាម​លោក តាន់ មីសស្សែល ជា CEO របស់ មិសុតា បាន​ឲ្យ​ដឹង​ថា សហគ្រាស​របស់​លោក​ចាប់​កំណើត​ឡើង ក្នុង​បេសកកម្ម​ដើម្បី​ជួយ​កសិករ​ខ្មែរ​ចេញ​ ឬ​កាត់​បន្ថយ​ពី​វិបត្តិ​ផលិត​គ្មាន​ទីផ្សារ ពោល​គឺ កែច្នៃ​កសិផល​ខ្មែរដែលជួបបញ្ហាសល់ច្រើននៅពេលប្រមូលផល ឲ្យទៅជាផលិតផលអាហារមានគុណភាពល្អតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើតការងារជូនប្រជារាស្រ្ត និងចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គមកម្ពុជា។

ចក្ខុវិស័យរបស់ មិសុតា គឺចង់ក្លាយជាក្រុមហ៊ុនកែច្នៃអាហារលេចធ្លោមួយទាំងនៅទីផ្សារក្នុងស្រុកនិងនៅបរទេស។ ដោយសារត្រូវការរៀបចំប្រព័ន្ធផលិតឲ្យត្រូវតាមស្តង់ដារនិងដោយសារផលប៉ះពាល់នៃបញ្ហាកូវីដ មិសុតា ទើបបានអភិវឌ្ឍន៍ទីផ្សារនៅឆ្នាំ ២០២១ ។

មក​ទល់​បច្ចុប្បន្ន មិសុតា មាន​ផលិតផល​ច្រើន​ប្រភេទ​ដូច​ជា ១.ផ្លែឈើសម្ងួតធម្មជាតិ Oja (ស្វាយ ចេក ម្នាស់ ស្រកានាគ) ជាផលិតផលមិនមានបន្ថែមស្ករ គ្មានលាយពណ៌ឬក្លិន គ្មានលាយសារធាតុរក្សា ផលិតពីផ្លែឈើខ្មែរស្រស់ ១០០%។ ២.តំណាប់ផ្លែឈើ Misota (ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់) មានសភាពទន់ រសជាតិឆ្ងាញ់ ផលិតពីផ្លែឈើខ្មែរស្រស់ មានច្រើនរសជាតិដូចជា រសជាតិផ្លែឈើដើម រសជាតិហិរ និងរសជាតិសូកូឡាដែលបានពីការស្រោបសូកូឡាមានគុណភាពខ្ពស់លើចំណិតផ្លែឈើ។

៣.ម្ជូរល្មមសម្ងួតធម្មជាតិ Oja ដែលអាចឆុងជាតែមានរសជាតិឆ្ងាញ់និងល្អសម្រាប់សុខភាព ៤.ទឹកឃ្មុំធម្មជាតិ Oja ៥.អាហារសម្រន់ល្អដល់សុខភាព Green Charm ៦.សុរាជាតិផ្លែឈើ Jatoro ដែលផលិតពីអង្ករខ្មែរនិងជាតិផ្លែឈើ។

តាម​លោក អុល តុលា COO របស់ មិសុតា ប្រាប់​ថា ផលិតផលដែលពេញនិយមខ្លាំង​លើ​ទីផ្សារ គឺផ្លែឈើសម្ងួតធម្មជាតិ Oja, តំណាប់ស្វាយ Misota, ម្ជូរល្មមធម្មជាតិ Oja, និងទឹកឃ្មុំធម្មជាតិ Oja ដោយសារគុណភាពបែបធម្មជាតិ ផលិតដោយស្របតាមស្តង់ដារសុវត្ថិភាពអាហារនិងគុណភាពលំដាប់អន្តរជាតិ HACCP, Halal, ISO 9001: 2015 & ISO 22000: 2018។

ដោយ​ឡែក​ផលិតផលអាហារសម្រន់ Green Charm ក៏លក់ដាច់ផងដែរដោយសារវាមានជីវជាតិល្អជួយទ្រទ្រង់ថាមពលរាងកាយ ងាយទុកដាក់ឬយកតាមខ្លួន និងមានតំលៃសមរម្យជាងគេ។ ក្រៅ​ពី​ពេញ​និយម​នៅ​ក្នុង​ស្រុក ប៉ុន្តែ​ផលិតផល មិសុតា ទាំង​នេះ ក៏​កំពុង​ពេញ​និយម​នៅ​ទីផ្សារ​បរទេស​ផង​ដែរ មាន​ដូច​ជា ជប៉ុន បារាំង និង​ថៃ។ "ក្រៅ​ពី​នេះ យើង​ក៏​កំពុងលក់សាកល្បងនៅអាមេរិក និងអូស្រ្តាលីថែម​ទៀត​ដែរ។

ក្រៅ​ពី​ពង្រឹង​នៅ​ទីផ្សារ​ក្នុង​ស្រុក លោក អុល តុលា ប្រាប់ទៀត​ថា កំពុង​មានគម្រោងពង្រីកទីផ្សារបន្ថែមនៅប្រទេសខាងលើតាមរយៈផលិតផលកំពុងដាក់លក់ផង និងផលិតផលថ្មីៗ មាន​ដូចជាផ្លែឈើស្រោបដោយសូកូឡា តែសុខភាព ក៏ដូចជាស្វែងរកអ្នកចែកចាយនៅប្រទេសផ្សេងទៀតដូចជាកូរ៉េ ចិន និងប្រទេសអារ៉ាប់ផងដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម