រដ្ឋមន្រ្តីថ្មីក្រសួងទេសចរណ៍ ណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ បង្កើនវិស័យទេសចរណ៍ឱ្យរីកចម្រើន ក្នុងរយៈពេល១០០ថ្ងៃនេះ
- 2023-09-05 04:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីថ្មីក្រសួងទេសចរណ៍ ណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ បង្កើនវិស័យទេសចរណ៍ឱ្យរីកចម្រើន ក្នុងរយៈពេល១០០ថ្ងៃនេះ
ចន្លោះមិនឃើញ
នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី នៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិសរុបចំនួនប្រមាណ ៣៥០នាក់។
ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងខិតខំបំពេញការងារ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងាររបស់ក្រសួង និងសំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងនៅក្នុងរយៈពេល ១០០ថ្ងៃនេះ ដែលជាពិសេសផ្ដោតសំខាន់លើការលើកកម្ពស់បរិយាកាសការងារ និងការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ ក៏ដូចជាការបង្កើន ឱកាសទំនាក់ទំនងរវាងមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងការជម្រុញកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមចំណែកទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ជំនាញ និងទេព្យកោសល្យរបស់មន្រ្តី ជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ។ ឯកឧត្តមរដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។
កិច្ចប្រជុំនេះ បានបង្ហាញពីឆន្ទៈខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្នុងការដឹកនាំ និងជម្រុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា តាមរយៈការជម្រុញការអនុវត្ដនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥ ” និង“ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែល ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ កន្លងទៅ ដោយមានចង្កោមការងារអាទិភាពចំនួន៣។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនេះ បានបង្ហាញនូវការគាំទ្រ និងភាពសប្បាយរីករាយ ប្រកបដោយក្ដីសង្ឃឹមខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការចូលរួមសហការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយភាពប្រកួតប្រជែង ចីរីភាព និងបរិយាបន្ន៕
ប្រភព៖ ក្រសួងទេសចរណ៍