គោលដៅថៃក្លាយជាប្រទេសមានចំណូលខ្ពស់៖ និស្សិតរៀនចប់ ប្រាក់ខែយ៉ាងហោច ៦៨០ដុល្លារ ឯប្រាក់ឈ្នួលកម្មករយ៉ាងហោច ១៦ដុល្លារក្នុង១ថ្ងៃ
- 2023-10-05 02:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលដៅថៃក្លាយជាប្រទេសមានចំណូលខ្ពស់៖ និស្សិតរៀនចប់ ប្រាក់ខែយ៉ាងហោច ៦៨០ដុល្លារ ឯប្រាក់ឈ្នួលកម្មករយ៉ាងហោច ១៦ដុល្លារក្នុង១ថ្ងៃ
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសថា រដ្ឋាភិបាលនឹងដាក់គោលដៅឱ្យប្រទេសថៃ ក្លាយជាប្រទេសមានចំណូលខ្ពស់ ក្នុងរយៈពេល ៤ឆ្នាំទៀត គឺនៅឆ្នាំ២០២៧។
ជំហានដំបូង ដើម្បីសម្រេចគោលដៅនេះ គឺត្រូវធ្វើយ៉ាងណាដំឡើងប្រាក់ខែ និងប្រាក់ឈ្នួលដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះសម្រាប់និស្សិតដែលបញ្ចប់មហាវិទ្យាល័យ នឹងទទួលបានប្រាក់ខែ ២ម៉ឺន ៥ពាន់បាត ឬប្រហែល ៦៨០ដុល្លារ ចំណែកកម្មករនឹងទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ ៦០០បាត ឬប្រហែលជាង ១៦ដុល្លារ។ ជាមួយនឹងគោលនយោបាយនេះ រដ្ឋាភិបាលនឹងអាចប្រមូលពន្ធបានកាន់តែខ្ពស់សម្រាប់ការវិនិយោគបន្ថែម។
លោក ស្រេតថា បានថ្លែងថា រដ្ឋាភិបាលថៃ បានជួបបញ្ហាប្រឈមនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ។ បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់សាកល បានរងឥទ្ធិពលដោយសារជម្លោះភូមិសាស្រ្តនយោបាយ ហើយក៏បានប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃផងដែរ។
ជាមួយគ្នានេះ ប្រទេសថៃ បានជួបនឹងបាតុភូត អ៊ែល នីណូ ដែលនឹងប៉ះពាល់កសិកររាប់លាននាក់ ខណៈកសិករជាច្រើន បានចាក់ស្រេះទៅដោយបំណុល។ រដ្ឋាភិបាល នឹងដោះស្រាយបញ្ហាទាំងនេះ ព្រមទាំងជំរុញការផលិត និងតម្លៃកសិផល ដើម្បីបង្កើនចំណូលដល់កសិករ ក៏ដូចជាកាត់បន្ថយថ្លៃជី។
ជារួម នៅក្នុងរយៈពេលនេះ រដ្ឋាភិបាលនឹងផ្តោតទៅលើការបង្កើនចំណូល កាត់បន្ថយការចំណាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
ថ្មីៗនេះ ប្រទេសថៃ បានទទួលភ្ញៀវទេសចរចិនយ៉ាងគំហុក បន្ទាប់ពីបានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការចំពោះជនជាតិចិន និងកាហ្សាក់ស្ថាន។ រដ្ឋាភិបាលក៏គ្រោងធ្វើបែបនេះបន្ថែមទៀតទៅលើភ្ញៀវជនជាតិផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរ។ ទន្ទឹមនឹងនោះ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋថៃ គណៈរដ្ឋមន្រ្តីក៏បានអនុម័តក្នុងការកាត់បន្ថយថ្លៃសាំង និងឧស្ម័ន និងកាត់បន្ថយថ្លៃពន្ធនាំចូលថាមពលនេះផងដែរ។
ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាន រដ្ឋាភិបាលថៃ ក៏នឹងជំរុញ និងគំាទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាជាន់ខ្ពស់៕