ម្សិលមិញ បោះឆ្នោតព្រឹទ្ធសភា! ដឹងអត់ថា តើនរណាខ្លះដែលមានសិទ្ធិបោះឆ្នោត?
- 2024-02-26 03:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្សិលមិញ បោះឆ្នោតព្រឹទ្ធសភា! ដឹងអត់ថា តើនរណាខ្លះដែលមានសិទ្ធិបោះឆ្នោត?
ចន្លោះមិនឃើញ
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា មានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលធ្វើឡើងរៀងរាល់ ៦ឆ្នាំម្តង។ ព្រឹទ្ធសភា មានចំនួនសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
-សមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
-សមាជិក ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើន។
-សមាជិកឯទៀត ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកល ពោលគឺជាការបោះឆ្នោតនៅថ្ងៃម្សិលមិញនេះតែម្តង ដោយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។
សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ក្នុងឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតជាផ្លូវការ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ១១ ៧៤៧នាក់ ក្នុងនោះ តំណាងរាស្រ្ត ១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ១១ ៦២២នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ការិយាល័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវធ្វើបញ្ជីរាយនាមបេក្ខជនពេញសិទ្ធិស្មើនឹងចំនួនអាសនៈនៃភូមិភាគនីមួយៗ និងបេក្ខជនបម្រុង មានចំនួនស្មើនឹងបេក្ខជនពេញសិទ្ធរៀបតាមលំដាប់លេខរៀង ដូចជាការរៀបចំបញ្ជីបេក្ខជនតំណាងរាស្រ្តដែរ។ បេក្ខជន ត្រូវមានអាយុយ៉ាងតិច ៤០ឆ្នាំ។
សូមជម្រាបថា មណ្ឌលបោះឆ្នោត ត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ។ អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវកំណត់ត្រឹមចំនួន ៥៨ ដោយបែងចែកតាមភូមិភាគដូចខាងក្រោម៖
-ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦អាសនៈ
-ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨អាសនៈ
-ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥អាសនៈ
-ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
-ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
-ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
-ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕
ដកស្រង់ចេញពី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា