អតីត​កីឡាករ​ជម្រើស​ជាតិ​លោក​តា​ សោម​ សារ៉ន៖​ កីឡា​ជួយ​ឲ្យ​យើង​កាត់បន្ថយ​ថ្នាំពេទ្យ​បាន​ច្រើន​ណាស់​

  • 2024-04-01 03:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជម្រើស​ជាតិ​កីឡា​បាល់ទាត់​ លោក​តា​ សោម​ សារ៉ន​ ថា​សុខភាព​គឺ​មាន​សារសំខាន់​ណាស់​ ដូច្នេះ​ការ​លេងកីឡា​បាន​ជួយ​សុខភាព​ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​បាន​ច្រើន។​

លោក​តា​ សោម​ សារ៉ន​

លោក​តា​ សោម​ សារ៉ន​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​បាល់ទាត់​វ័យ​ចាស់​ថា​ ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្រោម​ការ​ដឹកនាំ​ក្រុម​របស់​ឯកឧត្ដម​ ម៉ៅ​ ហាវណ្ណាល់​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ និង​ដឹកនាំ​ក្រុម​បាល់ទាត់​វ័យ​ចាស់​ប៉េងហួត​ នេះ​រក្សា​បាន​រហូត​តាំង​ពី​ឆ្នាំ​២០១៥​ ដល់​ពេល​បច្ចុប្បន្ន។​

ទិដ្ឋភាពម្សិលមិញ

លោកតា​វ័យ​ ៧៦​ឆ្នាំ ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រុម​នេះ​បង្កើត​ឡើង​ដើម្បី​ចងក្រង​អ្នក​បាល់ទាត់​ជំនាន់​មុន​ដូច​ជា​ជំនាន់​ឆ្នាំ​១៩៦០-៧០-៨០ ​និង​ឆ្នាំ​១៩៩០​ ជា​ដើម​ឲ្យ​បាន​ជួបជុំ​លេង​បាល់​ជា​មួយ​គ្នា​ បង្កើន​ចំណង​មិត្តភាព​ និង​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​បន្ត​ទៀត។​ ការ​លេង​កីឡា​គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​មនុស្ស​ម្នាក់​ៗ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ ជម្នះ​ពី​ជំងឺ​បាន​ច្រើន​ ពិសេស​នោះ​គឺ​សុខភាព​ល្អ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​នានា។​ ហេតុ​នេះ​ហើយ​មា្នក់ៗ​គួរ​តែ​ងាក​មក​ហាត់​កីឡា​ឲ្យ​បាន​ច្រើន​ ព្រោះ​បើ​សុខភាព​មិន​ល្អ​ហើយ​ពិបាក​ហ្នឹង​ធ្វើ​កិច្ចការ​អ្វី​ឲ្យ​ប្រសើរ​ណាស់។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​វ័យ​ចាស់​ប៉េងហួត​ ប្រធាន​ក្រុម​ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ទាំង​មូល​ដោយ​ឯកឧត្ដម​ ម៉ៅ​ ហាវណ្ណាល់។​ ក្រុម​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥​ រហូត​ដល់​ពេល​បច្ចុប្បន្ន។​ ជា​ទូទៅ​ក្រុម​បាល់ទាត់​វ័យ​ចាស់​នេះ​តែងតែ​លេង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ ក្នុង​ទីលាន​បាល់ទាត់​បុរី​ប៉េងហួត​ បឹងស្នោ។​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០២៤​ ក្រុម​បាល់ទាត់​ខាង​លើ​នេះ​បាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​មូល​ដើម្បី​ជួបជុំ​ និង​អបអរសាទរ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​