គ្រូ​ Man Utd អាច​នឹង​កាត់ប្រាក់ខែ ប្រសិន​បើ​ក្លឹប​អត់​បាន​លេង​ UCL រដូវកាល​ក្រោយ

  • 2024-04-24 23:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik Ten Hag អ្នកចាត់ការ​ក្លឹប Manchester United ប្រឈមមុខនឹងការកាត់ប្រាក់ខែ ប្រសិន​បើ​លោក​បរាជ័យ​មិន​អាច​ជួយ​ឱ្យ​ក្លឹប​បិសាចក្រហម​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ ៤ ឬ បាន​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នៅ​រដូវកាល​ក្រោយ។ នេះ​បើ​តាមការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​ ESPN។

លោក Ten Hag បាន​ចូល​មក​រួមរស់​ជាមួយ​ក្លឹប Manchester United កាល​ពី​ឆ្នាំ២០២២កន្លងទៅ ជាមួយ​នឹង​កុងត្រា ៣ឆ្នាំ។ កុងត្រា​របស់​លោក​ជា​កុងត្រា​ដោយ​ផ្អែក​លើ​លទ្ធផល។ នា​ពេល​នេះ​ដែរ​ លោក​កំពុង​តែ​មាន​ប្រាក់​ប្រចាំឆ្នាំ​ប្រមាណ ១១,២លាន​ដុល្លារ​អាមេរិក។ ប្រសិន​បើ​លោក​មិន​អាច​ជួយ​ Manchester United កក់​កៅអី​នៅ Champions League នោះ​ទេ លោក​នឹង​ត្រូវ​កាត់​ប្រាក់​ខែ ២៥ភាគរយ ដោយ​កាត់​ពី​ជាង ១១លាន​ដុល្លារ នៅ​សល់​ប្រមាណ ៨លាន​ដុល្លារ​អាមេរិក។

កាល​ពី​រដូវកាល ២០២២/២៣ បុរស​ជនជាតិ​ហុល្លង់​រូបនេះ​​បាន​ដឹកនាំ​ឱ្យ​បិសាច​ក្រហម​ជាប់​លេខ ៣ នៅ​ក្នុង​ Premier League ទោះ​បី​ជា​ពេល​នោះ​ មាន​រឿងអាស្រូវយាយី​ជាមួយ​នឹង​អតីត​តារា​បាល់ទាត់​របស់​ខ្លួន​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo។

ក្លឹប​ Manchester United នា​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ៧ នៅតារាង​លីគ​កំពូល​អង់គ្លេស ដោយ​លេង​បាន ៣២ប្រកួត និង​មាន ៥០ពិន្ទុ​ក្នុង​ដៃ។ ក្លឹប​ដែល​មាន​ចំណាត់ថ្នាក់លេខ ៤គឺ Aston Villa ដែល​លេង​បាន ៣៤ប្រកួត និង​មាន​ ៦៦ពិន្ទុ។ ដូច្នេះ​ហើយ បើ​វិភាគ​ទៅ ខាង​បិសាចក្រហម​រាង​ពិបាក​ខ្លាំង​ក្នុងការ​យក​លេខ ៤៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល