CSFF ឆ្នាំទី១៣ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២៤នេះហើយ

  • 2024-04-30 04:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ត្រូវបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ ២០១២ មក ដើម្បីអបអរដល់ភាពយន្តខ្លីមក ពីជុំវិញ​ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំង ពីថ្ងៃទី២១ ខែមេសា នេះកន្លងទៅ។

មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករយើង ឱ្យបង្ហាញ ទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៣២នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) និងជំនាញការភាពយន្តឯករាជ្យក្នុងស្រុក ដោយបន្ថែមរង្វាន់ជាសម្ភារៈថត នៅក្នុងការប្រកួត របស់ខ្លួន។

ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា ៧** ប្រភេទដូចតទៅ៖

  • ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ៤លានរៀល និងពាន១

  • ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ២លានរៀល និងពាន១

  • ភាពយន្តខ្លីឆ្នើមអន្តរជាតិ៖ នឹងទទួលបានទឹកប្រាក់ប្រមាណ៣០០ ដុល្លារ និងពាន១

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានរង្វាន់សម្ភារៈថត និងលិខិតសសើរ

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ៖ នឹងទទួលបានលិខិតសសើរ

  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ

  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីអន្តរជាតិ៖​នឹងទទួលបានលិខិតសសើរ

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលាឆ្នាំ២០២៤នេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ ដូចជា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» (Chaktomuk Film Insight) យុទ្ធនាការផ្សព្វផ្សាយតាមរយៈជនមានឥទ្ធិពល (Influencers) និងទៅដល់ទស្សនិកជន តាមសាកលវិទ្យាល័យ ឬសាលានៅរាជធានីភ្នំពេញ (Outreach Campaign) សន្និសីទព័ត៌មាន។

លោក ជី សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sabay Digital Corporation ដែលជាសម្ព័ន្ធក្រុមហ៊ុនផ្នែកផ្សព្វផ្សាយ និងកម្សាន្ត តាមអនឡាញឈានមុខគេនៅកម្ពុជា និងជាប្រធានគណៈប្រឹក្សាមហោស្រពក្នុងឆ្នាំ បានថ្លែងចំណាប់អារម្មណ៍ថា៖ «វិស័យភាពយន្តនៅកម្ពុជា បានរីកលូតលាស់ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណា យើងនៅត្រូវរកវិធី កែលម្អវិស័យនេះ។ គន្លឹះសំខាន់មួយក្នុងការអភិវឌ្ឍវិស័យនេះ គឺកសាងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ជាពិសេសតាមរយៈ ការបណ្តុះបណ្តាលយុវជនពូកែ និងជំនាន់ថ្មី។ ដើម្បីស្វែងរកពួកគេ យើងត្រូវការវេទិកាមួយដ៏រឹងមាំមួយ។ ក្នុងនោះ «មហោស្រព ភាពយន្តខ្លីចតមុខ» មានអាយុកាលជាង១ទសវត្សហើយ។ ហើយខ្ញុំគិតថា មហោស្រពនេះជាវេទិកាប្រពៃបំុផត ក្នុងការស្វែងរក យុវជនទាំងនោះ ដើម្បីឱ្យពួកគេមានឱកាសរះឡើង។ ម្យ៉ាង ដើមចមរបស់ភាពយន្តខ្នាតវែង គឺភាពយន្តខ្លីនេះឯង។»

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១៣នេះថ្លែងថា៖ «ដោយសារបទពិសោធពីឆ្នាំមុនៗ ជាពិសេសឆ្នាំ២០២៣ ឆ្នាំនេះ យើងនឹងបន្តសហការ ជាមួយដៃគូសហគមន៍ ជាពិសេសនឹងអាចបរៀបចំយុទ្ធនាការ បកទៅខេត្តធំៗមួយចំនួន នៅក្នុងស្រុក។ មួយវិញទៀត វិភាគទានពី អង្គការ «មូលនិធិកុមារកម្ពុជា» សរបញ្ជាក់​ពីទំនុកចិត្តរបស់ដៃគូយើងកន្លងមក។ ហេតុដូច្នេះហើយ ដើម្បីគាំទ្រដល់សមិទ្ធករជំនាន់ថ្មី យើងខ្ញុំបានគៀងគរកិច្ចសហការពីភាគីពាក់ព័ន្ធ តាំងពីដើមឆ្នាំ២០២៤។ ណាមួយទៀត ខ្ញុំសង្ឃឹមថាទស្សនិកជននឹងបានចូលរួមទស្សនាភាពយន្តខ្លីដែលយើងនឹងសម្រាំងរក ជាពិសេសក្នុងស្រុក ដើម្បីជាចំណីចក្ខុថ្មីដល់ខ្លួនពួកគាត់ ក៏ដូចជាលើកទឹកចិត្តដល់យុវសមិទ្ធករយើងដែរ»។

ដោយសារមហោស្រពត្រូវបានរៀបចំដោយ «ក្រុមភាពយន្តឈូករ័ត្ន» លោក ថាន់ រតនា ប្រធានក្រុមក៏បានបង្ហើបដែរថា៖ «សម្រាប់ខ្ញុំមហោស្រពភាពយន្តខ្លីចតុមុខ ២០២៤ ផ្តល់ឧកាសដំបូងមួយដល់សមិទ្ធករភាពយន្តខ្លីនៅក្នុងប្រទេស និង ក្រៅប្រទេសដែលមានបំណងចង់បង្ហាញស្នាដៃរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជារបស់យើង។ បើសម្រាប់សមាជិកក្រុម ភាពយន្តឈូករ័ត្ន មហោស្រពនេះ ផ្តល់វេទិកា រៀនសូត្រមួយដ៍ប្រពៃ ក្នុងការរៀបចំកម្មវិធីកម្រិតសហគមន៍ភាពយន្ត និងអន្តរជាតិ ឱ្យបានស្គាល់មិត្តរួមអាជីពជាច្រើនទៀតផង។»

សូមរំលឹកដែរថា ម្ចាស់ជ័យលាភីភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០២៣ មានចំណងជើងថា «គិតម៉េច ឥឡូវ?» សហដឹកនាំរឿង ដោយលោកដឹកនាំរឿងដោយលោក ជុង សៀវភីន និង Jeremianh Overman។ រឿងខ្លីនេះ ជាស្វយប្រវត្តិរូបពីជំទង់ របស់សៀវភីន ដែលមានក្តីស្រមៃចង់ក្លាយជាអ្នករចនា តែត្រូវបង្អាក់ចិត្តដោយឪពុកគាត់។ CSFF នឹងប្រារព្ធ Chaktomuk Film Insight ដំបូងរបស់ខ្លួន នៅក្នុងខែឧសភានេះ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់ មហោស្រព។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកនិងក្រៅស្រុក រួមមាន៖ អង្គការ «មូលនិធិកុមារកម្ពុជា» សាលាភាពយន្ត «ដើម្បីស្នាមញញឹមរបស់កុមារ» ហាង Camera Hut, ក៏ដូចជាដៃគូផ្សព្វផ្សាយ Sabay News ជាភាសាខ្មែរ និងKiripost ជាភាសាអង់គ្លេស និង Factory Phnom Penh។

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី១៣ ប្រកបដោយ ភាពរលូន តាមរយៈ៖​ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

គេហទំព័រ៖ www.csff.co

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/

Telegram៖https://t.me/csffkh

YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/

TikTok: https://www.tiktok.com/@chaktomukshortfest