សិង្ហបុរីគ្រោង​ប្រើប្រាស់ AI ដើម្បីឲ្យ​ផ្សិត​ធូរ​ថ្លៃ​ និង​ទិន្នផល​ខ្ពស់​

  • 2024-09-06 12:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរីកំពុង​ទទួល​ការពេញនិយម​ក្នុង​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍន៍កសិដ្ឋានផលិតផ្សិត ដែលនឹងជួយបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយតម្លៃផលិតកម្ម។

បច្ចុប្បន្នផ្សិតមួយគីឡូក្នុងសិង្ហបុរីមានតម្លៃប្រហែល ១០ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែដោយ​ការ​ប្រើប្រាស់ AI នៅក្នុងកសិដ្ឋានផលិតផ្សិតអាចធ្វើឲ្យតម្លៃផ្សិតធ្លាក់​ចុះ ៥ ឬ ៦ ដុល្លារអាមេរិកក្នុង​ទីផ្សារ​។

កសិដ្ឋានផលិតផ្សិតដែលប្រើប្រាស់ AI គឺ​ក្រុមហ៊ុន Finc Bio-Tech Mushroom ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន ដែលមានកន្លែងដាំផ្សិតមានទំហំ ៣ ដងនៃទីលានបាល់ទាត់។

Finc Bio-Tech Mushroom មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផលិតផ្សិតនៅក្នុងរោងចក្រ។ ក្រុមហ៊ុននេះអះអាងថាអាចផលិតផ្សិតបាន ២៦០ តោនក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តម្រូវការក្នុងស្រុក និងពិភពលោក។

ក្រុមហ៊ុនចិននេះគ្រោងនឹងនាំបច្ចេកវិទ្យាផលិតផ្សិតមកកាន់សិង្ហបុរីព្រោះតែបច្ចុប្បន្នមានកសិដ្ឋានផលិតផ្សិតតែ ៧ កន្លែងតែប៉ុណ្ណោះនៅស៊ីន្ហបុរី។

បច្ចេកវិទ្យា AI នេះត្រូវបានគេរំពឹងថាអាចធ្វើឲ្យការផលិតផ្សិតមានប្រសិទ្ធភាពខ្ពស់ ដោយមានប្រព័ន្ធតាមដានការលូតលាស់ និងការប៉ាន់ប្រមាណទិន្នផលពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រសិន AI មានដំណើរ​ការ​ខ្លាំង​នៅសិង្ហបុរី ផលិតកម្មផ្សិតអាចកើនឡើង ៥០ ភាគរយ ដែលអាចធ្វើឲ្យសិង្ហបុរីផលិតផ្សិតបាន ២ ៥០០ តោនក្នុងមួយឆ្នាំ។

ក្រៅពីការផលិតផ្សិត ក្រុមហ៊ុនចិននេះក៏មានផែនការពង្រីកដំណើរការទៅលើបន្លែបៃតងផ្សេងៗនៅសិង្ហបុរីផងដែរ៕

ប្រភព៖ Channelnewsasia   អត្ថបទ៖ សេរី មង្គល