Walcott ​ឃើញ​ចង្វាក់​​​ Arsenal​ យក​ឈ្នះ​​ Spurs ​១-០ យប់មិញ​​ដូច​​ក្រោម​ការ​ដឹក​នាំបុរសម្នាក់​នេះ​

  • 2024-09-16 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Walcottអតីត​កីឡាករ​របស់ Arsenal ​បាន​មើល​ឃើញ​ថា ការ​ឈ្នះ​របស់​អតីត​​ក្រុម​ខ្លួន​ទៅ​លើ​ក្រុម Spurs ១-០ យប់មិញ​​ហាក់​បី​ដូច​​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho ពិសេស​គឺ​​ចង្វាក់​នៃ​ការ​ការពារ​​តែ​ម្ដង​។

កាំភ្លើង​ធំ​មាន​​បាល់​គ្រប់គ្រង​ត្រឹម​តែ ៣៦,៣%​ ប៉ុណ្ណោះ​​​ក្នុង​រយៈ​ពេល​៩០​នាទី​ពេញ​នៃ​ការ​ប្រកួត​ ហើយ​​និង​មាន​បាល់​គ្រប់​គ្រង​ត្រឹម​តែ ៣៨​,១% មុន​ពេល​រក​គ្រាប់​បាល់​​មួយ​​គ្រាប់​​នៅ​នាទី​ទី​៦៤​។ បន្ទាប់​មក​មាន​បាល់​គ្រប់​គ្រង​ត្រឹម​តែ​៣២,២​%​ប៉ុណ្ណោះ​ បន្ទាប់​ពី​​មាន​១​គ្រាប់​រហូត​ដល់​ចប់​ការ​ប្រកួត​។

«វា​ពិត​ជា​មិន​នឹក​ស្មាន​ថា​ពួក​គេ​អាច​ធ្វើ​វា​បាន​ដោយ​របៀប​ណា​ វា​ជា​លទ្ធផល​​ដ៏​ល្អ​មួយ​សម្រាប់ Arsenal។ ពួក​គេ​បង្ហាញ​ចេញ​មក​​ហាក់​ដូច​ជា​​កំពុង​តែ​​ប្រជែង​យក​ពាន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​។ ខ្ញុំ​​មើល​ទៅ​ពួក​គេ​លេង​​ដូចជា​​ចង្វាក់​លេង​របស់ Jose Mourinho ​អ៊ីចឹង​ » ។ នេះ​ជា​ការ​លើក​​ឡើង​របស់ Walcott។

​ជ័យជម្នះ​នេះ​​គឺ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​របស់​ Arsenal ដោយ​សារ​តែ​ពួក​គេ​អវត្តមាន​​កីឡាករ​សំខាន់​ដូច​ជា​ Martin Odegaard និង Declan Rice ជា​ដើម​។

«​បើ​យើ​ង​និយាយ​ពី​ការ​​លេង​យប់មិញ​នេះ​​គឺ​វា​មើល​ទៅ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​​ដូច​កាល​​ Arsenal លេង​ស្មើ ០ ទល់ ០ ជា​មួយ​ក្រុម Manchester City កាល​ពី​រដូវ​កាល​មុន​​​បែប​នោះ​ដែរ។ គ្រប់​គ្នា​ចង់​ឲ្យ​ Arsenal លេង​​តាម​​របៀប​សម្រុក​ទៅ​សម្រុក​មក ប៉ុន្តែ​​ពួក​គេ​លេង​តាម​របៀប​យក​លទ្ធផល​ជា​ការ​សំខាន់​»។ នេះ​ជា​ការ​បញ្ជាក់​របស់ Walcott ៕

ប្រភព៖ BBC   Daro Ly