ក្រុមហ៊ុន​ NCX​ ប្រារព្ធខួប ២៥ឆ្នាំ​ ជាមួយកម្មវិធីសប្បុរសធម៌ និងបង្ហាញម៉ូតូហុងដាDream​ រចនាពិសេសផលិតតែ ៨៨គ្រឿង

  • 2024-09-23 05:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប ២៥ឆ្នាំដែលរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ខ្លួនដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនដូចជា៖

ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ក្រុមហ៊ុនហុងដាម៉ូទ័រ ខូអិលធីឌី (Honda Motor Co., Ltd.) ក្រុមហ៊ុនអាស៊ាន​ ហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.)។ ក្នុងឱកាសប្រារព្ធពិធីនេះក្រុមហ៊ុន អ៊ិន ស៊ី អិច ក៏បានផ្តួចផ្តើមជាយុទ្ធនាការ​ការបរិច្ចាគទៅដល់អង្គការ​ ស្ថាប័នជា

ច្រើនក្នុងប្រទេសកម្ពុជា ដើម្បី​ចូលរួមចំណែកដល់លើកកម្ពស់ជីវភាពរបស់ប្រជាជន​កម្ពុជារួមមាន៖

១.​ ម៉ាស៊ីនកសិឩស្សាហកម្មហុងដាគុណភាពខ្ពស់ រួមមានម៉ាស៊ីនបូមទឹកម៉ាក និង​ ម៉ាស៊ីនកាត់ស្មៅ សរុបចំនួន២៥០គ្រឿង ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីការរីកលូតលាស់ប្រកបដោយនិរន្តរភាព​ (Together for Sustainable Growth)

២. មួកសុវត្ថិភាពចំនួន ២,៥០០មួក ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ​ (Together for Better Road Safety) ក្នុងនោះ ១, ៥០០មួកត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ១,០០០ មួកត្រូវបានប្រគល់ជូនមូលនិធិបង្ការរបួសអាស៊ី។

៣. យុទ្ធនាការបរិច្ចាគឈាមដោយការស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន អិន ស៊ី អិច​ គ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅការិយាកណ្តាលរបស់ក្រុមហ៊ុន អិន​ ស៊ី អិច ក្រោមគោលគំនិត យើងទាំងអស់គ្នា បរិច្ចាគឈាមសង្គ្រោះជីវិត (Together, We share the Gift of Life)។

៤. យុទ្ធនាការកៀរគរថវិការបរិច្ចាគ ២៥,​០០០៛ ក្នុងមួយគ្រឿង តាមរយះការលក់ម៉ូតូហុងដា គ្រប់សាខាតំណាងចែកចាយរបស់ក្រុមហ៊ុន អ៊ិន ស៊ី អិច ២៥ ខេត្តក្រុង ទូទាំងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល២៥ថ្ងៃ ដើម្បីផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីកុមារកម្ពុជា (Together, 25,000 Riel/Unite for Cambodian Children)។

លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនហើយបានបន្តដំណើរជាមួយខ្លួនអស់រយះពេល២៥ឆ្នាំនេះមុខ ដែលចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺដើម្បីនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យេបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។ លោកបន្តទៀតថា ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែអបអរសាទរនូវសមទ្ធផលកន្លងមកប៉ុណ្ណោះទេ យើងបាននឹងកំពុងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅមុខ។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីជាការអរអបសាទរគម្រប់ខួប២៥ឆ្នាំនេះ ក្រុមហ៊ុន អិន ស៊ី អិច​ ក៏បាន បើកសម្ពោធនូវម៉តូហុងដាឌ្រីមរចនាពិសេសដែលមានចំនួនត្រឹមតែ ៨៨ គ្រឿងប៉ុណ្ណោះ​ ដោយមានការរំលេចទៅដោយការបង្ហាញពីប្រាសាទអង្គរវត្តនៅលើម៉ូតូឆ្លុះបញ្ចាំងពីមោទកភាពរបស់ប្រទេសកម្ពុជា រួមជាមួយនិងការរចនាលេខ ២៥ តំណាងអោយរយៈពេល២៥ ឆ្នាំដែលក្រុមហ៊ុន អិន ស៊ី អិច បានរួមដំណើរលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

ដូចនេះ ដើម្បីជាការអរគុណដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចែករង្វាន់ម៉ូតូហុងដាឌ្រីមរចនាពិសេសចំនួន២៥គ្រឿងដល់អតិថិជនដែលបានទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី​ អិច ចាប់ពី២៥ ខែកញ្ញា ២០២៤ ដល់ ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៥។ សូមបញ្ជាក់ដែរថា ម៉ូតូហុងឌ្រីមរចនាពិសេសនេះមិនមានដាក់លក់នៅលើទីផ្សារនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺ Honda Cambodia NCX និង តាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី