សន្សំកាក់ដាក់​កូនជ្រូក២ឆ្នាំ ទុកទិញកាដូ​ឲ្យភរិយា ចុងក្រោយ​បែរ​ខ្លាចអ្នកលក់

  • 2024-12-10 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ជា​ច្រើន​បាន​បញ្ចប់​ទំនាក់​ទំនង​ដោយ​ការ​លែង​លះ ឬ​សុំ​ចែក​ផ្លូវ ទោះ​បី​ជា​រស់​នៅ​ជាមួយ​​គ្នា​ច្រើន​ឆ្នាំ និង​​មាន​កូន​ចៅ​ហើយ​ក៏​ដោយ។

ប៉ុន្តែ​គូស្នេហ៍​ជា​ច្រើន បាន​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់​បែប​​យ៉ាង​តាម​លទ្ធភាព​ ដើម្បី​រក្សា​ក្ដី​ស្រលាញ់ និង​បង្កើន​​ភាព​ផ្អែម​​ល្ហែម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ចំណែក ប្ដី​ប្រពន្ធ​ជនជាតិ​តៃវ៉ាន់​ មួយ​គូ​នេះ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ដោយ​ស្វាមី​ខំ​សន្សំ​ប្រាក់​បន្តិច​ម្ដង​ៗ​សម្រាប់​​ទិញ​កាដូ​ពញ្ញាក់​អារម្មណ៍​ភរិយា។

ប្ដី​ខាង​លើ​ មាន​ឈ្មោះ Wang Yongyou ​តែងតែ​ចង់​ទិញ​​កាដូ​ពិសេស​ឲ្យ​ភរិយា ​​តែ​គាត់​ខ្វះខាត​ច្រើន ប៉ុន្តែ​វា​មិន​អាច​បញ្ឈប់​ការ​ចង់​បាន​របស់​គាត់​ឡើយ។ ដើម្បី​បង្ហាញ​ពី​ភាព​តស៊ូ និង​ការ​លះបង់​​ចំពោះ​ភរិយា គាត់​សម្រេច​ចិត្ត​សន្សំ​កាក់​ម្ដង​បន្តិច​ៗ​ដាក់​កូន​ជ្រូក​ជ័រ​រហូត​​រយៈពេល​ ២​ឆ្នាំ។

​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ កូន​ជ្រូក​​ចំនួន​ពីរ​របស់​គាត់​បាន​សន្សំ​កាក់​​​ពេញ ហើយ​គាត់​បាន​យក​កូន​ជ្រូក​ទាំង​នោះ​ដើរ​សំដៅ​ទៅ​ហាង​លក់​គ្រឿង​អលង្ការ​ជាមួយ​ភរិយា​សំណព្វ។

លោក​និយាយ​ថា ​"​ខ្ញុំ​តែង​តែ​ចង់​ទិញ​កាដូ​ខួប​កំណើត​ដ៏​ល្អ​មួយ​ឲ្យ​ភរិយា ដូច្នេះ​ខ្ញុំ​​ត្រូវ​រក​កូន​ជ្រូក​មក​សន្សំ។ ខ្ញុំ​ដាក់​កាក់​​សន្សំ​រាល់​ថ្ងៃ និង​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​ ចុង​ក្រោយ​សន្សំ​បាន​សម​ល្មម​ហើយ​"។

ដោយ​ខ្លាច​ក្រែង​អ្នក​លក់​មិន​យក​កាក់ លោក​បាន​ទូរសព្ទ​ទៅ​អ្នក​លក់​គ្រឿង​អលង្ការ​ជា​មុន ហើយ​ពួក​គេ​​ក៏​យល់​ព្រម​ទទួល។ ​ការ​សម្រេច​ទិញ​ពេល​នេះ ព្រោះ​វា​ថ្ងៃ​ខួប​កំណើត​របស់​ភរិយា។ ​បន្ទាប់​ពី​អ្នក​លក់​​៤នាក់ រាប់​អស់​ជា​ច្រើន​នាទី​មក ​ទើប​រក​ឃើញ​ថា ​កាក់​ទាំង​នោះ​មាន​តម្លៃ​ប្រមាណ ១ ៣០០​ដុល្លារ​អាមេរិក។ ចុង​ក្រោយ​ លោក​សម្រេច​ទិញ​ខ្សែ​ក​មាស​មួយ​ខ្សែ​ឲ្យ​ភរិយា​តែម្ដង៕

Daro Ly

អត្ថបទថ្មី