អគ្គមេបញ្ជាការ ការពារជាតិម៉ាឡេស៊ី ថា កិច្ចចរចារវាងថៃ និង កម្ពុជា កំពុងដំណើរការលើផ្លូវវិជ្ជមាន

  • 2025-08-05 06:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ និង កម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបញ្ចប់ជម្លោះនៅក្នុងកិច្ចពិភាក្សាកម្រិតលេខាធិការដ្ឋាន។ នេះបើតាមសម្តីរបស់អគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី លោកឧត្តមសេនីយ៍ ម៉ូហ៍ នីហ្សាម ចាហ្វារ។

កិច្ចចរចាដែលបានគ្រោងធ្វើចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា មុនកិច្ចប្រជុំព្រំដែនទូទៅ (GBC) វិសាមញ្ញនៅថ្ងៃទី៧ ខែសីហា ក៏នឹងគ្របដណ្តប់លើលក្ខខណ្ឌយោងសម្រាប់ការបង្កើតក្រុមត្រួតពិនិត្យអនុសេនាធិការការពារជាតិអាស៊ានផងដែរ។ លោក ម៉ូហ៍ នីហ្សាម បាននិយាយថា៖ ពួកគេ (ថៃ និងកម្ពុជា) កំពុងពិភាក្សាអំពីលក្ខខណ្ឌជាមុនសម្រាប់ការដាក់ពង្រាយក្រុមនេះ។ ប្រសិនបើអ្វីៗដំណើរការល្អ យើងរំពឹងថានឹងមានដំណោះស្រាយជាវិជ្ជមាននៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានបន្ថែមថា ម៉ាឡេស៊ីគ្រាន់តែជាអ្នកសម្របសម្រួលមុនកិច្ចប្រជុំវិសាមញ្ញនេះប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ទាហានថៃបានចូលទៅក្នុងទឹកដីកម្ពុជា ដោយបានដាក់លួសបន្លាទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកងកម្លាំងប្រដាប់អាវុធកម្ពុជាក៏ដោយ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ត្រី ម៉ាលី សុជាតា បាននិយាយថា ទង្វើនេះជាការរំលោភបំពានយ៉ាងច្បាស់លើបទឈប់បាញ់ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងតំបន់ទាំងមូល។

កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយសម្រេចបទឈប់បាញ់នេះ និងចង់ឃើញវាត្រូវបានអនុវត្តន៍ពេញលេញនិងប្រកបដោយប្រសិទ្ធភាព ដើម្បីទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា៕

អត្ថបទ ៖ ហម ឆរ៉ា

អត្ថបទថ្មី