សេន ប៊ុនថេន ​ជា​កីឡាករ​ខ្មែរ ​កាន់​ឯកត្តកម្ម​តម្លៃ​ខ្លួន​ខ្ពស់​៦​ពាន់​ដុល្លារ

  • 2018-01-16 02:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​កីឡាករប្រដាល់ខ្មែរល្បីៗរួមជំនាន់ និងស្រករក្រោយ​ សេន ប៊ុនថេន​ អាច​ចាត់​ទុក​ជា​កីឡាករ​កាន់​កាប់​ឯកត្តកម្ម​ មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

ប្រភព​កៀកកិត​នឹង​សេន ប៊ុនថេន ​បាន​បង្ហើប​ថា ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​កីឡាករ​ល្អ​ក្បាច់​ទាត់​ផ្កាប់​ចាន​រូប​នេះ ​បង្កើត​បាន​កំណត់​ត្រា​តម្លៃ​ខ្លួន​លើស​អ្នក​រួម​អាជីព ​គឺ​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ ​២០១៤ ​ត​ទល់​ Super Star ​របស់​ Thai Fight ​សញ្ជាតិ​បារាំង​កីឡាករ​មុខ​ស្រស់​ Antoine Pinto ។ ​ប្រភព​បន្ថែម​ថា​ ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នោះ​ សេន ប៊ុនថេន ​ទទួល​បាន​តម្លៃ​ខ្លួន​ ប្រមាណ​៦​ពាន់​ដុល្លារ​អាមេរិក ខណៈ​ដែល​កីឡាករ​ខ្មែរ​ល្បី​ៗ​ផ្សេង​ទៀត ​ដែល​ធ្លាប់​វ៉ៃ​ក្នុង​កម្មវិធី​នេះ ​មាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ជាង​១​ពាន់​ ទៅ​ជាង​២ពាន់​ដុល្លារ​ប៉ុណ្ណោះ។

ការ​បាន​តម្លៃខ្លួនខ្ពស់ ដល់ទៅ ៦ពាន់​ដុល្លារនៅ​ពេល​នោះ ដោយ​សារ​តែនោះ​ជា​ការ​ប្រកួត​ពិសេស​ របស់ ​Thai Fight។ ប្រភព​ថា នោះ​ជា​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ពិភពលោក ទម្ងន់​៧០​គីឡូក្រាម​ ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ពេញ​និយម​របស់​ថៃ​នេះ ដែល​មាន​ឈ្មោះ​ថា Thai Fight Asia-Europe 2014។ ប្រសិន​បើ​ពេល​នោះ សេន ប៊ុនថេន ឈ្នះ Pinto នោះ សេន ប៊ុនថេន ​នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់​ ដោយ​មាន​ប្រាក់​រង្វាន់​ក្នុង​ដៃ​ប្រមាណ​៣ម៉ឺនដុល្លារ ជា​ស្វ័យប្រវត្តិ។

ក្នុង​ចំណោមការប្រកួត​៣លើក​របស់​ខ្លួន ​នៅ Thai Fight​ នោះ​ជា​ការប្រកួត​ដែល​បាន​តម្លៃ​ពលកម្ម​ច្រើន​បំផុត​របស់ សេន ប៊ុនថេន។ ប៉ុន្តែ​ជើង​ខ្លាំង​មក​ពី​កំពង់ចាម ដែល​ដក​ខ្លួន​ពី​ជីវិត​លើ​រេញ​រូបនេះ ក៏​កម្រ​នឹង​បង្ហើបព័ត៌មាននេះ ឲ្យបែកធ្លាយណាស់ ដោយបារម្ភមានការយល់ច្រលំ ដ្បិត​ធ្លាប់​ទទួល​តម្លៃខ្លួន​ខ្ពស់​ដាច់​មិត្តរួមអាជីព តែ​ក្នុង​មួយ​ប្រកួត​នោះ​ប៉ុណ្ណោះ។

គួររំលឹកថា ការប៉ះគ្នានៅ ខែវិច្ឆិកា ២០១៤នោះ អាចចាត់ទុកជាការសងសឹក នឹង Antoine Pinto។ ប៉ុន្តែ​ជា​លទ្ធផល ស៊េន ប៊ុនថេន​ បាន​បន្ត​ចាញ់​ជើង​ខ្លាំង​បារាំង ​ដោយ​ពិន្ទុ​ បើ​ទោះ​ជាមុន​ប៉ះ​គ្នា​ជា​ថ្មី​១​ខែ ​សេន ប៊ុនថេន ​ទើប​តែ​បង្ហាញ​សាច់ដុំ ដោយ​ការ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ជប៉ុន Takeru Shinmizu។

អត្ថបទ៖ ណាក្វាន់