អ្នកគាំទ្រ PSG មិនពេញចិត្ត នឹងការស៊ុតចូលគ្រាប់ទី ៤ របស់ Neymar ក្នុងប្រកួតយប់មិញ
- 2018-01-18 12:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ PSG មិនពេញចិត្ត នឹងការស៊ុតចូលគ្រាប់ទី ៤ របស់ Neymar ក្នុងប្រកួតយប់មិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar បានបង្ហាញទម្រង់លេងយ៉ាងញាក់សាច់ក្នុងការប្រកួត PSG ជាមួយ Dijon កាលពីយប់មិញ ដោយបានស៊ុតចូលដល់ទៅ ៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់។ ទោះជាយ៉ាងណា អ្នកគាំទ្រក្លឹបយក្សបារាំងមួយនេះ បានបញ្ចេញសម្រែកមិនពេញចិត្តយ៉ាងខ្លាំងទៅលើ Neymar បន្ទាប់ពី ខ្សែប្រយុទ្ធប្រេស៊ីល មិនឲ្យខ្សែប្រយុទ្ធ Edinson Cavani ធ្វើការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។
PSG fans booing Neymar for not allowing Edinson Cavani to take a penalty that would make him the club’s all-time leading scorer. pic.twitter.com/UxyQhMOsbk
— Sam (@VintageKIopp) January 17, 2018
នាទី ៨១ កីឡាករក្លឹប Dijon បានរុញខ្សែប្រយុទ្ធ Cavani ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ពិន័យ ១១ម៉ែត្រ ទៅក្លឹប PSG។ ខណៈនោះ អ្នកគាំទ្របានស្រែកឈ្មោះ Cavani ជាច្រើនលើកច្រើនសា ក្នុងន័យចង់ឲ្យខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះជាអ្នកស៊ុតគ្រាប់នេះវិញ ពីព្រោះបើស៊ុតចូល Cavani នឹងបំបែកកំណត់ត្រា Zlatan Ibrahimovic ជាកីឡាករដែលស៊ុតច្រើនជាងគេឲ្យក្លឹប PSG។
ទោះជាយ៉ាងណា Neymar បានធ្វើមិនឮអំពីសម្រែកអ្នកគាំទ្រ និងបានទៅដើរយកបាល់ស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខ្លួនឯង ដែលទង្វើនេះ ធ្វើឲ្យអ្នកគាំទ្រ PSG ជាច្រើនបន្លឺសំឡេងមិនពេញចិត្តយ៉ាងខ្លាំង។ ខ្សែប្រយុទ្ធប្រេស៊ីល ក៏ធ្វើបានសម្រេចដោយរកគ្រាប់បាល់ទី ៤របស់ខ្លួនក្នុងការប្រកួតតាមរយៈការស៊ុតចូលនៅបាល់ពិន័យនេះ។
សូមបញ្ជាក់ផងដែរថា PSG បានឈ្នះ Dijon ក្នុងលទ្ធផល ៨ទល់នឹង ០ កាលពីយប់មិញ ក្នុងនោះ Carvani ក៏រកបានមួយគ្រាប់ដែរ ក្នុងនាទី ២១។ មួយគ្រាប់នេះ បានធ្វើឲ្យខ្សែប្រយុទ្ធអ៊ុយរុយហ្គាយតាមស្មើកំណត់ត្រា Zlatan Ibrahimovic (១៥៦គ្រាប់) ក្នុងការស៊ុតច្រើនជាងគេឲ្យ PSG។ នេះមានន័យថា បើសិនជា Neymar ឲ្យ Cavani ស៊ុតបាល់ពិន័យ កីឡាករអាហ្សង់ទីនរូបនេះ អាចមានឱកាសបំបែកកំណត់ត្រា Zlatan យប់មិញ។
គួររំលឹកផងដែរថា Neymar និង Cavani ធ្លាប់ឈ្លោះគ្នាម្ដងហើយកាលពីដើមរដូវកាលនេះ រឿងដណ្ដើមគ្នាស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដោយ Cavani ជាអ្នកទទួលភារៈនេះ ពេល Neymar មិនទាន់ចូលរួមជាមួយ PSG។ ទោះជាយ៉ាងណា ក្រោយមក ក្លឹបបានសម្រេចថា Neymar ជាអ្នកទាត់បាល់ពិន័យ៕