ប្រយ័ត្ន! ហូបគ្រឿងសមុទ្រឆៅ ចុងក្រោយហើម និងកើតពងបែកពេញដៃ គួរឲ្យរន្ធត់

  • 2018-08-29 07:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ មាន​អាយុ​៧១ឆ្នាំ បាន​បាត់​បង់​ដៃ​ឆ្វេង​របស់​ខ្លួន បន្ទាប់​ពី​ហូប​គ្រឿង​សមុទ្រ​ឆៅ ហើយ​ឆ្លង​មេរោគ​ដែល​គំរាមកំហែង​ដល់​ជីវិត។

យោង​តាម​របាយការណ៍​វេជ្ជសាស្ត្រ ដែល​ចេញ​ផ្សាយ​ក្នុង​កាសែត New England Journal of Medicine បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ខាងលើ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ដៃ​ឆ្វេង​របស់​ខ្លួន​ចាប់ផ្ដើម​ហើម បន្ទាប់​ពី​ហូប​គ្រឿង​សមុទ្រ​ឆៅ ត្រឹមតែ​១២ម៉ោង​ប៉ុណ្ណោះ។

បន្ទាប់មក បុរស​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​រូប​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង Jeonju ហើយ​គ្រូពេទ្យ​បាន​រក​ឃើញ​ថា គេ​បាន​ឆ្លង​មេរោគ​ម្យ៉ាង​ហៅ​ថា Vibrio vulnificus។ បុរស​នេះ​បាន​កើត​ពង​បែក​មាន​ឈាម​ដ៏​ធំ​នៅ​លើ​បាត​ដៃ​ខាងឆ្វេង ព្រម​ទាំង ហើម​ខ្នង​ដៃ និង​កំភួន​ដៃ​ទៀត​ផង។

មិន​បង្អង់​យូរ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ការ​វះកាត់​ដើម្បី​បង្ហូរ​ពង​បែក​នោះ​តែម្ដង។ ក្រោយ​ពេល​វះកាត់ អ្នក​ជំងឺ​បាន​ទទួល​ថ្នាំ​អង់ទីប៊ីយ៉ូទីក ប៉ុន្តែ​ស្បែក​របស់​អ្នក​ជំងឺ​បាន​វិវត្ត​ទៅ​ជា​ដំបៅ​រលួយ ក្នុង​រយៈពេល​២៥ថ្ងៃ។ ចុងក្រោយ កំភួន​ដៃ​ឆ្វេង​របស់​គេ​ក៏​ត្រូវ​បាន​កាត់​ចោល​តែម្ដង។

របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ នៅ​ក្នុង​កាសែត The Korean Journal of Internal Medicine បាន​និយាយ​ថា ការ​ឆ្លង​មេរោគ Vibrio vulnificus ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា កូរ៉េខាងត្បូង និង​តៃវ៉ាន់ ហើយ​វា​កើត​មាន​ច្រើន​បំផុត នៅ​ចន្លោះ​ខែ​មិថុនា និង​កញ្ញា​ជា​រៀងរាល់​ឆ្នាំ។ ជារឿយៗ អ្នក​ជំងឺ​កើត​អាការៈ​ដែល​គេ​ស្គាល់​ថា​ជា​ការ ពុល​ឈាម នេះ ដោយ​សារ​ការ​ហូប​អាហារ​ឆៅ ឬ​អាហារ​សមុទ្រ​មិន​ស្អាត ហើយ​មុខ​របួស​ប៉ះពាល់​ដល់​ទឹក​ប្រៃ​ដែល​មាន​ជាតិ​កខ្វក់​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី