មានមិត្ត ៦ប្រភេទនេះដូចមានថ្នាំទិព្វក្នុងដៃ រាប់អានចុះមិនខុសបំណងមួយជីវិត
- 2018-08-30 04:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានមិត្ត ៦ប្រភេទនេះដូចមានថ្នាំទិព្វក្នុងដៃ រាប់អានចុះមិនខុសបំណងមួយជីវិត
ចន្លោះមិនឃើញ
ការរាប់អានមនុស្សម្នាក់ៗធ្វើជាមិត្តឲ្យមានតម្លៃ គួរសង្កេតអាកប្បកិរិយា និងចិត្តគំនិតរបស់គេឲ្យបានល្អិតល្អន់។ ដូចពាក្យចាស់ពោលថា សេពគប់ពាល នាំទៅរកផ្លូវពាល! សេពគប់បណ្ឌិត នាំទៅរកផ្លូវក្លាយជាបណ្ឌិត! សេពគប់សេដ្ឋី នាំទៅរកផ្លូវក្លាយជាសេដ្ឋី! ចុះធ្វើបែបណា ទើបរកមិត្តដែលគួររាប់អាន មិនខកបំណងមួយជីវិត។ Sabay បានដកស្រង់ពីយុវជនមួយចំនួន គួរមកស្គាល់មិត្ត ៦ប្រភេទ ត្រូវតែមានតារាងមិត្តរបស់អ្នក៖
១. មិត្តលុយ
មិត្តលុយ មិនមែនសំដៅលើមិត្តមុខលុយនោះទេ តែជាមិត្តដែលតែងតែងមានគំនិតហិរញ្ញវត្ថុ តួយ៉ាង បង្កើតលុយ ទុកដាក់ សន្សំ មិនចេះចាយវាយផ្ដេសផ្ដាស។ កាលណារាប់អាន និងរៀនពីជំពូកមនុស្សប្រភេទនេះ ទោះអ្នកជាមនុស្សចាយធំ ក៏អាចត្រូវប្ដូរទម្លាប់ថ្មី ចេះចាយលុយត្រូវក្បួន និងមិនបារម្ភរឿងហានិភ័យដាច់លុយឡើយ។
២. មិត្តប្រឹក្សា
គ្មានអ្នកណាអាចមានគំនិតល្អគ្រប់ដប់ទេ ប្រសិនគ្មានអ្នកជួយណែនាំ។ មិត្តដែលឃើញអ្នកធ្វើទង្វើមិនល្អ ឬខុសឆ្គង តែងប្រាប់ឲ្យអ្នកកែតម្រូវវិញ ជាមិត្តណែនាំពិសេសម្នាក់ មិនត្រូវមើលរំលងឡើយ។ ប៉ុន្តែពេលខ្លះ មិត្តណែនាំឲ្យដើរផ្លូវល្អ តែអ្នកខ្លះក៏រុញយើងឲ្យធ្លាក់ទឹកដែរ ហេតុនេះគួរប្រុងប្រយ័ត្ន និងសង្កេតមើលទង្វើគេឲ្យច្រើនជាងស្ដាប់។ ឯមិត្តប្រឹក្សាជាអ្នកណែនាំ ចែករំលែក ផ្ដល់ដំបូន្មាន អ្នកស្ដាប់ដ៏ល្អម្នាក់ ថែមទាំងជាអ្នកជួយត្រួសត្រាយផ្លូវ។ យ៉ាងណា មិត្តប្រឹក្សាអាចជាមនុស្សវ័យចាស់ជាងអ្នក ឬជាមនុស្សភេទផ្ទុយគ្នាក៏ថាបាន។ បើទោះអ្នកត្រូវចេញលុយញ៉ាំកាហ្វេក៏ដោយ តែគួរឧស្សាហ៍ជួបមិត្តនេះឲ្យច្រើន ហើយក៏មិនមែនជួបតែរឿងរកស៊ី ឬធ្វើជំនួញដែរ សម្រាប់ប្អូនៗនិស្សិតក៏ត្រូវការមិត្តជំពូកនេះ ដើម្បីជជែកពីរឿងសិក្សា អាហារូបករណ៍ជាដើម។
៣. មិត្តពូកែច្នៃ
ជាប្រភេទមិត្តពូកែរុករកគំនិតច្នៃប្រឌិតថ្មីៗមិនចេះហត់នឿយ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាភ្លាមៗ។ បើបានជំពូកមនុស្សនេះជាមិត្ត គួរថែរក្សាឲ្យបានល្អ ព្រោះថ្ងៃអនាគតថាមិនបាន គេអាចក្លាយដៃគូរកស៊ីដ៏ឆ្នើមជាមួយអ្នក។
៤. មិត្តដឹកនាំ
មិត្តដឹកនាំ អាចជាថ្នាក់ដឹកនាំអ្នក ឬអាចជាមនុស្សសាមញ្ញនៅជុំវិញខ្លួនយើងដូចជា ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ សិស្សច្បង មិត្តភក្តិជាដើម។ ហៅពួកគេខាងលើថា មិត្ត គ្រាន់ជាតំណាង តែអ្នកអាចចាត់គាត់បុគ្គលគំរូម្នាក់ ដោយចំណុចខ្លាំង និងខ្សោយរបស់ពូកគេ មិនត្រិះរិះ និងអនុវត្ត ជម្រុញឲ្យអ្នកក្លាយជាមនុស្សមានភាពជឿជាក់ក្នុងភាពជាអ្នកដឹកនាំ និងធ្វើការដោយជោគជ័យ។
៥. មិត្តល្អ
មិត្តដែលតែងតែជួយអ្នកគ្រប់ពេលត្រូវការ ដោយគ្មានលក្ខខណ្ឌ។ ជាមនុស្សដែលមិនចេះយករឿងអ្នកទៅប្រាប់អ្នកដទៃ ជាមិត្តដែលឈ្លោះជាមួយអ្នកញឹកញាប់ តែមិនចេះរត់ចោលគ្នាពេលអាសន្ន។ មិត្តប្រភេទនេះកម្រលេចមុខណាស់ តែបានជួបហើយគួររក្សាមិត្តម្នាក់នោះឲ្យល្អគ្រាន់ជាគ្នាជជែក ស្ដាប់រឿងស្មុគស្មាញ ដល់ចាស់កោងខ្នងរៀងៗខ្លួន។
៦. មិត្តសត្រូវ
ចុងក្រោយគឺមិត្តដែលខ្វះមិនបាន គឺមិត្តសត្រូវ។ ជឿជាក់ថា អ្នកប្រាកដជាជួបមនុស្សដែលតែងតែតាមដានអ្នក ឈ្នានីសដៀមដាម និងប្រកួតប្រជែងជាមួយអ្នកដល់ស៊ីហុចឈាម។ ប៉ុន្តែអ្នកដឹងទេ មនុស្សជំពូកនេះ ជាកញ្ចក់ថ្លាឈ្វេងឆ្លុះបញ្ចាំងពីចំណុចខ្វះខាតអ្នក។ ដូច្នេះ គួរកុំគិតផ្លូវអវិជ្ជមានជាមួយពួកគេច្រើន តែគួរយកវាជាកម្លាំងចិត្ត រៀនសូត្រ និងអភិវឌ្ឍខ្លួនរាល់ថ្ងៃតាមដែរអាចធ្វើបាន។