​ចូល​កាន់​តំណែង​ប្រធាន Tennis ភ្លាម​ឧកញ៉ា​​​ សៀ ឬទ្ធី​ សន្យា​ផ្ដល់​១​ឆ្នាំ​១រយ​លាន​រៀល​

  • 2018-11-27 07:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា Tennis ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​គណៈកម្មាធិការ​​ប្រតិបត្តិ​អាណត្តិ​ទី​៦ (២០១៨-២០២២) កាល​ពី​ព្រឹក​មិញ​​នេះ​​នៅ​ Cambodia Country Club ។

ឧកញ៉ា សៀ ឬទ្ធី

ក្នុង​ការ​បោះ​ឆ្នោត​នោះ​លោក ឧកញ៉ា សៀ ឬទ្ធី បាន​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ថ្មី​ជំនួស​តំណែង​លោក​​កិត្តិ​សេដ្ឋា​បណ្ឌិត​​ទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ ។ ក្រោយ​ពេល​​បាន​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ថ្មី​ភ្លាម​លោក​​ឧកញ៉ា​ខាង​លើ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ១រយ​លាន​រៀល​ជា​រៀង​រាល់​ឆ្នាំ​ ដល់​សហព័ន្ធ​ ដើម្បី​ប្រើប្រាស់​ផ្សេង។

​លោក​បន្ថែម​ថា សហព័ន្ធ​មួយ​នេះ​ នឹង​បន្ត​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំង។ ពិសេស​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ការ​ជា​ក្រុម​ ដើម្បី​​ឲ្យ​ការងារ​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​អាច​ជួយ​គ្នា​​ប្រឹក្សា​យោបល់​នៅ​ពេល​ជួប​បញ្ហា​ណា​មួយ។ ក្រោយ​ពេល​លោក​បាន​ក្លាយ​ជា​ប្រធាន​ថ្មី​លោក​ក៏​បាន​ស្នើ​ឲ្យ​លោក ចម ប្រសិទ្ធ​ ស្ថិត​នៅ​ជា​​​ប្រធាន​កិត្តិយស​ ដើម្បី​ជួយ​ណែនាំ​លោក​ ​ក្នុង​ការ​ដឹក​នាំ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ឲ្យ​រីក​ចម្រើន។

លោក ចម​ ប្រសិទ្ធ

​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នេះ​​ជ្រើស​រើស​បាន​សមាជិក​រួម​មាន​៖ លោក​ឧកញ៉ា សៀ ឬទ្ធី ប្រធាន លោក​​ជំទាវ​ ស៊ុំ សុខា ​អនុប្រធាន​លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ​ លោក ​ជា ពៅ អគ្គលេខាធិការ​រង​ ​កញ្ញា ឯក ប៊ុន​លក្ខិណា អគ្គហេរញ្ញិក និង​លោក ឈៀង សុវណ្ណ អគ្គហេរញ្ញិក​រង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​