ភាគីកម្ពុជាជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យបួននៅកម្ពុជា
- 2018-11-28 06:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគីកម្ពុជាជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យបួននៅកម្ពុជា
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យបួននៅកម្ពុជាដោយថាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបទ្វេភាគីជាមួយលោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងឌុយបៃ កាលពីម្សិលមិញ។ ក្នុងជំនួននោះឯកឧត្តម បានប្រាប់ទៅកាន់លោកជំទាវ រីម អាល់ ហាស្ហីមី ពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា គោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដែលរដ្ឋាភិបាលផ្តល់ជូនអ្នកវិនិយោគបរទេសកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងនាថ្ងៃនេះ។
បើតាមប្រភពដដែលឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗចំនួនបួនគឺកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រភពដដែលសរសេរថា៖ «ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញសហភាពអារ៉ាប់រួម ធ្វើការវិនិយោគនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»។
ជាការឆ្លើយតបលោកជំទាវ រីម អាល់ ហាស្ហីមី បានសន្យាជួយជំរុញវិស័យឯកជនប្រទេសសហភាពអារ៉ាប់រួម ចូលមកសិក្សាអំពីលទ្ធភាពវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមពិព័រណ៍ដែលគ្រោងនឹងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៅចុងឆ្នាំ២០១៩ផងដែរ៕