ស សី ​​ផ្ញើ​សារលើកទឹកចិត្តដល់កីឡាករគុនចម្រុះវ័យក្មេងនៅកម្ពុជា

  • 2019-04-23 04:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ បាន​​​​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ឲ្យ​​​កីឡាករ​​​គុន​​ចម្រុះ​ (MMA) ​នៅ​កម្ពុជា​ ​​ខិត​ខំ​ហ្វឹកហាត់​​ព្រោះ​ថា​ បច្ចុប្បន្ន​​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​​ពេល​ចេញ​ទៅ​ប្រកួត​លើ​ឆាក​​​​អន្តរជាតិ។ ​ការ​ផ្ញើ​សារ​​​ដ៏​មាន​​សារសំខាន់​នេះ​ ​​​ដោយ​សារ​​បុរស​វ័យ​ ​៣៧ ​​ឆ្នាំ​ខាង​លើ​ហាក់​​ចាក​ឆ្ងាយ​ពី​សង្វៀន​​ព្រោះ​​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ និង​ ​​​​គ្រួ​សារ​ផ្ទាល់​​ប្រាប់​ថា​ឈប់​វ៉ៃ​ទៅ​​កុំ​ឲ្យ​ខ្មាស​ក្មេងៗ។

កីឡាករ ស សី នៅ​ពី​លើ​

​យ៉ាង​ណា​ក្ដី​ ​កូន​សិស្ស​​​របស់​លោក​ ​អេ ភូថង​ ​ផ្ដល់​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​​បែប​នេះ៖«​សូម​ប្អូន​ ​ហ្វឹកហាត់​ MMA ​កុំ​អស់​សង្ឃឹម​ ទោះ​មិន​ទាន់​មាន​សង្វៀន​ប្រកួត​ញឹកញាប់​ តែ​​​មិន​យូរ​​ទេ​ នៅ​ក្នុង​ស្រុក​ច្បាស់​ជា​មាន​ការ​រៀប​ចំ​ឡើង​វិញ។ ​យើង​ហ្វឹកហាត់​​ឲ្យ​ខ្លាំង​ គ្រូ​បង្វឹក​នឹង​ចាប់​គូ​ឲ្យ​វ៉ៃ​​មិន​ខាន។ ​ទោះ​សង្វៀន​ ONE Championship ​យើង​មិន​បាន​​ឡើង​​វ៉ៃ​រាល់​សប្ដាហ៍​ ឬ ១ ខែ​ម្ដង​ ប៉ុន្តែ​​បើ​ឡើង​វ៉ៃ​ម្ដងៗ​ ​ក៏​បាន​តម្លៃ​ខ្លួន​គួរ​សម​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន។ ​ពេល​យើង​ខ្លាំង​មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ​ ​ហើយ​​​​អ្នក​ហាត់​គុន​ខ្មែរ​​ក៏​​​​ប្រឹង​ដូច​គ្នា​ ព្រោះ​សង្វៀន​ ONE ឥឡូវ​គេ​មាន​​ការ​ប្រកួត Kickboxing​ ​បញ្ចូល​ក្នុង​នោះ។ ដូច្នេះ​អ្នក​ខ្លាំង ដូច​ ឡៅ ចិត្រា ឬ គង់ សំបូរ​ ​ជា​ដើម​​ក៏​ទទួល​បាន​ការ​ចាប់​គូ​ដែរ​ថ្មីៗ​នេះ»។ ​​អតីត​កូន​សិស្ស​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ ​​បញ្ជាក់​ទៀត​ថា​ ជំនាន់​លោក​​​មាន​ឈ្មោះ​​បោះ​សំឡេង​ក្នុង​វិស័យ​​គុន​ខ្មែរ​ ​ទទួល​បាន​​​តម្លៃ​ខ្លួន​ត្រឹម​ ៣០​ ម៉ឺន​ប៉ុណ្ណោះ​ពេល​វ៉ៃ​គូ​ឯក​​ ប៉ុន្តែ​ឥឡូវ​ ខុស​គ្នា​ឆ្ងាយ​ណាស់។​

ស សី វ៉ៃ​ក្នុង​សង្វៀន​ ONE

​ទោះ​ជា​បែប​ណា​​ កីឡាករ​ដែល​​ទទួល​ចំណាត់​ថ្នាក់​លេខ​​៤​​ក្នុង​កម្មវិធី​​ប្រដាល់​ខ្សែ​ក្រវាត់​នៅ​​សង្វៀន​ស៊ីធីអិន​​កាល​ ​១០​ ឆ្នាំ​មុន​​បាន​​​​រំលឹក​អំពី​ផល​លំបាក​ហ្វឹកហាត់​ គុន​ចម្រុះ​ថា​ ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ហាត់​គុន​ខ្មែរ​​ ដោយ​សារ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​​ប្រើ​ក្បាច់​គាប​ ឃ្លេ​បំបាក់​ ​ក្បាច់​ដោះ​ ​​​និង​បោក​ជា​ដើម​ ដែល​តម្រូវ​ឲ្យ​ប្រើ​​​ប្រាជ្ញា​ និង ស្មារតី​ខ្ពស់​​ក្នុង​ការ​ចង​ចាំ។​ ការ​វ៉ៃ​ MMA ​ត្រូវ​បើ​កម្លាំង​ជាង​ ប្រដាល់​សេរី​ទ្វេ​ដង​ ​ហើយ​បើ​​មិន​ចេះ​ក្បាច់​ដោះ​ គ្រាន់​តែ​ដៃ​គូ​ចាប់​បោក ឬ ​​ផ្ដួល​ខ្លួន​ពី​​លើ​ក៏​អស់​កម្លាំង​ស៊ុហ្វ​មិន​ស្ទើរ​ដែរ។​ ​បុរស​​ហាត់​​ប្រដាល់​តាំង​ពី​​នៅ​រៀន​​សាលា​បឋម​សិក្សា​​ជឿជាក់​ថា​ មិន​យូរ​ប៉ុន្មាន​ ​​​នៅ​កម្ពុជា​នឹង​មាន​កីឡាករ​គុន​ចម្រុះ​កាន់​តែ​ល្អ​ៗ​​ច្រើន​​បន្ទាប់​ពី​មាន​ក្លឹប​ MMA ​បើក​ជា​បន្តបន្ទាប់។​ លើស​ពី​នេះ​ ​​បើ​សិន​ជា​​ហាត់​បាន​ដិត​ដល់​ ​នោះ​​​ច្បាស់​ជា​​គ្រូ​បង្វឹក​​​ស្នើ​ទៅ​​សង្វៀន​នៅ​ក្រៅ​ប្រទេស​ឲ្យ​ឡើង​​ប្រកួត​ជាក់​ជា​មិន​ខាន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សោត​​ ​​កូន​សិស្ស​​របស់​លោក​ ឈិត សារឹម​​ ក៏​ទទូច​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ខំ​ប្រឹង​ហ្វឹកហាត់​ដូច​គ្នា​ ​ជា​ពិសេស​​សង្វៀន​ ONE Championship ​ដែល​ទទួល​​បាន​តម្លៃ​ខ្លួន​​ក្រាស់ក្រែល​​អាច​ជ្រោង​ជីវភាព​គ្រួសារ​​នោះ​តែង​តែ​ត្រូវ​​ការ​កីឡាករ​ទៅ​ប្រកួត​​ជា​ប្រចាំ​​ក្នុង​ប្រភេទ​ Kickboxing (វ៉ៃ​សេរី​តែ​បិទ​កែង) ​​ស្រប​ពេល ​​សង្វៀន​ក្នុង​ស្រុក​​​ក៏​កើន​តម្លៃ​ខ្លួន​ច្រើន​គួរ​សម​ដែរ។​

ស្ថិត​ក្នុង​វ័យ​​៣៧ឆ្នាំ​ ​ស សី ​​ជា​អ្នក​លេង​គុន​ខ្មែរ​ដោយ​ចូល​ហ្វឹកហាត់​ជា​មួយ​គ្រូ​ ណុល នៅ​ស្រុក​មុខ​កំពូល​តាំង​ពី​​រៀន​ថ្នាក់​ទី​ ៥ ​មក​ម្ល៉េះ​ មុន​ បន្ត​ហ្វឹកហាត់​ជា​មួយ​គ្រូ សឹង សារិទ្ធ នៅ​ក្លឹប​​ទ័ព​ជើង​ទឹក,​ គ្រូ​ ​អេ ភូថង នៅ​ក្លឹប​អេភូថង​ និង​គ្រូ​ ឈិត សារឹម នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ។​​ ​​​​មុន​ប្រកួត​ក្បាច់​គុន​ចម្រុះ​នៅ​ឆ្នាំ​ ២០១៦​​ ស សី​ ​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ (MMA) ​នៅ​អំឡុង​ឆ្នាំ​ ២០១៥ ជា​មួយ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ និង គ្រូ​បរទេស​ម្នាក់​ទៀត។ ​បុរស​​​កើត​នៅ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​រូប​នេះ​​ឡើង​​ប្រកួត​លើ​សង្វៀន​​ក្បាច់​គុន​ចម្រុះ​បាន​ចំនួន​ ៨ ​ដង​ដែល​ក្នុង​នោះ​ ឈ្នះ​ ៤ ​ដង និង ចាញ់ ​ចំនួន​ ៣ ដង​ គិត​ចាប់​​តាំង​​ឆ្នាំ​ ២០១៦​ មក។ ​​​ស សី ​ប្រកួត​​ចុង​ក្រោយ​ចាញ់​កីឡាករ​ចិន​ Xie Bin នៅ​សង្វៀន​ ONE: REIGN OF KINGS កាល​ខែ កក្កដា​ឆ្នាំ​ ២០១៨​ ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន៕ ​  

អត្ថបទ៖ ស៊ីធី