ដឹងច្បាស់ពីប្រភព​កាកសំណល់ប្លាស្ទិក​ជាង​៨០​កុងទឺន័រ​នៅ​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​

  • 2019-07-17 09:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មន្ត្រីនាំពាក្យ​ក្រ​សួង​បរិស្ថាន​ឲ្យ​ដឹងថា​សំរាម​ដែល​រក​ឃើញ​ជាង​៨០​កុងទឺន័រ​​កាលពី​ម្សិល​មិញ​នៅ​កំពង់​ផែក្រុងព្រះសីហនុ​គឺមាន​ប្រ​ភពពី​ប្រ​ទេស​កាណាដា និង​សហរដ្ឋអាម៉េរិក។​

(រូបភាព៖ក្រ​សួង​បរិស្ថាន)

អ្នក​នាំពាក្យ​ក្រ​សួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ផ្ដល់​ពត៌មាន​ដល់​ក្រុម​អ្នកពត៌មាន​តាម​ប្រ​ព័ន្ទ​តេឡេក្រាម​នៅ​រសៀល​នេះថា​តាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង ៨៣ កុងទឺន័រដែលជា​ទំនិញ​ហាមឃាត់​ត្រូវបានសមត្ថកិច្ច​បង្ក្រាប​បាន​នៅកំពង់​ផែស្វយ័ត​ព្រះសីហនុ មានប្រភពមក​ពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ ១៦០០ តោន។

ប្រភព​ដដែល​បន្តថា​៖ «ការលួចនាំចូល​ទំនិញហាមឃាត់សំណល់​ប្លាស្ទិកត្រូវបានគេក្លែង​ឈ្មោះ​ទំនិញ​ដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ...សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំ ចូលមកនោះ​តាមច្បាប់ជាធរមាន »។

ប្រ​ភព​ដដែល​បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេក វិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា»៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម